- 2017-04-25 03:39:33
- ព័ត៌មាន
Yamaha កំណត់គោលដៅបង្កើនបរិមាណលក់ម៉ូតូឲ្យបាន ៤ ដងក្នុងឆ្នាំ ២០១៧
- 2017-04-25 03:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha កំណត់គោលដៅបង្កើនបរិមាណលក់ម៉ូតូឲ្យបាន ៤ ដងក្នុងឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha បានកំណត់គោលដៅក្នុងឆ្នាំ ២០១៧ នឹងបង្កើនបរិមាណលក់ម៉ូតូឲ្យបាន ៤ ដងដើម្បីឈានទៅកាន់កាប់ចំណែកទីផ្សារ ២០ ភាគរយនាប៉ុន្មានឆ្នាំខាងមុខ។
ការដាក់ផែនការនេះ បន្ទាប់ពីក្រុមហ៊ុនផលិតម៉ូតូមានមូលដ្ឋានមកពីជប៉ុននេះបានផ្លាស់ប្ដូររចនាសម្ព័ន្ធគ្រប់គ្រង និងបានរៀបចំយុទ្ធសាស្ត្រថ្មីមួយចំនួន ដើម្បីជំរុញទីផ្សារលក់ម៉ូតូរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
លោក គង់ នួន ប្រធានក្រុមហ៊ុនយ៉ាម៉ាហាកម្ពុជាបានឲ្យដឹងថា ជាគោលដៅឆ្នាំ ២០១៧ ក្រុមហ៊ុនត្រូវខិតខំសម្រេចឲ្យបានការបង្កើនបរិមាណលក់ម៉ូតូ Yamaha ឲ្យបាន ៤ ដងលើចំនួនលក់បច្ចុប្បន្ន។
លោកមើលឃើញតម្រូវការប្រើប្រាស់ម៉ូតូរបស់ពលរដ្ឋកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ទោះបីទីផ្សារមានភាពចង្អៀតស្របពេលមានការប្រកួតប្រជែងគ្នាពីម៉ាកក្រុមហ៊ុនកាន់តែច្រើន។
លោកបញ្ជាក់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅនេះ ក្រុមហ៊ុនប្រើយុទ្ធសាស្ត្រពង្រីកបណ្ដាញដៃគូចែកចាយនិងជំរុញការផ្សព្វផ្សាយខ្លាំងជាងមុន។ ក្រុមហ៊ុនបានអភិវឌ្ឍលើស៊េរីម៉ូតូជំនាន់ថ្មីទាំងកម្លាំងម៉ាស៊ីននិងកម្រិតស៊ីសាំងប្រសើរជាងមុន ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
យ៉ាងណា លោកមិនបានបញ្ជាក់បរិមាណដែលក្រុមហ៊ុនគ្រោងលក់ក្នុងឆ្នាំ ២០១៧ នោះទេ។
ចាប់ផ្តើមបើកទីផ្សារក្នុងឆ្នាំ ២០០៨ ម៉ូតូ Yamaha ត្រូវបានគេស្គាល់ច្រើនតាមរយៈការចេញបង្ហាញរូបរាងរបស់ Fino និងបន្តមកមាន FZ។ យ៉ាងណាប្រជាប្រិយភាពរបស់ម៉ូតូ Fino បានធ្លាក់ចុះ ដោយសារបញ្ហាស៊ីសាំង។ ប៉ុន្តែលើម៉ូដែលក្រោយៗ ក្រុមហ៊ុន Yamaha បានអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនជំនាន់ថ្មីដែលធ្វើឲ្យម៉ូតូ Fino ស៊ីសាំងតិចជាមុនដើម្បីប្រជែងម៉ូតូ Scoopy របស់ Honda និងម៉ូតូរបស់ Suzuki។
លោក គង់ នួន ទទួលស្គាល់ថា ចំណែកទីផ្សារម៉ូតូ Yamaha នៅតិចបើធៀបគូប្រជែងធំៗ ប៉ុន្តែការអនុវត្តយុទ្ធសាស្រ្តជំរុញទីផ្សារនេះ លោករំពឹងថានឹងអាចបង្កើនចំណែកទីផ្សារ Yamaha ប្រសើរជាងមុន។
ម៉ូតូ Yamaha ដែលនាំមកលក់ស្រុកខ្មែរ ភាគច្រើននាំចូលមកមកពីថៃ វៀតណាមនិងឥណ្ឌានិងមួយចំនួនក៏បានដំឡើងនៅក្នុងស្រុក។