- 2016-09-21 13:00:36
- ព័ត៌មាន
ឡើងសង្វៀន កាមេរ៉ាភ្លោះ iPhone 7 Plus, P9 Plus និង G5 មួយណាខ្លាំងជាង?
- 2016-09-21 13:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងសង្វៀន កាមេរ៉ាភ្លោះ iPhone 7 Plus, P9 Plus និង G5 មួយណាខ្លាំងជាង?
ចន្លោះមិនឃើញ
LG G5, Huawei P9 Plus និង iPhone 7 Plus សុទ្ធជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ ដែលក្រុមហ៊ុនផលិតតែងអួតពីសមត្ថភាពផ្តិតរូបភាពស្អាតបែប Professional ព្រោះបំពាក់សុទ្ធតែបច្ចេកវិទ្យាទំនើបរៀងៗខ្លួន។
LG G5
LG G5 ជាស្មាតហ្វូនកាមេរ៉ាភ្លោះដែលបានមកដល់មុនគេ បើធៀបនឹង Huawei P9 Plus និង iPhone 7 Plus។ កាមេរ៉ាទីមួយ (ស្តង់ដារ) ទំហំ 16MP ផ្តល់ Angle ទំហំ ៧៥ដឺក្រេ សម្រាប់ផលិតរូបភាពទំហំធម្មតា និងកាមេរ៉ាទីពីរទំហំ 8MP ផ្តល់ទំហំ Angle ១៣៥ដឺក្រេងាយស្រួលសម្រាប់ការថតនៅកន្លែងចង្អៀត។
កាមេរ៉ាទាំងពីររបស់ G5 អាចធ្វើការដាច់ដោយឡែកនិងឯករាជ្យពេលថតរូបម្តងៗ។ ប៉ុន្តែអ្នកប្រើអាចកំណត់ឲ្យកាមេរ៉ាទាំងពីរដំណើរការព្រមគ្នាបាន ពេលចង់ថតរូបមួយប៉ុស្តិ៍មានទំហំ Angle ពីរផ្សេងគ្នាលើរូបតែមួយ។ កាមេរ៉ាក្រោយទាំងពីរទំហំ 16 MP (f/1.8) និង 8 MP (f/2.4) អាចថតរូប Low Light បានល្អគ្រាន់បើ។
Wide Angle ថតដោយ LG G5
ISO, Shutter Speed, Focus និង White Balance ជាដើម សុទ្ធតែអាចកំណត់បានលើផ្ទៃអេក្រង់កាមេរ៉ា G5។ ឯមុខងារ Digital Zoom និង Optical Zoom អាចបង្ហាញភាគល្អិត (Detail) នៃរូបភាពបានយ៉ាងច្បាស់។
រូប Low Light ថតដោយ LG G5
Huawei P9 Plus Huawei P9 Plus ដែលដាក់លក់កាលពីខែឧសភាកន្លងទៅ ល្បីខាងថតរូបច្បាស់មុខព្រិលក្រោយ ដោយប្រើ Lens កាមេរ៉ាភ្លោះខាងក្រោយទំហំ 12MP។ បច្ចេកវិទ្យាកាមេរ៉ារបស់ P9 Plus ផលិតដោយ Leica ដែលជាក្រុមហ៊ុនជំនាញផ្នែកកាមេរ៉ា។ កាមេរ៉ាភ្លោះរបស់ P9 Plus មានមួយជាប្រភេទសិនស័រចាប់រូបស្តង់ដារ (Standard Color Sensor) និងមួយទៀតប្រភេទសិនស័ររូបស-ខ្មៅ (Monochrome)។
កាមេរ៉ារបស់ P9 Plus ជាប្រភេទ Hybrid Focus System ច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យា Focus ឡាស៊ែរ Depth និង Contrast រួមគ្នា ដើម្បីផលិតរូបភាពបានយ៉ាងល្អ។
បើអូសទៅឆ្វេងនិងទៅស្តាំ អ្នកនឹងឃើញមុខងារជាច្រើនលើកាមេរ៉ាស្មាតហ្វូន Huawei នេះ។ ជាក់ស្ដែងបើចុចលើមុខងារ Light Painting នោះវានឹងបង្ហាញមុខងារតូចៗផ្សេងទៀតដូចជា Tail Lights, Light Graffiti និង Star Track ជាដើម។
Settings លើកាមេរ៉ា P9 Plus
ចំពោះ Depth of Field លើ P9 Plus អាចកែឲ្យផ្ទៃ Background នៃរូបភាពថតរួចទៅជាព្រិល ហើយ Focusតែលើ Subject ឲ្យបានច្បាស់ ខ្លាំងប្រហែលនឹងពពួកកាមេរ៉ា DSLR ដែរ។
រូបព្រិល Background ថតដោយ P9 Plus
iPhone 7 Plus
