• 2019-05-29 00:10:00
  • ព័ត៌មាន

បោះបង់​ការ​សិក្សា ​ស្រវា​កើប​លុយ​ទាំង​មុឺន​ដុល្លារពី Fortnite ដើម្បី​ទិញ​ផ្ទះ​ជូន​ម្តាយ

  • 2019-05-29 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ ១៥ ឆ្នាំ​ឲ្យ​ឈ្មោះ Benjy Fish ​កំពុង​មាន​ឈ្មោះ​ល្បី​រន្ទឺ​នាម​ជា​អ្នក​លេង​ហ្គេម Fornite ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភពលោក ដែល​ត្រៀម​នឹង​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍ Fortnite World Cup ​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​ដល់​ទៅ ៥ លាន​ដុល្លារ

រូប​គេ​បាន​បោះបង់​ការ​សិក្សា​នៅ​សាលា ងាក​មក​ចាប់​អាជីព​ជា​អ្នក​លេង​ហ្គេម ​ដោយ​សព្វថ្ងៃ​មាន Subscriber ប្រមាណ ១៥០ ០០០ នាក់​ លើ​ YouTube និង​ជិត ១២០ ០០០ នាក់​ នៅ​លើ Twitch។ Fish ​នឹង​ចូលរួម​ការ​ប្រកួត​ដ៏​ធំ​មួយ​នា​ខែ​កក្កដា ក្នុង​ទីក្រុង New York ​ដោយ​ប្រាក់​រង្វាន់​សរុប​ក្នុង​ព្រឹត្តិការណ៍​នោះ​មាន​ដល់​ទៅ​ជិត ៣០ លាន​ដុល្លារ​ឯ​ណោះ។

Benjy បាន​ប្រាប់​ថា៖ "ខ្ញុំ​បាន​សុំ​ម្តាយ​បោះបង់​ការ​សិក្សា​នៅ​សាលា ដើម្បី​ងាក​មក​លើ​វិថី​ជា​អ្នក​លេង​ហ្គេម ដោយ​ដំបូង​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់ ព្រោះ​ការ​ដែល​ចង់​ក្លាយ​ជា​អ្នក​លេង​ហ្គេម​អាជីព ជា​ក្តីស្រមៃ​តាំង​ពី​វ័យ ១៣ ឆ្នាំ​មក​ម្ល៉េះ"។

យុវជន​រូប​នេះ​បន្ត៖ "ដំបូង​ខ្ញុំ​មិន​គិត​ថា​ខ្លួន​ឯង​មាន​ទេពកោសល្យ​អ្វី​នោះ​ទេ រហូត​ដល់​ពាក់​កណ្តាល​យប់មួយ ខ្ញុំ​បាន​ដាស់​ម្តាយ​ហើយ​ប្រាប់​ថា​ខ្ញុំ​ឈ្នះ​រង្វាន់ ១០ ០០០ ដុល្លារ​នៅ​ការ​ប្រកួត Online សម្រាប់​អ្នក​លេង​នៅ​អឺរ៉ុប ហើយ​គ្រប់​យ៉ាង​ក៏​ផ្លាស់ប្តូរ​រហ័ស​បំផុត ដោយ​ខ្ញុំ​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រុម NGR eSport"។

យុវជន​នេះ​ក៏​សង្កត់​ធ្ងន់៖ "ខ្ញុំ​ត្រូវ​ការ​លុយ​ដើម្បី​ទិញ​ផ្ទះ​ឲ្យ​ម្តាយ​របស់​ខ្ញុំ ព្រោះ​ឪពុក​ខ្ញុំ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​តាំង​ពី​ខ្ញុំ​អាយុ ៨ ខែ ​តាំង​ពី​នោះ​មក​គ្រួសារ​ខ្ញុំ​ត្រូវ​ជួល​ផ្ទះ​គេ​នៅ​រហូត"។

រំឭក​ថា​ការ​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Fornite World Cup នេះ​ដែរ យុវជន​វ័យ ១៥ ឆ្នាំ​បាន​ក្តោបក្តាប់​ប្រាក់​រង្វាន់ ៥០ ០០០ ដុល្លារ​ក្នុង​ដៃ​រួច​ជា​ស្រេច​ហើយ ប៉ុន្តែ​បើ​ឈ្នះ ២ វិញ្ញាសារ​ទៀត រូប​គេ​នឹង​ទទួល​បាន​ដល់​ទៅ ៥ លាន​ដុល្លារ​សរុប។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់