• 2019-03-27 03:04:43
  • ព័ត៌មាន

មក​ដឹង​ចំណុច​ពិសេស​កាមេរ៉ា Huawei​ P30 Pro ធ្វើ​ឲ្យ​គូ​ប្រជែង​កោត​ខ្លាច

  • 2019-03-27 03:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Huawei P30 និង P30 Pro បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ដោយ​បាន​ប្រើ​ប្រាស់​ពាក្យ​ស្លោក​ថា "Rewrite the Rules of Photography” ដែល​ចង់​បញ្ជាក់​ថា​​ត្រកូល​ P30 មាន​សមត្ថភាព​ថត​រូប​​ខ្លាំង​ក្លា​បំផុត។ ក្នុង​ចំណោម​ស្មាតហ្វូន​​ទាំង​ពីរ​នេះ P30 Pro មាន​កាមេរ៉ា​លេច​ធ្លោ​ជាង​គេ ដែល​អាច​ទទួល​បាន​ពិន្ទុ​សរុប​ដល់​ ១១២ ពិន្ទុ ពី​ការ​ធ្វើ​តេស្ត​​របស់​ DxOMark។

​នៅ​លើ​ P30 Pro មាន​បំពាក់​​ឡេន​កាមេរ៉ា​សរុប​ដល់​ ៤ គ្រាប់ ដែល​ឡេន​មេ​ជា​ប្រភេទ Super Sensing មាន​កម្រិត​ ៤០ MP, ឡេន​ទី​ពីរ​ជា​ប្រភេទ​ Ultra Wide Angle មាន​កម្រិត ២០ MP, ឡេន​ទី​បី​ជា​ប្រភេទ​ SuperZoom មាន​កម្រិត ៨ MP និង​ទី​បួន​ជា​ឡេន​​សម្រាប់​វាស់​ជម្រៅ​រូបភាព។

​ឡេន​មេ​លើ P30 Pro ត្រូវ​បាន​ផ្លាស់​ប្ដូរ​បែប​បទ​ដោយ​ Huawei ដោយ​ប្ដូរ​ពី​​ពណ៌​ RGGB ទៅ​ជា​ RYYB ដែល​អាច​ឲ្យ​ពន្លឺ​ឆ្លុះ​ចូល​បាន​ច្រើន​ជាង​មុន​ ៤០% ជំនួយ​ដល់​ការ​ថត​រូប​នៅ​ទី​កន្លែង​ងងឹត​បាន​កាន់​តែ​ប្រសើរ។ ឡេន​​លើ​ P30 Pro នេះ​ទៀត​សោត​មាន​កម្រិត​ ISO ​រហូត​ដល់​ ៤០៩ ៦០០ អាច​ថត​រូប​​​នៅ​ទី​ងងឹត​ដែល​​ភ្នែក​​មនុស្ស​មើល​មិន​ឃើញ​ ​បាន​យ៉ាង​ស្អាត​ល្អ។

ចំណែក​ឡេន​ SuperZoom អាច​​ធ្វើ​ការ​ Zoom បែប​ Hybrid បាន​រហូត​ដល់​ ១០ ដង ហើយ​មាន​សមត្ថភាព​អាច​ Zoom ចូល​បាន​រហូត​ដល់​ ៥០ ដង អាច​ Zoom ដល់​ឋាន​ព្រះ​ចន្ទ និង​​អាច​រក្សា​គុណភាព​រូបភាព​បាន​ល្អ មិន​បែក​ព្រាល​ខ្លាំង​នោះ​ឡើយ។

ចំពោះ​កាមេរ៉ា​វាស់​ជម្រៅ​រូបភាព​វិញ អាច​ជួយ​ឲ្យ​ស្មាតហ្វូន​ Huawei ផលិត​រូបភាព​ Bokeh ​ក្នុង​កម្រិត​​​ម៉ាស៊ីន​កាមេរ៉ា​អាជីព ដោយ​សារ​វា​អាច​វាស់​ជម្រៅ​បាន​ច្បាស់។ លើ​ស្មាតហ្វូន​នេះ​មាន​បច្ចេកវិទ្យា​ AI HDR+ អាច​​ផលិត​រូប​នៅ​ពេល​ថ្ងៃ​ចាំង​ចំ​បាន​យ៉ាង​ល្អ​បំផុត។

បច្ចេកវិទ្យា​ AIS Long Exposure Shot ក៏​មាន​លើ​កាមេរ៉ា​ P30 Pro នេះ​ដែរ ដែល​វា​មាន​សមត្ថភាព​​អាច​ថត​រូប Long Exposure នៃ​ទឹក​ធ្លាក់​បាន​ស្អាត​ដូច​កាមេរ៉ា​អាជីព។ ចំណែក​កាមេរ៉ា​ Ultra Wide Angle អាច​​ផ្ដិត​យក​ទិដ្ឋភាព​បាន​ធំ​ទូលាយ លើស​ពី​កាមេរ៉ា​ Wide Angle។

ក្រៅ​ពី​អាច​ថត​រូប​នៅ​ទី​ងងឹត​បាន​​​ល្អ​ហើយ ការ​ថត​​វីដេអូ​នៅ​ទី​ងងឹត​ក៏​ P30 Pro អាច​ធ្វើ​បាន​ល្អ​ផង​ដែរ ហើយ​វា​ក៏​មាន​មុខងារ​ Dual-View Video ដែល​អាច​ប្រើ​ឡេន​ខាង​ក្រោយ​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ ដើម្បី​ចាប់​យក​វីដេអូ​ពីរ​ប្លង់​ផ្សេង​គ្នា​ផង​ដែរ។

គួរ​ដឹង​ថា​ DxOMark បាន​លើក​សរសើរ​ P30 Pro ​លើ​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

  • រូបភាព​មាន​ Detail ល្អ និង​​មាន​កម្រិត​ Zoom បាន​ឆ្ងាយ
  • Exposure លើ​​គោលដៅ​បាន​ល្អ សូម្បី​តែ​នៅ​ទី​ងងឹត
  • ​​​​​​​Autofocus បាន​លឿន​ និង​ច្បាស់ៗ
  • រូបភាព​មាន​ Detail ល្អ​ពេល​ថត​នៅ​ទី​ងងឹត
  • ថត​ជា​មួយ​ Flash រូបភាព​មាន​គុណភាព​ល្អ​
  • វាស់​ជម្រៅ​បាន​ច្បាស់ និង​ផលិត​រូប Bokeh បាន​ស្អាត
  • វីដេអូ​មាន​លំនឹង​ល្អ
  • និង​វីដេអូ​មាន​កម្រិត​ Noise ទាប​ជា​ដើម៕​

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់