- 2019-04-30 11:04:00
- ព័ត៌មាន
ដំបូងបំផុត! រថយន្តស្វ័យប្រវត្តិបើកបុកស្ត្រីម្នាក់ស្លាប់ ត្រូវបញ្ឈប់ការធ្វើតេស្តភ្លាមៗ
- 2019-04-30 11:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូងបំផុត! រថយន្តស្វ័យប្រវត្តិបើកបុកស្ត្រីម្នាក់ស្លាប់ ត្រូវបញ្ឈប់ការធ្វើតេស្តភ្លាមៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Uber បានបញ្ឈប់ការធ្វើតេស្តសាកល្បងរថយន្តគ្មានមនុស្សបើក (ស្វ័យប្រវត្តិ) បន្ទាប់ពីមាន១ ករណីនៅក្នុងចំណោមរថយន្តសាកល្បងទាំងនោះបានបើកបុកស្ត្រីម្នាក់បណ្ដាលឲ្យបាត់បង់ជីវិត នៅទីក្រុង Tempe រដ្ឋ Arizona អាមេរិក។
ស្ត្រីជាជនរងគ្រោះមានឈ្មោះ Elaine Herzberg អាយុ៤៩ឆ្នាំ បានដើរឆ្លងកាត់ផ្លូវនៅវេលាម៉ោងប្រមាណជា ១០យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ ខណៈកំពុងឆ្លងផ្លូវ ក៏មានរថយន្ត Uber បើកបរដោយស្វ័យប្រវត្តិ១គ្រឿងមកបុកចំគាត់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
អ្នកនាំពាក្យប៉ូលិសក្រុង Tempe បានបញ្ជាក់ថា ករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ហើយក្រុមហ៊ុន Uber ក៏កំពុងចូលរួមសហការស្រាវជ្រាវផងដែរ។
ក្រោយយប់កើតហេតុគឺនៅថ្ងៃទី១៩មីនា Uber បានប្រកាសថា ខ្លួននឹងផ្អាកដំណើរការសាកល្បងរថយន្តគ្មានមនុស្សនេះជាបណ្ដោះអាសន្នសិននៅតាមផ្លូវសាធារណៈជាច្រើនដូចជានៅទីក្រុង Pittsburgh, San Francisco, Tornoto និង Phoenix ជាដើម។ "ទឹកចិត្តរបស់ពួកយើងសូមផ្ញើទៅកាន់ក្រុមគ្រួសារសពផង។ ពួកយើងកំពុងតែសហការគ្នាយ៉ាងពេញទំហឹងហើយជាមួយមន្ត្រីក្នុងតំបន់ ក្នុងការស៊ើបអង្កេតករណីគ្រោះថ្នាក់នេះ" នេះជាការបង្ហោះរបស់ Uber នៅលើបណ្ដាញសង្គម។
នេះជាករណីដំបូងគេហើយដែលរថយន្តបើកស្វ័យប្រវត្តិបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងដូច្នេះ។ ករណីគ្រោះថ្នាក់នេះអាចនឹងបង្អាក់ដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាដ៏ក្មេងខ្ចីនេះ (បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ឬហៅថា autonomous technology) ដើម្បីទុកពេលមួយរយៈក្នុងការបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។ ក្រៅពី Uber នៅមានក្រុមហ៊ុនជាច្រើនដែលកំពុងចាយទុនពាន់លានដុល្លារលើបច្ចេកវិទ្យានេះផងដែរដូចជា Alphabet Inc., General Motors Co., និង Baidu Inc.៕