- 2017-07-25 07:02:18
- ព័ត៌មាន
ម៉ាកទូរទស្សន៍ JVC ធ្លាប់ល្បីខ្លាំង ឥឡូវម៉េចហើយ?
- 2017-07-25 07:02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកទូរទស្សន៍ JVC ធ្លាប់ល្បីខ្លាំង ឥឡូវម៉េចហើយ?
ចន្លោះមិនឃើញ
និយាយដល់ម៉ាកទូរទស្សន៍ JVC មានមនុស្សជាច្រើនច្បាស់ជាចាំថាជាម៉ាកទូរទស្សន៍ដែលធ្លាប់ទទួលបានការពេញនិយមខ្លាំងប្រមាណ ១០ ឆ្នាំមុន។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការវាយលុកពីទូរទស្សន៍ឆ្លាតវៃខ្លាំង ធ្វើឲ្យ JVC ស្ទើរតែបាត់ស្រមោលទៅហើយ។ តទៅនេះនឹងនិយាយត្រួសៗពីម៉ាក JVC ៖
JVC មកពីពាក្យពេញថា Japan Victor Company ដោយនេះជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសជប៉ុន មានមូលដ្ឋាននៅទីក្រុងយូកូហាម៉ាប្រទេសជប៉ុន។ ក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ ហើយត្រូវបានគេស្គាល់ច្រើនព្រោះតែបានបង្ហាញចេញទូរទស្សន៍ដំបូងគេក្នុងប្រទេសជប៉ុននៅឆ្នាំ ១៩៣៩ និង ល្បីដោយសារការបង្កើតឧបករណ៍ថតវីដេអូ VHS កាលឆ្នាំ ១៩៧៦ ផងដែរ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ២០០៨ ក្រុមហ៊ុន Panasonic ជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេក្នុងក្រុមហ៊ុន JVC។ នៅឆ្នាំ ២០០៧ ក្រុមហ៊ុន JVC ក៏បានចេញមុខបញ្ជាក់ពីយុទ្ធសាស្ត្រសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុន Kenwood និង SPARKX Investment ដែលនាំឲ្យបរិមាណភាគហ៊ុនដែល Panasonic កាន់កាប់ថយចុះសល់ ៣៧%។ បន្ទាប់មកទៀតនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០០៨ ក្រុមហ៊ុន JVC និង Kenwood បានឯកភាព និង ចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងដាក់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា ដោយប្រើឈ្មោះថ្មីថា “JVC KENWOOD”។
មុនការបញ្ចូលក្រុមហ៊ុននេះក្រុមហ៊ុន JVC ក៏បានធ្វើការប្រកាសកាលពីខែមេសា ឆ្នាំ ២០០៨ ថានឹងបិទរោងចក្រផលិតទូរទស្សន៍នៅតំបន់ East Kilbride ប្រទេសស្កុតឡែន និង នៅជប៉ុន ដោយបន្សល់ទុកតែនៅប្រទេសថៃមួយប៉ុណ្ណោះ។ យ៉ាងណាក្ដីបច្ចុប្បន្ននេះទូរទស្សន៍ម៉ាក JVC ផលិតឡើងដោយក្រុមហ៊ុនពីរគឺ AmTRAN Video Corporation (សម្រាប់តំបន់អាមេរិកខាងជើង) និង Dixons Carphone (សម្រាប់តំបន់អឺរ៉ុប) ដែលផលិតដោយស្ថិតក្រោមអាជ្ញាប័ណ្ណរបស់ JVC Kenwood។
ទូរទស្សន៍ស៊េរីចុងក្រោយបំផុតដែល JVC Kenwood បានប្រកាសចេញគឺម៉ូដែល Diamond Series Ultra HD អេក្រង់ ៨៥ អ៊ីញ ដែលចេញលក់ដំបូងមានតម្លៃដល់ ៧ ៩៩៩ ដុល្លារឯណោះ។ ក្រៅពីជំនួញទូរទស្សន៍ក្រុមហ៊ុននេះក៏ផលិតនូវឧបករណ៍ដទៃទៀតជាច្រើនដូចជាកាសស្ដាប់, ម៉ាស៊ីនថត, កាមេរ៉ាសុវត្ថិភាព, ប្រព័ន្ធសំឡេង និង ឧបករណ៍បញ្ចាំងរូបភាពជាដើម៕
ចុចអាន៖