ស្មាតហ្វូនកាមេរ៉ាភ្លោះចុងក្រោយគេគឺ iPhone 7 Plus។ iPhone ស៊េរីថ្មីកាមេរ៉ាក្រោយពីរគ្រាប់នេះ ជាស្មាតហ្វូនប្រចាំត្រកូល Apple ដែលបំពាក់ Lens ៦ជាន់ ភ្លើងហ្វ្លាស់ ៤គ្រាប់ និងល្បីថាផលិតរូបបានល្អមិនចាញ់ ស្មាតហ្វូនកំពូលពីរម៉ូដែលរៀបរាប់ខាងលើឡើយ ពិសេសរូបភាព Low Light។
កាមេរ៉ាក្រោយទី ១ របស់ iPhone 7 Plus ជាប្រភេទស្តង់ដារទំហំ Lens ២៨ម.ម សម្រាប់ផលិតរូបធម្មតា និងមួយទៀតជាប្រភេទ Telephoto មានទំហំ Lens ៥៦ម.ម។ ចំពោះ Optical Zoom របស់វាអាចពង្រីករូបបាន 2X និង Digital Zoom បានរហូត 10X ដោយអាចរក្សាគុណភាពរូបបានល្អ។
យ៉ាងណាចំពោះរូបភាពផលិតដោយ iPhone 7 Plus ហាក់មិនសូវខុសគ្នាខ្លាំងនឹង iPhone 6s កាមេរ៉ា 12MP ឡើយ តែវាប្លែកត្រង់កាមេរ៉ាភ្លោះដែលអាច Zoom ឆ្ងាយបានល្អជាង។
បច្ចុប្បន្ន មុខងារធ្វើឲ្យរូបច្បាស់មុខព្រិលក្រោយ (Depth of Field) លើ 7 Plus មិនទាន់មាននៅឡើយទេ រង់ចាំការអាប់ដេតពេលក្រោយពី Apple។ មុខងារនេះក៏អាចសារ៉េផ្ទៃ Background នៃរូបភាពថតរួច ឲ្យព្រិល និង Focus Subject ឲ្យបានច្បាស់ មិនខុសគ្នានឹង P9 Plus ឡើយ។ Aperture កាមេរ៉ាក្រោយទាំងពីរ f/1.8 និង f/2.8 អាចឲ្យ 7 Plus ថតរូប Low Light បានភ្លឺល្អគួរសម។
រូប Low Light
សរុបមកវិញ កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះទាំង៣ ដែលរៀបរាប់ខាងលើ សុទ្ធតែបំពាក់បច្ចេកវិទ្យាកាមេរ៉ាទំនើបពិសេសរៀងៗខ្លួន។ ចំពោះខ្ញុំផ្ទាល់ ចូលចិត្តប្រើទូរសព្ទមានអេក្រង់ធំ ដូច្នេះ P9 Plus និង iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ ប្រហែលជាជម្រើសដំបូង តែសម្រាប់អ្នកចូលចិត្តស្មាតហ្វូនកាមេរ៉ាភ្លោះអេក្រង់តូចល្មម LG G5 ជាជម្រើសល្អ។
P9 Plus និង 7 Plus សុទ្ធតែកាមេរ៉ាខ្លាំង តែបើនិយាយពីមុខងារ Settings លើកាមេរ៉ា iPhone 7 Plus មិនសូវមានច្រើនដូច P9 Plus ឡើយ។ ដូចរៀបរាប់ខាងលើ កាមេរ៉ា P9 Plus មានមុខងារជាច្រើន ដែលអាចឲ្យអ្នកសារ៉េថតរូបផ្សេងៗគ្នាបានយ៉ាងល្អ។
និយាយតាមត្រង់តាមពិតខ្ញុំស្រឡាញ់ iPhone 7 Plus កាមេរ៉ាភ្លោះ តែពេលគិតពីមុខងារកាមេរ៉ា Huawei P9 Plus ខ្លាំងជាងហើយថាមពលថ្ម 3400mAh ក៏អាចប្រើសម្រាប់ថតរូបបានយូរដែរ បើធៀបនឹង iPhone 7 Plus ថាមពលថ្ម 2900mAh និង LG 2800mAh។ ក្នុងចំណោម G5 និង iPhone 7 Plus ខ្ញុំយល់ថា P9 Plus កាមេរ៉ាខ្លាំងជាង ព្រោះមានមានមុខងារច្រើន ពិសេសមុខងារថតភ្លើងជាខ្សែ (Tail Light) និងថតផ្កាយពេលយប់ (Star Track)។ ដូច្នេះ P9 Plus ជាជម្រើសទី១ សម្រាប់ខ្ញុំហើយតម្លៃក៏ធូរថ្លៃជាង។
សម្រាប់អ្នកចូលចិត្តស្មាតហ្វូនអេក្រង់ធំ កាមេរ៉ាភ្លោះមិនសូវមានមុខងារច្រើនរញ៉េរញ៉ៃ iPhone 7 Plus ជាជម្រើសដ៏ស័ក្ដិសម តែតម្លៃលើទីផ្សារកម្ពុជាបច្ចុប្បន្ន ១ ៣០០ ដុល្លារ ថ្លៃជាងគេបើធៀបនឹង G5 ប្រហែល ៥២០ ដុល្លារ និង P9 Plus ប្រហែល ៥៨០ ដុល្លារ៕
ដោយ៖ ប៉ែត ផាន់និត ប្រភព៖ បរទេស