- 2018-12-11 02:44:05
- ព័ត៌មាន
តុលាការចិនបង្គាប់ឲ្យ Apple ឈប់លក់ iPhone នៅប្រទេសចិន
- 2018-12-11 02:44:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការចិនបង្គាប់ឲ្យ Apple ឈប់លក់ iPhone នៅប្រទេសចិន
ចន្លោះមិនឃើញ
តាមការអះអាងរបស់ក្រុមហ៊ុនផលិតឈីប Qualcomm បានឲ្យដឹងថា តុលាការនៃប្រទេសចិនបានបង្គាប់មិនឲ្យ Apple នាំចូល និងលក់ iPhone ច្រើនម៉ូដែលក្នុងប្រទេសចិន។
Qualcomm និយាយថាតុលាការនៃប្រទេសចិនបានផ្ដល់ការបង្គាប់បឋមចំនួនពីរ ដែលបង្ខំឲ្យ Apple បញ្ឈប់ការលក់ និងនាំចូល iPhone ចាប់តាំងពីស៊េរី iPhone 6s ដល់ iPhone X។
Don Rosenberg ទីប្រឹក្សារបស់ Qualcomm បានលើកឡើងថា ៖ "យើងឲ្យតម្លៃលើទំនាក់ទំនងជាមួយអតិថិជន កម្រនឹងរត់រកតុលាការឲ្យជួយណាស់ ប៉ុន្តែក៏ប្រកាន់ខ្ជាប់នូវការការពារកម្មសិទ្ធិបញ្ញារបស់យើងផងដែរ”។ លោកបន្តថា ៖ "Apple តែងបានផលចំណេញពីកម្មសិទ្ធិបញ្ញារបស់យើង ប៉ុន្តែមិនព្រមឲ្យកម្រៃ។ ការបង្គាប់របស់តុលាការពីរនេះ បញ្ជាក់កាន់តែច្បាស់ពីឥទ្ធិពលនៃប៉ាតង់របស់ Qualcomm”។
ប៉ាតង់ដែល Qualcomm លើកឡើងនេះគឺទាក់ទងនឹងមុខងារដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់កែសម្រួល ឬប្ដូររូបភាពបាន។ នេះបើតាមការលើកឡើងបន្ថែមរបស់ Qualcomm។
ទាក់ទងនឹងការបង្គាប់នេះ Apple បានតបវិញដែរថា ៖ "iPhone គ្រប់ម៉ូដែលនៅតែមានលក់សម្រាប់អតិថិជននៅប្រទេសចិន។ Qualcomm បានអះអាងលើប៉ាតង់ចំនួន ៣ ដែលពួកគេមិនធ្លាប់បង្ហាញពីមុនមក បូករួមនឹងប៉ាតង់មួយដែលមិនត្រឹមត្រូវ។ យើងនឹងអនុវត្តតាមផ្លូវច្បាប់លើបញ្ហាមួយនេះ”។
គួរដឹងថា Qualcomm ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសហរដ្ឋអាមេរិក (ITC) ដើម្បីឲ្យហាមឃាត់ការនាំចូល iPhone នៅសហរដ្ឋអាមេរិកផងដែរ។ កាលពីខែកញ្ញា នៅសហរដ្ឋអាមេរិក តុលាការមួយរូបរបស់ ITC បានសម្រេចថា Apple ពិតជាបានរំលោភប៉ាតង់របស់ Qualcomm ប៉ុន្តែមិនអាចបង្គាប់ហាម Apple នាំចូល iPhone ក្នុងសហរដ្ឋអាមេរិកនោះទេ៕
ចុចអាន៖