• 2017-01-12 06:23:30
  • ព័ត៌មាន

Jailbreak ហ្គេម​វាយតប់ពិសេស​ប្រចាំ​ឆ្នាំ ២០១៧ នឹង​ចេញ​នៅ​ចុង​ខែ​នេះ

  • 2017-01-12 06:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jailbreak The Game ហ្គេម​វាយតប់​អាប់ដេត​ចេញ​ពី​ភាពយន្ត Jailbreak បង្កើត​ឡើង​ដោយ​ក្រុម DirexPlay នឹង​ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​នៅ​ចុង​ខែ​មករា។

លោក ពិសិដ្ឋ ប្រធាន​ក្រុម និង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​របស់ DirexPlay បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Sabay ថា Jailbreak The Game នេះ ក្រុម​លោក​បាន​សហការ​ជាមួយ Kongchak Picture និង Sting Cambodia ដោយ​យក​លំនាំ​តាម​សាច់​រឿង Jailbreak: ការពារ​ឧក្រិដ្ឋជន។

ប្រធាន​ក្រុម​រូប​នេះ បញ្ជាក់​ថា DirexPlay បាន​ចំណាយ​ពេល​សិក្សា​ពី​សាច់​រឿង លក្ខណៈ​និង​ជំនាញ​វាយ​របស់​តួ ប្រមាណ ៤ខែ ឯ​ពេល​ផលិត​ ចំណាយ ២ខែ។ វា​ជា​ហ្គេម​ប្រភេទ​ផ្សងព្រេង​វាយ​តប់ លក្ខណៈ 2D Plateform ដោយ​បាន​កាត់​យក​ផ្នែក​ខ្លះ​នៃ​សាច់​រឿង Jailbreak មក​ផលិត​ជា​ហ្គេម។

ពិសិដ្ឋ​ថា ចំពោះ​ក្បាច់គុន​ដែល​តួ​ប្រើ​ក្នុង​រឿង ខាង​លោក​ដាក់​បញ្ចូល​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ដូចជា កែង​ជង្គង់ ជា​ដើម ព្រោះ​វា​លំបាក​ក្នុង​ការ​ដាក់​បញ្ចូល​គ្រប់​ក្បាច់​លើ​ហ្គេម​ទម្រង់ 2D Plateform។

ពេល​លេង នឹង​ជួប​ឧបសគ្គ​ក្នុង​ហ្គេម​ដូចជា អ្នក​ទោស ខ្សែ​ភ្លើង​ឆក់ របស់​ធ្លាក់​ពី​លើ​មិន​ដឹង​ខ្លួន និង​ទឹក​ហូរ​ជា​ដើម។ Jailbreak The Game អាច​ឲ្យ​អ្នក​លេង​ជា​លក្ខណៈ​ផ្សងព្រេង ដែល​ត្រូវ​ប្រយុទ្ធ​ស៊ីសាច់​ហត់​ឈាម​ជាមួយ​មេ (Boss) នៃ​ចុង​បញ្ចប់​វគ្គ​នីមួយ។ មួយ​ទៀត​លក្ខណៈ Multi-player សម្រាប់​ការ​លេង​អនឡាញ​ជា​ក្រុម ដោយ​អ្នក​លេង​អាច​ជ្រើស​រើស​តួ​ចិត្ត​អាក្រក់​ឬ​តួ​ចិត្ត​ល្អ​តាម​ការ​ចូលចិត្ត។

Jailbreak The Game នឹង​ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​លើ App Store និង Play Storeនៅ​ថ្ងៃ ៣១ មករា​ខាង​មុខ ស្រប​ពេល​ភាពយន្ត Jailbreak: ការពារ​ឧក្រិដ្ឋជន ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​រោង​កុន៕

អត្ថបទ៖ ផាន់និត

មតិយោបល់