- 2017-08-25 03:54:54
- ព័ត៌មាន
យុវជនពីររូប ប្រឹងដាច់យប់បង្កើតកម្មវិធីដាក់ឲ្យគេប្រើ ទោះគ្មានជំនួយ
- 2017-08-25 03:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនពីររូប ប្រឹងដាច់យប់បង្កើតកម្មវិធីដាក់ឲ្យគេប្រើ ទោះគ្មានជំនួយ
ចន្លោះមិនឃើញ
ត្បិតថាគ្មានជំនួយ តែយុវជនពីររូបបានតស៊ូបង្កើតកម្មវិធីជាប្រយោជន៍សាធារណៈសម្រាប់ដាក់ឲ្យប្រើដោយឥតគិតថ្លៃ គួរឲ្យស្ងើចសរសើរ។
យុវជនវ័យ ២៣ ឆ្នាំ សិក្សាជំនាញសំណង់ស៊ីវិល រ៉ន ធារិទ្ធ ប្រាប់ថា មូលហេតុដែលបណ្ដាលចិត្តលោកបង្កើតកម្មវិធីវចនានុក្រមរូបភាព អ៊អ៊ ៩ ក្នុង ១ ខេមរភាសានេះឡើង ដោយសារអ្នកបង្កើតកម្មវិធីវចនានុក្រមរូបភាព មិនសូវសំបូរ។ ម្យ៉ាងទៀត ដោយសារតែការស្រឡាញ់វិស័យបច្ចេកវិទ្យា ការស្រាវជ្រាវនិងក្នុងគោលបំណងចង់ឲ្យមានកម្មវិធីអប់រំជាភាសាខ្មែរនៅលើអ៊ីនធឺណិតកាន់តែច្រើនដើម្បីជួយសម្រួលក្នុងការស្រាវជ្រាវដល់សិស្សជំនាន់ក្រោយ។
ការបង្កើតកម្មវិធីនេះ ធារិទ្ធជួបការលំបាកច្រើនមែនទែន ព្រោះត្រូវចំណាយពេលវេលាផ្ទាល់ខ្លួនរយៈពេលជាង ២ ឆ្នាំ ដាច់យប់ស្ទើររាល់ថ្ងៃ ដើម្បីចង់ឲ្យមានកម្មវិធីវចនានុក្រមរូបភាពជាខេមរភាសា សម្រាប់ដាក់ឲ្យប្រើឥតគិតថ្លៃនិងទូលំទូលាយ ទើបព្យាយាមសាកល្បងធ្វើរហូតបានសម្រេច។
ងាកមកលោក មាស ស៊ីណាល់ មានស្រុកកំណើតមកពីខេត្តសៀមរាប បានប្រើពេល ២ ឆ្នាំ បង្កើតបានកម្មវិធីផ្ដល់សេវាកម្មកក់បន្ទប់សណ្ឋាគារអនឡាញ Bayonia សម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់ នៅពាក់កណ្ដាលឆ្នាំ ២០១៦។
ស្ថាបនិករូបនេះ បានឲ្យដឹងថា លោកបានបោះបង់ការងារជាអ្នកអភិវឌ្ឍកម្មវិធីវិបសាយ(Web Developer) ពីក្រុមហ៊ុនមួយកន្លែង។ ព្រោះស្រលាញ់វិស័យបច្ចេកវិទ្យា លោកបង្កើតវិបសាយកក់បន្ទប់សណ្ឋាគារក្នុងស្រុកមួយដែលផ្ដល់ភាពងាយស្រួល ដល់ប្រជាជនខ្មែរក្នុងការស្វែងរកព័ត៌មានពីកន្លែងស្នាក់នៅ ពេលពួកគេធ្វើដំណើរកម្សាន្តនានា។
លោកបញ្ជាក់ថា អ្វីដែលលោកខិតខំធ្វើនេះគឺដើម្បីចូលរួមចំណែកជួយដល់សង្គមតាមដែលខ្លួនអាចធ្វើបាន។
មកទល់ពេលនេះអតីតអ្នកអភិវឌ្ឍកម្មវិធីវិបសាយ(Web Developer) វ័យក្មេងនេះ បានបង្កើតចេញជាវិបសាយកក់សណ្ឋាគារ ឬ ផ្ទះសំណាក់អនឡាញឈ្មោះថា Bayonia ដែលទទួលបានការសហការ ពីសណ្ឋាគារនិងរមណីយដ្ឋានល្បីៗក្នុងស្រុកជាង ៣០ កន្លែង។ វិបសាយនេះ មានភ្ជាប់ជាមួយព័ត៌មានជាច្រើននិងតម្លៃពីសណ្ឋាគារនិងរមណីយដ្ឋានល្បីៗ សម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន។
នៅពេលចំនួនអ្នកប្រើប្រាស់ Bayonia ច្រើនឡើងៗ ស៊ីណាល់ សង្ឃឹមថា Bayonia នឹងក្លាយជាវិបសាយកក់សណ្ឋាគារ ឬ ផ្ទះសំណាក់ មានប្រជាប្រិយភាពមួយសម្រាប់ពលរដ្ឋកម្ពុជាដូចទៅនឹងវេបសាយ Booking.com ដ៏ល្បីរបស់ពិភពលោក៕
ចុចអានអត្ថបទ៖