- 2017-12-05 03:54:00
- ព័ត៌មាន
ពីអ្នកបង្កើតពុម្ពអក្សរខ្មែរ ក្លាយជាអ្នករត់កង់បី នេះហើយជីវិត
- 2017-12-05 03:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីអ្នកបង្កើតពុម្ពអក្សរខ្មែរ ក្លាយជាអ្នករត់កង់បី នេះហើយជីវិត
ចន្លោះមិនឃើញ
គ្រប់គ្នាស្គាល់លោក នៅ សំណាង ដែលជាអ្នកបង្កើតពុម្ពអក្សរខ្មែរ Akbalthom។ ចាប់តាំងពីឆ្នាំ ២០១០ លោកបានបង្កើតពុម្ពអក្សរខ្មែរជាង ៤០ សម្រាប់ប្រើប្រាស់ស្ទើរតែគ្រប់ស្ថាប័ន រួមទាំងពលរដ្ឋទូទៅមួយចំនួនផងដែរ។
ទោះបីយុវជនរូបនេះបានបង្កើតសមិទ្ធផលដ៏មោទនភាពនេះសម្រាប់សង្គម តែបើនិយាយពីជីវិតក្រោយឆាករបស់លោកវិញគឺធ្លាក់ខ្លួនជាបន្តបន្ទាប់។ តាំងពីមានផ្ទះសម្បែងផ្ទាល់ខ្លួន រហូតដល់ជួលផ្ទះគេនៅ។ និយាយពីមុខរបរផ្លាស់ប្ដូរពីមួយទៅមួយ ដែលចុងក្រោយក្លាយជាអ្នករត់កង់បី។
លោកនៅ សំណាង បានរៀបរាប់ប្រាប់ Sabay ថា ជីវិតរបស់លោកកើតមកមិនល្អដូចគេនោះទេ។ លោករៀនចប់ត្រឹមថ្នាក់ទី ១២ ប៉ុណ្ណោះ។ បើនិយាពីគោលដៅចង់ចាប់ជំនាញបន្តនៅមហាវិទ្យាល័យ លោកមិនទាន់ហ៊ានគិតនោះដែរ។
លោកថា មនុស្សជាច្រើនបានស្គាល់លោក តាមរយៈការបង្កើតពុម្អអក្សរខ្មែរ Akbalthom ប៉ុន្តែការលំបាក ការនឿយហត់ក្នុងជីវិតរបស់លោក មិនមានអ្នកដឹងច្រើនទេ។ លោកប្រាប់ប្រវត្តិថា លោកកើតជានៅទីក្រុងភ្នំពេញ ដំបូងមានផ្ទះសមរម្យដែរ ប៉ុន្តែដោយសារបញ្ហាផ្ទៃក្នុងគ្រួសារ ចុងក្រោយ បានធ្លាក់ខ្លួនមកជួលផ្ទះគេនៅ។
លោកបានរំលឹកកាលនៅរៀនថា លោកមិនសូវចូលចិត្តមុខជំនាញណាមួយទេនៅក្នុងថ្នាក់ សូម្បីទៅរៀនគួរ ក៏មិនដែលទៅហ្នឹងគេដែរ។ ម៉ោងរៀនគួរ លោកទៅរៀនកុំព្យូទ័រទៅវិញ។
លោកថា កាលរៀនគ្រាន់តែរៀនឲ្យបានៗតែប៉ុណ្ណោះ និយាយពីលទ្ធផលការប្រលងវិញបានត្រឹមតែមួយជាប់។
តើជាប់ដោយរបៀបណាទៅ បើកាលរៀនលោកប្រាប់ថាខ្សោយសឹងតែគ្រប់មុខ?
និយាយដោយមានសំណើចតិចៗផងនោះ សំណាងប្រាប់ថា កាលណោះបើគេរឹតតឹងដូចរាល់ថ្ងៃ លោកប្រហែលមិនមានសញ្ញាប័ត្របាក់ឌុបអីទេ។
ទាក់ទងការបង្កើតពុម្ភអក្សរខ្មែរ ដោយមិនមានជំនាញផ្នែកបច្ចេកទេសជ្រៅជ្រះ លោកបញ្ជាក់ថា ដោយសារលោកចូលចិត្ត ណាមួយវាក៏មិនសូវទាក់ទងការសរសេរកូដច្រើនដែរ។ និយាយរួមដោយសារបទពិសោធន៍ ចំណង់ចំណូលចិត្តនិងការស្រាវជ្រាវ ទើបលោកបង្កើតបានពុម្ភអក្សរខ្មែរ ដែលកំពុងប្រើប្រាស់រាល់ថ្ងៃនេះ។
លោកបញ្ជាក់ថា បច្ចុប្បន្នលោកនៅតែបន្តការងារបង្កើតពុម្ភអក្សរខ្មែរ បើទោះបីលោកមិនដែលទទួលបានកម្រៃបន្តិចណាមួយពីការងារធ្វើទាំងថ្ងៃទាំងយប់នេះ។ លោកចង់ឲ្យពិភពលោកស្គាល់ពីពុម្ភអក្សរខ្មែរឲ្យបានច្រើន ណាមួយលោកមើលឃើញថ្ងៃក្រោយ ការងារដែលប្រឹងនេះនឹងទទួលបានការតបស្នងមកវិញជាមិនខាន។
ថ្មីៗនេះ លោកក៏ទើបតែអំពាវនាវរកសប្បុរសជនជួបឧបត្ថម្ភថវិកាទិញកុំព្យូទ័រដ៏ល្អមួយ សម្រាប់យកទៅប្រើប្រាស់បង្កើតពុម្ភអក្សរខ្មែរនេះ។
លោកថា តម្លៃកុំព្យូទ័រដែលលោកចង់បានល្បាក់ ១ ០០០ ដុល្លារអីហ្នឹង ឥឡូវលោកទទួលបានថវិកាជាង ៤០០ ដុល្លារ សង្ឃឹមថា ការអំពាវនាវរបស់លោកនឹងទទួលបានការឆ្លើយតបៗឆាប់នេះ។
និយាយពីការចាប់ផ្តើមប្រកបរបរបើកកង់បី សំណាងឲ្យដឹងថា ទើបចាប់ផ្ដើមបានប្រហែលកន្លះខែនេះទេ រកបានតក់ៗ ណាមួយលោកក៏មិនទាន់ហ៊ានរត់ណាឆ្ងាយៗដែរ តែក្បែរៗរបងវិទ្យាល័យស៊ី សុវត្ថិ។
ទាក់ទងជីវិតថ្ងៃអនាគត លោកក៏មិនទាន់ច្បាស់ដែរ គ្រាន់តែរំពឹងថា វាមិនអាក្រក់ដូចរាល់ថ្ងៃនេះទៅចុះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...