• 2018-10-31 02:02:13
  • ផលិតផលថ្មី

iPad Pro ចេញ​ជា​ផ្លូវ​ការ មាន​អេក្រង់​លាត​ អាច​យក​សាក​ថ្ម​ឲ្យ iPhone បាន​ទៀត

  • 2018-10-31 02:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ iPad Pro ជំនាន់​ថ្មី​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ជា​​មួយ​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ, ​មាន​កម្រាស់​ស្ដើង​, ​មាន​មុខងារ​ Face ID និង​ចំណុច​ពិសេសៗ​ជា​ច្រើន​ទៀត។

អេក្រង់​ និង​ Face ID

iPad Pro ថ្មី​មាន​​ប្រភេទ​អេក្រង់​ទំហំ​ ១១ អ៊ីញ​ និង​ប្រភេទ​អេក្រង់​ទំហំ​ ១២,៩ អ៊ីញ។ ទាំង​ពីរ​ប្រភេទ​នេះ​មាន​កម្រាស់​ត្រឹម​តែ​ ៥,៩ ម.ម ប៉ុណ្ណោះ។ ជា​លើក​ដំបូង​ iPad Pro មាន​បំពាក់​នូវ​មុខងារ​ស្កេន​មុខ​ Face ID ដែល​ប្រើ​សម្រាប់​ដោះ​សោ​ដោយ​ស្កេន​ផ្ទៃ​មុខ។ Face ID ​លើ​ iPad Pro ​នេះ​អាច​ដំណើរ​​ការ​គ្រប់​កាលៈទេសៈ​ មិន​ថា​ iPad បញ្ឈរ​ឬ​ផ្ដេក​នោះ​ទេ។

​នៅ​លើ ​iPad Pro ស៊េរី​ថ្មី​នេះ​​​មិន​មាន​ប៊ូតុង​ Home នោះ​ទេ ហេតុ​នេះ​ការ​បញ្ជា​លើ​ iPad Pro ត្រូវ​បាន​​យក​លំនាំ​តាម​ការ​បញ្ជា​លើ iPhone X ដូច​ជា​អូស​ពី​ក្រោម​ឡើង​លើ​ដើម្បី​ត្រឡប់​ទៅ​ Home ជា​ដើម។

កម្លាំង​

iPad Pro មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ A12X Bionic ទំហំ​ ៧ ណាណូម៉ែត្រ​ ដែល​មាន​ CPU ៨ គ្រាប់, GPU ៧ គ្រាប់, មាន​ថាមពល​ថ្ម​ដំណើរ​ការ​បាន​ ១០ ម៉ោង និង​​មាន​​បំពាក់​នូវ​ Neutral Engine ជា​ខួរ​ក្បាល​ដ៏​វៃ​ឆ្លាត​មួយ។

អង្គ​ផ្ទុក​ទិន្នន័យ ១ TB និង​រន្ធ​ USB-C

ពេល​នេះ iPad Pro មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ​ធំ​ដល់​ទៅ ១ TB ហើយ​រន្ធ​ដោត​ប្រភេទ USB-C បាន​ចូល​មក​ជំនួស​​រន្ធ Lightning ដែល​ Apple បាន​ប្រើ​រាប់​ឆ្នាំ​មក​ហើយ។ តាម​រយៈ​ការ​ប្រើ​ USB-C នេះ​ iPad Pro នឹង​អាច​ទ្រាំទ្រ​ការ​ភ្ជាប់​ជា​មួយ​ Monitor កម្រិត 5K និង​អាច​សាក​ថ្ម​ឲ្យ​ iPhone ឬ​ឧបករណ៍​ដទៃ​ទៀត​បាន។

Apple Pencil

Apple Pencil ជំនាន់​ទី​ពីរ​អាច​ភ្ជាប់​ជា​មួយ iPad Pro ដោយ​ស្វ័យប្រវត្តិ​ និង​អាច​សាក​​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ ហើយ​​វា​អាច​ឆក់​ជាប់​នឹង​ iPad Pro បាន​ទៀត​ផង។​ លើ​ Apple Pencil មាន​សមត្ថភាព​​ថ្មី ដោយ​អាច​ប្ដូរ​មុខងារ​ទៅ​ជា​ការ​​សរសេរ​អក្សរ ឬ ជា​ជ័រ​លុប​បាន​ដោយ​គ្រាន់​តែ​គោះ​លើ​វា

មុខងារ​ផ្សេង​ទៀត និង​តម្លៃ​​

​​​​iPad Pro ក៏​មាន​ប្រព័ន្ធ​ Bluetooth 5.0, បច្ចេកវិទ្យា​ Smart HDR លើ​កាមេរ៉ា​ Selfie ខាង​មុខ​, ដុំ​សាក​ថ្ម​ ១៨ វ៉ាត់, កាមេរ៉ា​ខាង​ក្រោម​កម្រិត ១២ MP មាន​បច្ចេកវិទ្យា​ Smart HDR, មិន​មាន​រន្ធ​ដោត​កាស​ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត។

iPad Pro អេក្រង់ ១១ អ៊ីញ​​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ និង iPad Pro អេក្រង់ ១២,៩ អ៊ីញ​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ ដែល​នឹង​មាន​លក់​លើ​ទីផ្សារ​ធំៗ​ចាប់​ពី​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា​ខាង​មុខ៕​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់