• 2019-01-17 02:33:07
  • ព័ត៌មាន

បិតា​ Huawei និយាយ​ថា​ ​​ក្រុមហ៊ុន​មិន​បាន​​ស៊ើបការណ៍​ឲ្យ​ចិន​នោះ​ទេ

  • 2019-01-17 02:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ ស្ថាបនិក​​ក្រុមហ៊ុន​ Huawei លោក​ Ren Zhengfei បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​ក្រុមហ៊ុន​ខ្លួន​​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​ស៊ើបការណ៍។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត Financial Times។

“Huawei មិន​ធ្លាប់​បាន​​ទទួល​សំណើ​ពី​រដ្ឋាភិបាល ដើម្បី​ផ្ដល់​​ព័ត៌មាន​មិន​ត្រឹមត្រូវ​​ម្ដង​ណា​ឡើយ។ ខ្ញុំ​នៅ​​តែ​ស្រឡាញ់​​ប្រទេស​របស់​ខ្ញុំ ខ្ញុំ​គាំទ្រ​បក្ស​កុម្មុយនិស្ត ប៉ុន្តែ​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ដទៃ​ឡើយ​”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Zhengfei។

Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាង​គេ​ក្នុង​លោក​ រង​ភាព​តាន​តឹង​ខ្លាំង​ពី​លោក​ខាង​លិច​ ដោយ​សារ​ទំនាក់​ទំនង​ខ្លួន​ជា​មួយ​រដ្ឋាភិបាល​ចិន រហូត​នាំ​ឲ្យ​សហរដ្ឋអាមេរិក​​ចោទ​ប្រកាន់​ថា​ ឧបករណ៍​​របស់​ Huawei ​ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​ប៉េកាំង​​សម្រាប់​ស៊ើបការណ៍។

​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​លើ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ក្រុមហ៊ុន​ Huawei តែង​តែ​ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​នេះ​ជានិច្ច។ ប៉ុន្តែ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​រឹត​បន្តឹង​​ការ​ចរាចរណ៍​ផលិតផល​ Huawei ក្នុង​ទីផ្សារ​របស់​ខ្លួន។

ទាក់ទិន​ចំណុច​នេះ​ លោក​ Zhengfei បាន​លើក​ឡើង​ថា ៖ "រឿង​បែប​នេះ​តែង​តែ​កើត​មាន​ឡើង​ហើយ គឺ​យើង​មិន​អាច​ធ្វើ​ការ​ជា​មួយ​មនុស្ស​គ្រប់​គ្នា​បាន​នោះ​ទេ...យើង​នឹង​​បង្វែរ​ទិសដៅ​ទៅ​រក​ប្រទេស​ណា​ដែល​​ស្វាគមន៍​ Huawei វិញ”។ លោក​បន្ថែម​ថា​ Huawei មាន​​កុងត្រា​ចំនួន ៣០ លើ​សកល​លោក​ ក្នុង​ការ​សាង​សង់​ប្រព័ន្ធ 5G។

​ស្ថាបនិក​រូប​នេះ​​បន្ថែម​ថា​ Huawei អាច​នឹង​រង​ការ​ប្រកួតប្រជែង និង​ការ​លំបាក​ខ្លាំង​​លើ​ទីផ្សារ​អន្តរជាតិ និង​និយាយ​ថា​​កំណើន​របស់​​ក្រុមហ៊ុន​នៅ​ឆ្នាំ​​បន្ទាប់ អាច​នឹង​មាន​តិច​ជាង ២០%៕

ចុចអាន៖

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខហេង

មតិយោបល់