• 2019-12-09 02:02:44
  • ព័ត៌មាន

ផ្ទុះរឿង Unbox Therapy លួចចម្លងការឌីហ្សាញសម្បកទូរសព្ទរបស់ក្រុមហ៊ុនផ្សេង

  • 2019-12-09 02:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ដើម​ខែ​ធ្នូ គណនី YouTube ដ៏​ធំ​មួយ​ដែល​មាន​​បង្កើត​មាតិកា​ទាក់ទង​នឹង​បច្ចេកវិទ្យា​ ឈ្មោះ Unbox Therapy បាន​បញ្ចេញ​នូវ​សម្បក​​ទូរសព្ទ​​​ថ្មី​ដំបូង​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា​ Latercase។

ក្រោយ​ពី​ការ​បញ្ចេញ​សម្បក​ Latercase នេះ​ភ្លាម Unbox Therapy ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​លួច​​ចម្លង​ការ​ឌីហ្សាញ​របស់​ក្រុម PITAKA។ ការ​ចោទ​ប្រកាន់​នេះ​បាន​ផ្ទុះ​កក្រើក​ឡើង ដោយ​វីដេអូ​មួយ​ចំនួន​របស់ Unbox Therapy ត្រូវ​​ម្ចាស់ Channel លាក់​បាំង (ដាក់​ជា​ Private) ដែល​វីដេអូ​ទាំង​នេះ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​វីដេអូ​ Review លើ​សម្បក​ការពារ​របស់​ក្រុមហ៊ុន PITAKA។

សម្បក Latecase
PITAKA

លោក James Zheng ដែល​ជា​នាយក​ប្រតិបត្តិ​​ PITAKA ​និយាយ​ថា​លោក និង​ក្រុមហ៊ុន​ចង់​បាន​ការ​សុំទោស​ពី​ Unbox Therapy ចំពោះ​ករណី​មួយ​នេះ។

Jon Prosser ដែល​ជា​ពិធីករ​នៃ Front Page Tech បាន​ស្រាវ​ជ្រាវ​​មើល​លើ​ចំណុច​ខុស​ប្លែក​នៃ​សម្បក​ការពារ​ទាំង​ពីរ ហើយ​រក​ឃើញ​ថា​សម្បក​​ Latercase និង​សម្បក​ PITAKA គឺ​មាន​ភាព​ខុស​គ្នា​តិច តិច​ខ្លាំង​មែន​ទែន។

Prosser រក​ឃើញ​ទៀត​ថា​នៅ​ថ្ងៃ​ដែល Unbox Therapy បញ្ចេញ​​សម្បក Latercase វីដេអូ​ដែល​មាន​​អ្នក​ទស្សនា​ ៤,៥ លាន​ដង របស់​ Channel នេះ​ត្រូវ​បាន​លុប​ចេញ។ នេះ​បើ​ផ្អែក​តាម​តួ​លេខ​បាន​ពី SocialBlade។

នេះ​មាន​ន័យ​ថា​​​មុន​ការ​ចេញ ឬ​នៅ​ថ្ងៃ​ចេញ Latercase គណនី Unbox Therapy បាន​លុប​ ឬ​កំណត់​វីដេអូ​មួយ​ ឬ​លើស​ពីរ​មួយ​របស់​ខ្លួន ទៅ​ជា​ Private។ ការ​ស៊ើបអង្កេត​បន្ត​ទៀត​ពី Prosser បង្ហាញ​ថា​​វីដេអូ ១ ក្នុង​ចំណោម ២ ដែល​បាន​ដាក់​ជា Private គឺ​មាន​និយាយ​អំពី​សម្បក PITAKA។

វីដេអូ​ដែល​មាន​ចំណង​ជើង​ “What “They” say about PITAKA Phone Case” គឺ​មាន​បញ្ចូល​នូវ​​ប្លង់​ដែល​ Lew (ឈ្មោះ​ម្ចាស់​ Channel Unbox Therapy) កាន់​សម្បក​ PITAKA។ វីដេអូ​នេះ​គឺ​មាន​នៅ​លើ​ទំព័រ Facebook របស់ PITAKA។

យ៉ាងណាក្ដី​ក្រោយ​ផ្ទុះ​រឿង​ចម្រូង​ចម្រាស​នេះ Unbox Therapy បាន​ចាត់​វិធានការ​ Claim Copyright នៃ​វីដេអូ​ដែល​មាន​លើ​​​ Channel YouTube របស់​ PITAKA ហើយ​វីដេអូ​លើ Facebook របស់ PITAKA ក៏​លែង​មាន​ទៀត​ដែរ។

Lew បាន​ឆ្លើយ​តប​នឹង​រឿង​ចម្រូងចម្រាស​នេះ​លើ YouTube និង​លើ​ Twitter ដោយ​អះអាង​ថា​ខ្លួន​បាន​សហការ​ជា​មួយ​រោងចក្រ​ដើម្បី​បង្កើត​សម្បក​ការពារ Latercase។ រូប​គេ​បន្ថែម​ថា​ការ​ដាក់​វីដេអូ​អំពី​សម្បក​ការពារ PITAKA ជា​ Private និង Claim Copyright ក៏​ដោយ​សារ​ក្រុមហ៊ុន PITAKA បាន​ប្រើ​ប្រាស់​វីដេអូ​របស់​ខ្លួន​​ដើម្បី​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Lew អះអាង​ថា​ បាន​ធ្វើ​ការ​ពិភាក្សា​ជា​ឯកជន​ជា​មួយ PITAKA អំពី​ការ​សហការ​​ ប៉ុន្តែ​មិន​​បាន​កើត​មាន​ជា​លទ្ធផល ដោយ​សារ PITAKA មិន​ចាប់​អារម្មណ៍​ក្នុង​ការ​សហការ។ យ៉ាងណាក្ដី​​នាយក​ប្រតិបត្តិ​ PITAKA និយាយ​ថា​ Lew មិន​ធ្លាប់​បាន​ទំនាក់ទំនង​ទៅ​នោះ​ទេ និង​អះអាង​ថា​ Lew កំពុង​និយាយ​កុហក​ដល់​ Subscriber ចំនួន ១៥ លាន​នាក់​របស់​ខ្លួន។

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ថ្មី​ពី​ម្ចាស់​គណនី Unbox Therapy នៅ​ឡើយ​ទេ៕​​​​

ចុចអាន ៖ ជម្លោះរបស់តារា YouTube ក្លាយជារឿងល្បីជាងគេប្រចាំឆ្នាំ ២០១៩

ប្រភព៖ Reclaim The Net ប្រែ​សម្រួល៖ សុខហេង

មតិយោបល់