• 2017-11-18 06:13:00
  • ព័ត៌មាន

សិស្ស​ក្រី​ក្រ ១០ នាក់​បាន​ចូល​រៀន​បច្ចេកទេស​យានយន្ត​នៅ​សាលា JVCមិន​អស់​លុយ!

  • 2017-11-18 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​សិស្ស​ក្រី​ក្រ​ចំនួន ១០ នាក់​បន្ថែម​ទៀត​ដែល​ទទួល​បាន​អាហារូបករណ៍​រយៈពេល ២ ឆ្នាំ​ពី​ក្រុមហ៊ុន​រថយន្ត Toyota ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​យានយន្ត​នៅ​ក្នុង​សាលា​បច្ចេកទេស JVC ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​កម្ពុជា។

ជំនាន់​ទី ៦ ចំនួន ១០ នាក់​ទើប​ទទួល​បានអាហារូបករណ៍​​

នេះ​ជា​ឆ្នាំ​ទី ៦ ហើយ​ដែល Toyota បាន​ផ្ដល់​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​សិស្ស​ក្រី​ក្រ​ទើប​បញ្ចប់​បាក់​ឌុប​គ្រប់​ខេត្ត-ក្រុង ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​រៀន​បន្ត​ថ្នាក់​បរិញ្ញាប័ត្រ​រង ឬ​បរិញ្ញាប័ត្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​បាន​ចំណេះដឹង ចំណេះ​ធ្វើ និង​ជំនាញ​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស​យានយន្ត ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​ឲ្យ​កាន់​តែ​សំបូរ​បែប​។ លោក​ឧកញ៉ា គង់ នួន​ប្រធាន​ក្រុមហ៊ុន Toyota ថ្លែង​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​សិស្ស​ក្រី​ក្រ​ជំនាន់​ទី ៦ និង​អបអរ​ការ​បញ្ចប់​ថ្នាក់​អាហារូបករណ៍​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត សិស្ស​ជំនាន់​ទី ៤។

លោក​ឧកញ៉ា គង់ នួន​ប្រធាន​ក្រុមហ៊ុន Toyota

នាយក​សាលា​បច្ចេកទេស JVC លោក ស៊ឹម សារិន្ទ ក៏​បាន​លើក​ឡើង​ពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ពិធី​ប្រគល់​អាហារូបករណ៍​នេះ​ដែរ​ថា៖ តាំង​ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ កម្ពុជា​សឹង​តែ​រក​អ្នក​ជំនាញ​ផ្នែក​បច្ចេកទេស​ជួស​ជុល​រថយន្ត​ម្នាក់​មិន​បាន​ទេ ទើប​តែ​ខាង​ជប៉ុន​ផ្ដល់​ជំនួយ​និង​អ្នក​ជំនាញ​ពីរ​នាក់​ផ្នែក​បច្ចេកទេស​បង្រៀន​នៅ​សាលា​រដ្ឋ ទើប​ចេះ​តែ​បន្ត​ដុះ​ដាល​អ្នក​ជំនាញ​ផ្នែក​នេះ​ត​រហូត​មក។

លោក ស៊ឹម សារិន្ទ នាយក​សាលា​បច្ចេកទេស JVC

គិត​មក​ដល់​ឆ្នាំ​សិក្សា​ជំនាន់​ទី ៦ នេះ Toyota បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​សរុប​ចំនួន ៦៧ នាក់​ហើយ​ដែល​ក្នុង​នោះ​មាន​សិស្ស​ជំនាន់​ទី១ ចំនួន ១៦ នាក់ ជំនាន់​ទី ២ ចំនួន ១០ នាក់ ជំនាន់ទី៣ ចំនួន ១០ នាក់ ជំនាន់​ទី ៤ ចំនួន ១០ នាក់ ជំនាន់​ទី ៥ កំពុង​សិក្សា​នៅ​សល់​មួយ​ឆ្នាំ​ទៀត​ទើប​ចប់ និង​ជំនាន់​ទី ៦ ចំនួន ១០ នាក់​ទើប​ទទួល​បានអាហារូបករណ៍​​។

ចំពោះ​លក្ខខណ្ឌ​ទទួល​សិស្ស​ក្រី​ក្រ លោក លី ប៊ុន​ហៃ នាយក​ផ្នែក​គ្រប់​គ្រង​ផ្នែក​លក់ និង​ទីផ្សារ បាន​ឲ្យ​ដឹង​ថា សិស្ស​ទាំង​អស់​ត្រូវ​ជាប់​ឬ​ធ្លាក់​បាក់​ឌុប ជា​សិស្ស​ក្រី​ក្រ​មាន​ការ​បញ្ជាក់​ពី​ភូមិ​-ឃុំ និង​ការ​ចុះ​មើល​ផ្ទាល់​ពី​ក្រុមការងារ​អាហារូបករណ៍​ Toyota ទទួល​ត្រឹម ១០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ និង​ជា​សិស្ស​ស្រលាញ់​ការ​សិក្សា​ជាពិសេស​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​ជា​ដើម​។

អាហារូបករណ៍​របស់ Toyota រៀន​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្តនេះ​ សម្រាប់​សិក្សា​រយៈពេល​​ពីរ​ឆ្នាំ មាន​រួម​បញ្ចូល​ទាំង​ថ្លៃ​សិក្សា ថ្លៃ​ស្នាក់​នៅ ប្រាក់​ឧបត្ថម្ភ និង​ឧកាស​ការងារ​ក្នុង​ក្រុមហ៊ុន​តូយ៉ូតា​​​ផង​ដែរ៕

សិស្ស​ជំនាន់​ទី ៦ និង​ជំនាន់​ទី ៤ ថត​រូប​ជំុំ​គ្នា​

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

មតិយោបល់