- 2016-11-22 08:26:14
- ព័ត៌មាន
Google Pixel ល្បីខ្លាំង នៅតែពិបាកដើរចូលទីផ្សារក្នុងស្រុក
- 2016-11-22 08:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Pixel ល្បីខ្លាំង នៅតែពិបាកដើរចូលទីផ្សារក្នុងស្រុក
ចន្លោះមិនឃើញ
Pixel និង Pixel XL កំពូលស្មាតហ្វូនថ្មីរបស់ Google ល្បីមានសមត្ថភាពខ្លាំងប្រជែង iPhone 7/7 Plus ពិបាកនឹងចូលទីផ្សារក្នុងស្រុក។
បើសម្លឹងទៅទីផ្សារបរទេស Google Pixel ទំហំ 32GB តម្លៃប្រហែលជិត ៨០០ ដុល្លារទៅហើយ។ បើសិនដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា តម្លៃប្រហែលនឹងលើសនេះច្រើនទៀត។ នេះតាមការបញ្ជាក់ពីម្ចាស់ហាងលក់ទូរសព្ទ សុខ លី។
ម្ចាស់ហាងរូបនេះបន្ថែមថា លោកស្ទាក់ស្ទើរដាក់លក់ត្រកូល Pixel ដោយសារតម្លៃថ្លៃហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ច្រើន។ លោកទទួលស្គាល់ថា ស្មាតហ្វូននេះល្អប្រើនិងមានលក្ខណៈពិសេសច្រើនបើធៀបនឹងស្មាតហ្វូនស៊ីប្រេនដទៃលើទីផ្សារ។
ម្ចាស់ហាងរូបនេះបញ្ជាក់ថា បច្ចុប្បន្ន Pixel ពិបាកជ្រៀតចូលទីផ្សារក្នុងស្រុក តែអាចមានការប្រែប្រួលពេលក្រោយ។
ចំពោះ លោក លីម ហេង ភ្នាក់ងារលក់នៅហាងលក់ទូរសព្ទ សៀង លីន វិញអះអាងស្រដៀងគ្នានេះថា Google Pixel សមត្ថភាពខ្លាំង តែតម្លៃក៏រាងថ្លៃ ឯអ្នកទិញក៏មិនសួររកប៉ុន្មានដែរ។ ថ្មីៗនេះ ហាងលោក យកចូលទីផ្សារប៉ុន្មានគ្រឿង ដោយសារមានអតិថិជនកុម្ម៉ង់ទិញប៉ុណ្ណោះ។
Pixel និង Pixel XL បំពាក់កាមេរ៉ាកម្រិត 12.3 MP, Aperture f/2.0 មានបច្ចេកវិទ្យាទប់លំនឹងរូបភាព Electronic Image Stabilization ដែលជួយឲ្យការចាប់រូបភាព និង វីដេអូ កាន់តែមានភាពប្រសើរ។
ផ្នែកកាមេរ៉ានេះមានមុខងារ HDR+ ដែលអាចកែសម្រួលពន្លឺនៃរូបភាពបានយ៉ាងល្អឥតខ្ចោះ។ នៅពេលមុខងារនេះដំណើរការ វានឹងចាប់យករូបភាពជាច្រើនសន្លឹកក្នុងពេលតែមួយ ហើយត្របាញ់រូបភាពទាំងនោះបញ្ចូលគ្នា ដើម្បីបានរូបភាពដ៏ស្រស់ស្អាតមួយ។
ចំណុចខ្លាំងមួយទៀតរបស់ Pixel និង Pixel XL គឺមានបំពាក់បន្ទះ Chip Snapdragon 821 របស់ Qualcomm ដែលមានល្បឿន 2.15 GHz, មាន RAM ទំហំ 4 GB ជួយឲ្យទូរសព្ទបំពេញប្រតិបត្តិការបានលឿនទាន់ចិត្ត និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយបង្អស់ Nougat 7.1៕