• 2017-02-06 02:23:18
  • ព័ត៌មាន

យុវជន​ពីរ​រូប​ ជោគជ័យ​បង្កើត​កម្មវិធី​ទូរសព្ទ ទោះ​គ្មាន​ជំនាញ​ IT

  • 2017-02-06 02:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​គ្មាន​ជំនាញ IT តែ​យុវជន​​ឆ្នើម​ពីរ​រូប តស៊ូ​រៀន​លើ​អនឡាញ​​បង្កើត​កម្មវិធី​ទូរសព្ទ រហូត​ជោគជ័យ​មិន​គួរ​ឲ្យ​ជឿ។

អ្នក​ខេត្ត​កំពង់​ធំ សិក្សា​ជំនាញ​ឧស្សាហកម្ម​ ជៀប គន្ធា ប្រាប់​ថា មូលហេតុ​បណ្ដាល​ចិត្ត​លោក​​​បង្កើត App សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ​ដាក់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ព្រោះ​តែ​ការ​​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា និង​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​កម្មវិធី​អប់រំ​ជា​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​​កាន់​តែ​ច្រើន​​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ស្រាវជ្រាវ​ដល់​សិស្ស​ជំនាន់​ក្រោយ។

ការ​​បង្កើត App នេះ​ អតីត​សិស្ស​ពូកែ​គណិតវិទ្យា​​ខាង​លើ​​​​បន្ត​ថា​ ជួប​ការ​លំបាក​ច្រើន ដោយ​កម្មវិធី​នីមួយៗ​​ត្រូវ​ស៊ី​ពេល​ប្រហែល ១ សប្ដាហ៍​​​។​​​​ ម៉្យាង​លោក​គ្មាន​មូលដ្ឋាន​ជំនាញ IT ទេ ​ប៉ុន្តែ​ដោយ​សារ​ចិត្ត​ស្រឡាញ់​ជំនាញ​នេះ​ទើប​ព្យាយាម​សាកល្បង​ធ្វើ​រហូត​​បាន​សម្រេច។

​ ទំនេរ​ពី​ការសិក្សា​ គន្ធា តែងតែ​​ទៅ​ហាង​កាហ្វេ​ណា​​មាន​អ៊ីនធឺណិត​ ដើម្បី​​រៀន​ពី​ការ​សរសេរ​កូដ និង​តិចនិក​​ក្នុង​ការ​បង្កើត App។ លើ​​ Youtube ដែល​មាន​ការ​បង្ហាញ​ណែនាំ​និង​វិបសាយ​ផ្សេងៗ​​ដែល​មាន​ឧទាហរណ៍​ស្រាប់​ គន្ធា​បាន​ព្យាយាម​​រៀន​អនុវត្ត​​​​​និង​ព្យាយាម​បំបែក​​ដោយ​ខ្លួន​ឯង។

​មក​ទល់​ពេល​នេះ​​អ្នក​អភិវឌ្ឍ​កម្មវិធី​ Android រូប​នេះ​ បង្កើត​​ App សរុប​​បាន​ ១១ ដោយ​​អាច​ប្រើប្រាស់​គ្រប់​កម្រិត​ រាប់​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ ដល់​វិទ្យាល័យ។ កម្មវិធី​​​បាន​​ភ្ជាប់​ជាមួយ​រូបមន្ត​សង្ខេប លំហាត់​ដោះស្រាយ កម្រង​វិញ្ញាសា​ប្រឡង​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ វិញ្ញាសា​ត្រៀម​ប្រឡង​បាក់ឌុប វិញ្ញាសា​ត្រៀម​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស ប្រឡង​ចូល​សាលា​ពេទ្យ​ជា​ដើម។

ងាក​មក​លោក ស៊ាន វណ្ណារិទ្ធ ត្រឹម​ជា​មគ្គទេសក៍​ទេសចរណ៍​ ​អាច​​បង្កើត​បណ្ដាញ​​សង្គម​វ័យក្មេង​ Like Cambodia សម្រាប់​​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់។ លោក​ប្រឹង​អស់ ២ ឆ្នាំ ទើប​បណ្ដាញ​សង្គម​មួយ​នេះ លេច​រូបរាង​ឡើង​នៅ​ចុង​ឆ្នាំ​ ២០១៦។

ស្ថាបនិក​រូប​នេះ អះអាង​ថា លោក​រៀន​ចប់​ផ្នែក​ទេសចរណ៍​ មិន​មែន​ផ្នែក​ព័ត៌មាន​វិទ្យា​នោះ​ទេ តែ​ដោយ​​កូន​ចិត្ត​ចង់​ឲ្យ​កម្ពុជា​មាន​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន ក៏​ខំ​បង្កើត Like Cambodia រហូត​ភ្លេច​បាយ​ភ្លេច​ទឹក ទាល់​បាន​សម្រេច។

រយៈ​ពេល​​យូរ​ដល់​ពីរ​ឆ្នាំ​​បង្កើត​ Like Cambodia នេះ វណ្ណារិទ្ធ​​ថា ដោយ​សារ​លោក​​មិន​សូវ​មាន​ពេល​ពេញ​លេញ​ ព្រោះ​ជាប់​ការងារ​ផ្នែក​ទេសចរណ៍។ លោក​តែង​តែ​ឆ្លៀត​ពេល​ពី​ការងារ​​មគ្គទេសក៍​ទេសចរណ៍​​ មក​​បង្កើត​បណ្ដាញ​សង្គម​​ក្នុង​​ក្តី​សុបិន​ ដោយ​​បាន​ការ​​ជួយ​ពន្យល់​ខ្លះៗ​​ពី​មិត្តភ័ក្ដិ​និង​​រៀន​​តាម​អនឡាញ ទាំង​ខ្លួន​មិន​ដែល​មាន​ជំនាញ​ខាង​សរសេរ​កូដ​ទាល់​តែ​សោះ។

Like Cambodia ដែល​​ចាយ​ពេល​បង្កើត​ដល់​​ពីរ​ឆ្នាំ​និង​មាន​មុខងារ​ស្រដៀង Facebook ស្ថាបនិក​ខាង​លើ​ថា​​ ជំហាន​ដំបូង​សម្រាប់​តែ​​ពលរដ្ឋ​កម្ពុជា​ប្រើ​ប៉ុណ្ណោះ តែ​បើ​ជោគជ័យ​​​លោក​នឹង​ពង្រីក​ខ្លួន​ត​ទៀត។

អំឡុង​​​ចុង​ឆ្នាំ ២០១៦ និង​ដើម​ឆ្នាំ ២០១៧ មាន​​អ្នក​ប្រើប្រាស់​កម្ពុជា​ជា​ច្រើន​សម្រុក​មក​​ប្រើ​បណ្ដាញ​សង្គម​របស់​លោក រហូត​​ដល់​មាន​បញ្ហា​ Server ទើប​អ្នក​ខ្លះ​ជួប​បញ្ហា Sign in មិន​ចូល។

បច្ចុប្បន្ន​មាន​​អ្នក​​កំពុង​ប្រាស់​ Like Cambodia សកម្ម​ប្រហែល​ ២ពាន់​នាក់។ វណ្ណារិទ្ធ សង្ឃឹម​ថា​ Like Cambodia នឹង​ក្លាយ​ជា​បណ្ដាញ​សង្គម​មាន​ប្រជាប្រិយភាព​មួយ​​សម្រាប់​ពលរដ្ឋ​កម្ពុជា៕

អត្ថបទ៖ ផាន់និត

មតិយោបល់