• 2019-10-17 04:02:10
  • ព័ត៌មាន

កម្មវិធី SALA ត្រូវ​បាន​ជ្រើស​រើស​​តំណាង​កម្ពុជា​ទៅប្រកួតយករង្វាន់ ១លានដុល្លារ

  • 2019-10-17 04:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Smart Tech Talks & Seedstars Pitch បាន​ជ្រើស​រើស​ក្រុមហ៊ុន​ Sala ជា​អាជីវកម្ម​បង្កើត​ថ្មី​ចាប់​អារម្មណ៍​ជាង​គេ ហើយ​ជា​ក្រុមហ៊ុន​តំណាង​ប្រទេស​កម្ពុជា​នៅ​កិច្ច​ប្រជុំ​ Seedstar Asia នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ SALA អាច​ទទួល​បាន​ប្រាក់​មូលនិធិ​រហូត​ដល់​ទៅ​មួយ​លាន​ដុល្លារ​បើ​សិន​ឈ្នះ​ពាន​រង្វាន់​នៅ​កិច្ច​ប្រជុំ​អាស៊ី​ និង​សកល​ របស់​ Seedstars។

ក្រុមហ៊ុន​ Sala គឺ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ ៨ ចុង​ក្រោយ​ដែល​ត្រូវ​បង្ហាញ​គំនិត​អាជីរក្ម​ឌីជីថល​របស់​ពួក​គេ​ចំពោះ​មុខ​គណៈ​កម្មការ​វិនិច្ឆ័យ​ក្នុង​តំបន់ និង​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ SALA គឺ​ជា​កម្មវិធី​គ្រប់គ្រង​សាលារៀន​ ដែល​បង្កើត​ឡើង​សម្រាប់​កម្រិត​ចាប់​ពី​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​១២ និង​សកលវិទ្យាល័យ រួម​ជា​មួយ​កម្មវិធី​ផ្សែង​ៗ​ទៀត​ដូចជា​ ការ​គ្រប់​គ្រង​សិស្ស ធនធាន​មនុស្ស ការ​បង់​ប្រាក់​ និង​រដ្ឋបាល​សាលារៀន។

ស្ថាបនិក និង​នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន​ SALA លោក សុខ លាភ បាន​មាន​ប្រសាសន៍​ថា​៖ «ក្រោយពី​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Joonaak Delivery និង​បទពិសោធ​ជា​ច្រើន​ដែល​ពួក​គេ​ទទួល​បាន​​កាល​ពីឆ្នាំ​មុន​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​មោទ​ន​ភាព​ប៉ុណ្ណោះ​ទេប៉ុន្តែ​យើង​ក៏​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​បណ្តាញ​ទំនាក់​ទំនង​ផ្សេង​ៗ​ ក៏​ដូច​ជា​ឱកាស​វិនិយោគ​នានា ដែល​ត្រូវ​បាន​ផ្តល់​មក​ឲ្យ​យើង អំឡុង​ពេល​នៃ​​កិច្ច​ប្រជុំ​ក្នុ​ង​តំបន់ និង​ពិភព​លោក ​ផងដែរ»។

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​ថ្លែ​ងសុន្ទរកថា​ពី​វាគ្មិន​អន្តរ​ជាតិ​មក​ពី Amazon Grab និង Lederonomics ដែល​ពួក​គេ​បង្ហាញ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ចូល​រួម។ នៅ​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ​ ក្រុមហ៊ុន​ Smart Axiata, Beenext Capital, Kid Hero បាន​ធ្វើ​ការ​បំភ្លឺ​ឲ្យ​ច្បាស់​អំពី​ចំណុច​សំខាន់​ៗ​លើ​អាជីរកម្ម​បង្កើត​ថ្មី ទៅ​សាធារណៈ​ជន។

ក្រៅ​ពី​កម្មវិធី​ Smart Tech Talk & Smart Pitch នេះ ក៏​មាន​កម្មវិធី​ Seedstars Lean Lauchpad កើត​ឡើង​ផង​ដែរ​។ កម្មវិធី​នេះ​ធ្វើដើម្បី​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បណ្តុះ​​គំនិត និង​ការ​​បង្កើត​គំនិត​ភាព​​ជា​សហគ្រិន ក្នុង​ចំណោម​សិស្ស​ថ្នាក់​ទី​៩ ដល់​សិស្ស​ថ្នាក់​ទី​១២​។ ជយលាភី​របស់​កម្មវិធី​បាន​ទៅ​លើ សិស្ស​មួយ​ដែល​មក​ពី Liger Leadership Academy។

ប្រធាន​និយ័តករ និង​កិច្ចការ​សារធារណៈ​ក្រុមហ៊ុន​ Smart Axiata លោក Jonathan Yap បាន​មាន​ប្រសាសន៍​ថា​៖ «នេះ​គឺ​ជា​ចុង​សប្តាហ៍​មួយ​ក្នុង​ចំណោម​ចុង​សប្តាហ៍​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​ដោយ​សារ​តែ​ចុង​សប្តាហ៍​នេះ​បាន​នាំ​យក​យុវ​ជន​វ័យ​ក្មេង​ដ៏អស្ចារ្យ​ទាំង​នេះ​មក​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​បុគ្គល​ឆ្នើមៗ​ និង​ឆ្លាត​វៃបំផុត​មក​ពី​ក្នុង​តំបន់​នេះ​។ ដោយ​មើល​ឃើញ​ពី​ការ​បង្ហាញ​ផ្នត់​គំនិត​ល្អៗ​ផ្សេង​គ្នា​ក្នុង​ព្រឹត្ត​ការណ៍​នេះ បានធ្វើ​ឲ្យ​យើង​មាន​មោទនភាព ដោយ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឌីជីថល​របស់​កម្ពុជា ដែល​យើង​អាច​គាំទ្រ​ដល់​ការ​បង្ហាញ​ពី​ទេព​កោសល្យ​ដ៏​អស្ចារ្យ ចំណង់​ចំណូល​ចិត្ត និង​ភាពស្វាហាប់ ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​​​ក្នុង​តំបន់»។

កម្មវិធី​សហគ្រិន​ទាំង​បី​នេះ​គឺ​រៀប​ចំ​បាន​ដោយ​មាន​កិច្ច​សហ​ប្រត្តិបត្តិ​ការជា​មួយ​នឹង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន (NIPTICT) ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា (MPTC)​៕

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់