- 2019-05-02 03:28:58
- ព័ត៌មាន
រថយន្តអធិរាជថ្មីរបស់ជប៉ុន រូបរាងពីក្រៅសាមញ្ញ ប៉ុន្តែតម្លៃមិនធម្មតា
- 2019-05-02 03:28:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអធិរាជថ្មីរបស់ជប៉ុន រូបរាងពីក្រៅសាមញ្ញ ប៉ុន្តែតម្លៃមិនធម្មតា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១ ខែឧសភាម្សិលមិញនេះ រាជទាយាទ Naruhito បានក្លាយជាព្រះចៅអធិរាជថ្មីរបស់ជប៉ុនជាផ្លូវការ បន្ទាប់ពីព្រះចៅអធិរាជ Akihito បានដាក់រាជ្យ កាលពីថ្ងៃទី ៣០ ខែមេសា។ អំឡុងពេលនៃកម្មវិធីឡើងសោយរាជ្យនេះ ព្រះចៅអធិរាជថ្មី បានប្រើប្រាស់រថយន្តប្រណីត Limo ម៉ូដែល Toyota Century Royal ដើម្បីធ្វើដំណើរទៅកាន់រាជវាំងនៅទីក្រុងតូក្យូ។
គួរដឹងថារថយន្ត Toyota Century Royal គឺជាប្រភេទពិសេសមួយនៃរថយន្តម៉ូដែល Century ដែលផលិតឡើងសម្រាប់លក់តែនៅទីផ្សារប្រទេសជប៉ុន។ រថយន្តដែលប្រើប្រាស់ដោយព្រះចៅអធិរាជថ្មីនេះដែរ គឺនៅតែជារថយន្តស៊េរីចាស់ ដែលបានបង្ហាញមុខដំបូងនៅឆ្នាំ ២០០៦។ នៅលើទីផ្សារ Century គឺបានចូលដល់ជំនាន់ទី ៣ ហើយ ដែលជាស៊េរីឆ្នាំ ២០១៨។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៨ មក រាជវង្សជប៉ុន បានបញ្ជាឲ្យ Toyota ផលិតរថយន្ត Century Royal ស៊េរីថ្មីសម្រាប់កម្មវិធីឡើងសោយរាជ្យដែលគ្រោងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ ២០១៩ នេះ។ យ៉ាងណាក្ដីពេលវេលាត្រូវបានកែប្រែ ដោយលឿនជាងការគ្រោងទុក ៥ ខែ ហេតុនេះក្រុមហ៊ុន Toyota មិនអាចផលិតបានទាន់ពេលនោះទេ។ នេះជាមូលហេតុដែលព្រះចៅអធិរាជថ្មីនៅតែប្រើប្រាស់រថយន្តស៊េរីចាស់។
Century Royal គឺជារថយន្តផលិតផ្ដាច់មុខសម្រាប់តែសែស្រឡាយរាជវង្សជប៉ុនប៉ុណ្ណោះ។ កាលដំបូងឡើងរាជវង្សជប៉ុនបានកុម្ម៉ង់រថយន្ត Century Royal ចំនួន ៥ គ្រឿង ប៉ុន្តែដោយសារបញ្ហាថវិកា ទើបកុម្ម៉ង់ត្រឹម ៤ គ្រឿងវិញ។ នៅឆ្នាំ ២០០៦ ការកុម្ម៉ង់ទិញនេះមានតម្លៃសរុប ២ លានដុល្លារ ដោយរថយន្តមួយគ្រឿងមានតម្លៃ ៥០០ ០០០ ដុល្លារឯណោះ។ Toyota Century Royal នេះមានដងខ្លួនវែង និងមានទម្ងន់ធ្ងន់ដោយសារមានបំពាក់ដោយដែក និងកញ្ចក់ដែលអាចការពារគ្រាប់កាំភ្លើងបាន។
Century Royal ប្រើប្រាស់ម៉ាស៊ីនដូច Toyota Century ជំនាន់ទីពីរដែរ ដោយមានទំហំ ៥,០ លីត្រ ១២ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៦ សេះ។ នៅថ្ងៃខាងមុខ ប្រសិនបើមាន Century Royal ស៊េរីថ្មី វាអាចនឹងប្រើប្រាស់ម៉ាស៊ីន Hybrid ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៣៩៤ សេះ។
មុនរថយន្ត Century Royal នេះ រាជវង្សជប៉ុនបានប្រើប្រាស់រថយន្តជាច្រើនម៉ាក ដូចជា Nissan Prince Royal Limousine (ឆ្នាំ ១៩៦៧ ដល់ ២០០៨), រថយន្ត Cadillac Series 75 (ឆ្នាំ ១៩៥១ ដល់ ១៩៧០), រថយន្ត Mercedes-Benz 770 W 07 Series (ឆ្នាំ ១៩៣២ ដល់ ១៩៦៨), រថយន្ត Rolls-Royce Silver Ghost (ឆ្នាំ ១៩២១ ដល់ ១៩៣៦) និងរថយន្ត Daimler (ឆ្នាំ ១៩១៣ ដល់ ១៩២៧)៕
ចុចអាន៖