- 2017-06-22 02:54:30
- ផលិតផលថ្មី
គិតឲ្យច្បាស់មុនសម្រេចចិត្តទិញ OnePlus 5 ឫ Galaxy S8?
- 2017-06-22 02:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតឲ្យច្បាស់មុនសម្រេចចិត្តទិញ OnePlus 5 ឫ Galaxy S8?
ចន្លោះមិនឃើញ
កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី ២១ ក្រុមហ៊ុន OnePlus របស់ប្រទេសចិន បានប្រកាសបង្ហាញស្មាតហ្វូនកាមេរ៉ាភ្លោះដំបូងរបស់ខ្លួនម៉ូដែល OnePlus 5។
មានចំណុចចាប់អារម្មណ៍ជាច្រើនសម្រាប់ទូរសព្ទស៊េរីថ្មីនេះ។ Sabay ប្រៀបធៀបចំណុចឈ្នះចាញ់ OnePlus 5 ទៅទូរសព្ទជំនាន់ចុងក្រោយរបស់ Samsung Galaxy S8 ដើម្បីពិចារណា។
១.កម្រិតបង្ហាញអេក្រង់
ចំណុចសំខាន់បំផុតនៃស្មាតហ្វូនគឺភាពទាក់ទាញនៃអេក្រង់។ ចំណុចមួយដ៏វិសេសវិសាលរបស់ S8 គឺមានអេក្រង់ធំទំហំ ៥,៨ អ៊ីញ កម្រិត Quad-HD AMOLED ដែលមានរាងកោងសងខាងនិងជាផ្ទៃអេក្រង់ពេញ។
ចំណែក OnePlus 5 មានផ្ទៃអេក្រង់ ៥,៥ អ៊ីញមិនជាធំប៉ុន្មានទេ ហើយមានរូបរាងអេក្រង់មុខស្រដៀងទៅនឹងស្មាតហ្វូនដទៃៗទៀតនៅលើទីផ្សារ។ ប៉ុន្តែកម្រិតបង្ហាញអេក្រង់របស់ OP5 មានត្រឹមតែ 1080P កម្រិត HD AMOLED ធម្មតានៅចាញ់ឆ្ងាយធៀបទៅនឹង S8 ។
ត្រង់ចំណុចនេះ បើអ្នកពេញចិត្តអេក្រង់ធំ S8 គឺល្អបំផុត ប៉ុន្តែបើស្រលាញ់ម៉ូដអេក្រង់សល់ផ្ទៃហើយរាងតូចល្មម OP5 ពិតជាមិនខុសឡើយ។
២.ការរចនា
តួខ្លួនរបស់ OnePlus 5 ជាលោហៈរឹងមាំទាំងអស់មិនថាតែផ្នែកខាងក្រោយ ទោះបីវាមិនសូវប្លែកភ្នែក ប៉ុន្តែយើងមិនសូវភ័យខ្លាចរឿងធ្លាក់បែកប្រេះស្រាំឡើយ។ ផ្ទុយទៅវិញ S8 ជាប្រភេទកញ្ចក់ស្រោបពីក្រៅ ដែលមើលទៅវាលេចធ្លោ ប៉ុន្តែរឿងធ្លាក់អាចជាចាញ់ OnePlus ។ ចំពោះការដាក់ទ្រនាប់ស្កេនក្រយៅដៃ យើងមានជម្រើស ២ សម្រាប់អ្នកទាំងអស់គ្នា រវាងនៅទីតាំងក្រោយក្បែរកាមេរ៉ារបស់ S8 និងនៅលើប៊ូតុង Home របស់ OP5 ទាំងល្បឿនចាប់យករបស់វាអាចប្រហាក់ប្រហែលគ្នា។
