• 2017-02-23 04:17:17
  • ផលិតផលថ្មី

ចង់​ទិញ iPhone 7 ចោល iPhone 6s និង​ iPhone 6 គិត​ឲ្យ​ច្បាស់

  • 2017-02-23 04:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​​ជុំវិញ​ពិភពលោក​ជិត​ ៦ ខែ​មក​ហើយ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​រារែក​ចិត្ត​ថា​តើ​គួរ​​ប្ដូរ​ពី​​ iPhone ​ជំនាន់​ចាស់​មក​ប្រើ​ជំនាន់​ថ្មី​នេះ​ឬ​ក៏​អត់​ ដោយ​ប្រហែល​​មិន​ទាន់​បាន​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ iPhone ស៊េរី​ថ្មី​ជា​មួយ​ iPhone ស៊េរី​មុនៗ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ iPhone 7, 6s និង 6៖

ការ​រចនា ៖

iPhone 7 ស្ទើរ​តែ​មាន​រូបរាង​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ iPhone 6s និង iPhone 6។ ប៉ុន្តែ​វា​ក៏​មាន​ចំណុច​ខុស​គ្នា​ខ្លះៗ​ដូច​ជា​ខ្សែ​អង់តែន​បាន​ប្ដូរ​ទៅ​ផ្នែក​គែម​ខាង​លើ​ និង គែម​ខាង​ក្រោម​នៃ​ទូរសព្ទ, រូបរាង​កាមេរ៉ា​លើ iPhone 7 ​ខុស​ប្លែក​ពី​មុន​បន្តិច, មិន​មាន​រន្ធ​ដោត​កាស​ 3.5mm និង មាន​ប្រព័ន្ធ​សំឡេង​ប្រភេទ​ស្តេរីអូ។

iPhone 7 ក៏​មាន​បច្ចេកវិទ្យា​ធន់​នឹង​ទឹក​កម្រិត​ IP67 ស្រប​ពេល​ដែល​ប៊ូតុង​ Home រចនា​ថ្មី​លែង​ចុច​ដូច​ពី​មុន។ គេ​បាន​បន្ថែម​ពណ៌​ថ្មី​ពីរ​លើ iPhone 7 គឺ​ពណ៌​ខ្មៅ​រលោង និង ខ្មៅ​គ្រើម។ iPhone 7 មាន​ទំហំ​ ១៣៨,៣ x ៦៧,១ x ៧,១​ ម.ម​ ​ប៉ុន​ iPhone 6s ប៉ុន្តែ​មាន​ទម្ងន់​ស្រាល​ជាង​ដោយ​ 7 មាន​ទម្ងន់​ ១៣៨ ក្រាម​ និង 6s ទម្ងន់​ ១៤៣ ក្រាម។ ប៉ុន្តែ​ iPhone 6 ​គឺ​ស្រាល​ជាង​និង​ស្ដើង​ជាង​ដោយ​មាន​ទំហំ​ ១៣៨,១ x ៦៧ x ៦,៩ ម.ម និង​ទម្ងន់​ ១២៩ ក្រាម។

អេក្រង់ ៖

iPhone ទាំង​បី​ម៉ូដែល​សុទ្ធ​តែ​មាន​អេក្រង់​ទំហំ​ ៤,៧ អ៊ីញ, ប្រភេទ​ Retina HD ដែល​អាច​បង្ហាញ​រូបភាព​បាន​ ៣២៦ ភីកសែល​ក្នុង​មួយ​អ៊ីញ។ ប៉ុន្តែ​ Apple អះអាង​ថា​ iPhone 7 មាន​អេក្រង់​ដែល​ភ្លឺ​ជាង​មុន​ ២៥% និង​ មាន​បច្ចេកវិទ្យា​ colour gamut ដែល​ជួយ​ឲ្យ​រូបភាព​ដិត​ និង មុត​ជាង​មុន។ iPhone 7 និង 6s មាន​បង្កប់​បច្ចេកវិទ្យា​ 3D Touch លើ​អេក្រង់​ ចំណែក​ iPhone 6 មិន​មាន​ឡើយ។

កាមេរ៉ា ៖

កាមេរ៉ា​ក្រោយ​របស់​ iPhone 7 មាន​ទំហំ​ ១២ MP ដែល​មាន​ Aperture f/1.8, មាន​បច្ចេកវិទ្យា​ទប់​លំនឹង និង មាន​ភ្លើង​ LED ដល់​ទៅ​បួន​គ្រាប់។ ចំណែក​កាមេរ៉ា​ខាង​មុខ​បាន​បន្ថែម​កម្រិត​ដល់​ ៧ MP រួម​ទាំង​មាន​ភ្លើង​ Flash Retina ទៀត​ផង។ កាមេរ៉ា​មុខ​ថត​វីដេអូ​បាន​កម្រិត​ 1080p និង កាមេរ៉ា​ក្រោយ​បាន​កម្រិត​ 4K។

iPhone 6s ឯណោះ​វិញ​​មាន​កាមេរ៉ា​មុខ​ ៥ MP និង កាមេរ៉ា​ក្រោយ​ ១២ MP ដែល​មាន​ Aperture f/2.2 ដូច​គ្នា។ ជា​ម៉ូដែល​ iPhone ដំបូង​ដែល​មាន​ភ្លើង​ Flash Retina សម្រាប់​ការ​ថត​ Selfie។

iPhone 6 មាន​កាមេរ៉ា​ក្រោយ​កម្រិត​ ៨ MP រួម​ជា​មួយ​កាមេរ៉ា​មុខ​ ១,២ MP ដែល​មាន​ Aperture f/2.2 ដូច​គ្នា។ iPhone 6 មិន​មាន​ភ្លើង​ Flash Retina​ ឡើយ​ ហើយ​ទាំង​ iPhone 6 និង 6s មិន​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ឡើយ។

ម៉ាស៊ីន ៖

iPhone 7 ប្រើ​បន្ទះ​ឈីប​ថ្មី​បំផុត​ A10 Fusion រួម​ជា​មួយ​ Coprocessor M10 ដែល​លឿន​ជាង​ A9 ៤០% និង លឿន​ជាង​ A8 ពីរ​ដង។ មិន​តែ​ប៉ុណ្ណោះ​ GPU ថ្មី​របស់​ iPhone 7 ក៏​មាន​ដំណើរ​ការ​ប្រសើរ​ជាង​ A9 ដល់​ ៥០% និង ប្រសើរ​ជាង​ A8 ដល់​ទៅ​បី​ដង។ ទំហំ​ថ្ម​របស់​ iPhone 7 ​គឺ​ ១៩៦០ mAh ដែល​អាច​ប្រើ​បាន​យូរ​ជាង​ iPhone 6s ពីរ​ដង។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ ៣២ GB, ១២៨ GB និង ២៥៦ GB និង មាន​ RAM ២ GB។

ដោយ​ឡែក​ iPhone 6s ប្រើ​បន្ទះ​ឈីប​ A9 និង Coprocessor M9 រួម​ជា​មួយ​ RAM ទំហំ​ ២ GB។ ដើម​ឡើយ​ iPhone 6s មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB, ៦៤ GB និង ១២៨ GB ប៉ុន្តែ​ក្រោយ​មក Apple បាន​ដក​ជម្រើស​ ១៦ GB ចេញ​ជំនួស​មក​វិញ​ទំហំ​ ៣២ GB។

សម្រាប់ iPhone 6 ប្រើ​ឈីប​ A8 និង Coprocessor M8 រួម​ជា​មួយ​ RAM ទំហំ​ ១ GB។ iPhone 6 នេះ​ដែរ​ Apple បាន​បញ្ឈប់​ការ​ផលិត​ហើយ។

ប្រព័ន្ធ​ប្រតិបត្តិការ ៖

iPhone ទាំង​បី​ម៉ូដែល​សុទ្ធ​តែ​អាច​ដំឡើង​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​ iOS 10 បាន។

សរុប​សេចក្ដី ៖

បើ​ក្រឡេក​មើល​ចំណុច​ខាង​លើ​គេ​យល់​ថា​​ការ​ផ្លាស់​ប្ដូរ​ដែល​មាន​លើ iPhone 7 ហាក់​មិន​ខ្លាំង​ក្លា​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​លើ iPhone 6 ដែល​ប្រកាស​នៅ​ឆ្នាំ​ ២០១៤ ឡើយ។ យ៉ាងណាក្ដី​វា​ក៏​មាន​ចំណុច​​បន្ថែម​ថ្មី​មួយ​ចំនួន​ដែល​អាច​ជ្រោមជ្រែង​អ្នក​ប្រើ​ប្រាស់​ឲ្យ​ចោល​ iPhone ស៊េរី​ចាស់​ដូរ​យក iPhone 7 ជំនាន់​ថ្មី​នេះ​បាន៕​​​

​​​​​​​​​​​​​

ប្រភព៖ Pocket Lint ប្រែ​សម្រួល៖ សុខហេង

មតិយោបល់