យ៉ាងណាមិញ OP5 ចាញ់គេត្រង់មុខងារ គ្មានបំពាក់អាវក្រោះការពារទឹកតែម្ដង នៅចាញ់ S8 មានអាវក្រោះស្តង់ដារ IP68 ដែលអាចចុចលេងក្នុងទឹកជម្រៅជាង ១ ម៉ែត្រកន្លះ រយៈពេល ៣០ នាទីបានយ៉ាងព្រងើយ។
៣.លក្ខណៈសម្បត្តិម៉ាស៊ីន
អ្វីដែលជាចំណុចរសើបបំផុត ត្រង់លក្ខណៈសម្បត្តិម៉ាស៊ីន OP5 តម្លៃត្រឹម ៤៧៩ ដុល្លារ សឹងតែមានកម្លាំងប្រហែលគ្នាទៅនឹង S8 ដែលមានតម្លៃជាង ៧០០ ដុល្លារ។
+លក្ខណៈសម្បត្តិ OP5
-អេក្រង់ ៥,៥ អ៊ីញ កម្រិត 1080p HD AMOLED -បន្ទះឈីប Snapdragon 835 (ដូច S8) -បំពាក់ RAM 6GB អង្គផ្ទុក 64GB ឫជម្រើស RAM 8GB អង្គផ្ទុក 128GB -គ្មានរន្ធបន្ថែម Micro-SD Card -ដំណើរការ Android Nougat ជាមួយ Oxygen OS -កាមេរ៉ាក្រោយភ្លោះមួយគ្រាប់ 20MP មាន Aperture f/2.6 និងមួយគ្រាប់ទៀត 16MP មាន Aperture f/1.7 -កាមេរ៉ាមុខទំហំ 16MP -ទ្រនាប់ស្កេនក្រយៅដៃនៅខាងមុខ -ថាមពលថ្ម 3,300mAh មានមុខងារសាកថ្មរហ័ស Faster Dash Charging (0-92% ក្នុងមួយម៉ោង) -USB ប្រភេទ C មានរន្ធដោតកាស និងបិទបើក Mute -ផ្នែកក្រោមជាឧបករណ៍បំពងសម្លេង... +លក្ខណៈសម្បត្តិ S8
-អេក្រង់ ៥,៨ អ៊ីញ កម្រិត Quad HD 2560x1440 ភីកសែល ជាអេក្រង់ពេញកោង -ប្រើឈីប Snapdragon 835 ឫ Exynos របស់ SAMSUNG -ទំហំ RAM 4GB និងអង្គផ្ទុក 64GB មានរន្ធបន្ថែម Micro-SD (RAM 6GB តាមទីផ្សារប្រទេសផ្សេងៗ) -Android 7.1.1 Nougat ជាមួយប្រព័ន្ធ SAMSUNG TouchWiz -កាមេរ៉ាមួយគ្រាប់ទំហំ 12MP ប្រភេទ DualPixel មាន Aperture f/1.7 -កាមេរ៉ាមុខ 8MP មានមុខងារ Auto-Focus -មានមុខងារស្កេនប្រស្រីភ្នែកនិងមុខ -ទ្រនាប់ស្កេនក្រយៅដៃនៅខាងក្រោយ -មានមុខងារការពារទឹកនិងធូលីដី IP68 -ថាមពលថ្ម 3,000mAh -មុខងារ Always-On Display -SAMSUNG Pay -មានរន្ធដោតកាស, USB ប្រភេទ C និងមុខងារ Bixby AI បើយើងនិយាយពីល្បឿនអាចថាវាមិនជាស៊ីដាច់គ្នាទេ ប៉ុន្តែមុខងារកាមេរ៉ាយើងមិនទាន់អាចសន្មត់បានថា S8 ធ្វើបានប្រសើរជាង OP5 ឫអត់ឡើយ លុះត្រាតែមានវីដេអូតេស្តសាកល្បងពិតប្រាកដចេញផ្សាយសិន។ សម្រាប់មុខងារពិសេសៗ ត្រូវទទួលស្គាល់ S8 មានច្រើនជាង OP5 ។ ប៉ុន្តែសម្រាប់ជម្រើសក្រោយបំផុតរបស់ OP5 ដែលមាន RAM 8GB និងអង្គផ្ទុក 128GB តម្លៃរបស់វាក៏នៅតែថោកជាង S8 ដល់ទៅជិត ២០០ ដុល្លារឯ ណោះ។
៤.កាមេរ៉ា
សម្រាប់ផ្នែកកាមេរ៉ា OP5 អាចធ្វើបានប្រហែលនឹង iPhone 7 Plus ខណៈវាមានមុខងារថតរូបព្រាលដាច់ Background ក្រោយដូចគ្នា។ មុខងារជាច្រើននៃការថតរូបរបស់ OnePlus ដូចជា Pro Mode វាជាមុខងារពិសេសបំផុត។
បើយើងធៀបទៅនឹង S8 ត្រង់មុខងារ Focus វិញ ក្រុមហ៊ុន OnePlus បានប្រកាសហើយ ថាមានល្បឿនលឿនជាង ៤០ ភាគរយធៀបនឹង OP 3T ដែលត្រង់ចំណុចនេះ OP5 អាចធៀបទៅនឹង S8 បាន។ កាមេរ៉ាក្រោយ ២ គ្រាប់ទំហំ 20+16MP វាទាំងពីរជួយបានគ្រប់ស្ថានភាពនៃការថតរូបបានយ៉ាងល្អ។ ត្រង់កាមេរ៉ាមុខទំហំ 16MP អាចថត Selfie មិនថានៅទីតាំងងងឹត វាធ្វើបានល្អបំផុត គួបផ្សំនឹងមុខងារ Wide-Angel អាចថតបានមនុស្សច្រើនគ្នា ហើយថតវីដេអូក្នុងកម្រិត 1080p ។
រំលឹកថាចំពោះ S8 កន្លងទៅ បានជាប់ឈ្មោះជាស្មាតហ្វូនមានកាមេរ៉ាល្អបំផុត ប៉ុន្តែបើធៀបនឹង OP5 យើងមិនអាចសន្និដ្ឋានបានឡើយក្នុងពេលនេះ ព្រោះត្រូវរង់ចាំវីដេអូតេស្តផ្ទាល់ ទើបអាចយកជាការបាន។
៥.តម្លៃ
-OnePlus 5 ទំហំផ្ទុក 64GB មាន RAM 6GB តម្លៃ ៤៧៩ ដុល្លារ -OnePlus 5 ទំហំផ្ទុក 128GB មាន RAM 8GB តម្លៃ ៥៣៩ ដុល្លារ -Galaxy S8 ទំហំ RAM 4GB អង្គផ្ទុក 64GB តម្លៃ ៧៤៩ ដុល្លារ (ទៅតាមតំបន់)
តម្លៃរបស់វាគឺខុសគ្នាជាង ២៥០ ដុល្លារ ប៉ុន្តែលក្ខណៈ សម្បត្តិដូចជាមិនខុសគ្នាច្រើនឡើយ។ ត្រង់ចំណុចនេះក៏សំខាន់លើអ្នកផ្ទាល់ បើអ្នកស្រលាញ់ស្មាតហ្វូនមានរូបរាងស្អាត ទាន់សម័យ និងមានអេក្រង់ធំ ហើយអាវក្រោះការពារទឹក គួររើសយក S8 ប៉ុន្តែបើអ្នកគិតថាត្រឹមរូបរាងវាមិនសំខាន់ ហើយមុខងារការពារទឹក វាមិនជាចាំបាច់សម្រាប់អ្នក អ្នកក៏គួរសាកល្បងរើសយក OnePlus 5 ហើយសល់លុយ ២៥០ ដុល្លារទុកទៅទិញរបស់របរអ្វីផ្សេងទៀតក៏បាន។
បន្តចុចអាន៖