• 2016-08-18 18:13:56
  • ព័ត៌មាន

មូលហេតុ​និងដំណោះស្រាយ អក្សរ​ខ្មែរ​ចេញ​តែ​សញ្ញា "?” លើ Facebook

  • 2016-08-18 18:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ អក្សរ​ខ្មែរ​លើ​បណ្ដាញ​សង្គម Facebook ឃើញ​ចេញ​តែ​សញ្ញា "?” ហើយ​មូល​ហេតុ​នេះ​កើត​ឡើង​ដោយ​ក្រុមហ៊ុន Facebook ខ្លួន​ឯង​ផ្ទាល់។

 

 

បើ​តាម​លោក គ្រុយ វណ្ណា ស្ថាបនិក​ក្រុមហ៊ុន ALiEN DEV បញ្ជាក់​ថា មូលហេតុ​ចេញ​តែ​សញ្ញា "?” លើ​ហ្វេសប៊ុក គឺ​ដោយ​សារ ក្រុមហ៊ុន Facebook ខ្លួន​ឯង​បាន​បន្ថែម​សញ្ញា "?” ពេល​វាយ​ចន្លោះ​មើល​មិន​ឃើញ ZWSP (Zero-width Space)។

 

មូល​ Facebook បន្ថែម​សញ្ញា "?" ទៅ​លើ ZWSP នេះ លោក​វណ្ណា​ក៏​ពុំ​ដឹង​ច្បាស់​ដែរ តែ​លោក​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​មាន​បញ្ហា ZWSP នេះ​លើ Facebook ដែរ តែ​ក្រុមហ៊ុន​នេះ​ពុំ​បាន​ដក ZWSP នោះ​ទេ។ ដោយ​ឡែក​បច្ចុប្បន្ន Facebook ទៅ​ជា​ថែម​សញ្ញា "?” ទៅ​លើ ZWSP ទៅ​វិញ។

 

 

បើ​តាម​អ្នក​ជំនាញ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា បញ្ហា​នេះ​កើត​ឡើង​តាំង​ពី​យូរ​ហើយ ព្រោះ Facebook មិន​ដែល​រក្សា​ទុក ZWSP (Zero-width Space) ពេល​ផុស​ឬ​សរសេរ​នោះ​ទេ។ ប៉ុន្តែ​លើក​នេះ Facebook លុប Zero-width Space ​ខុស​បច្ចេកទេស។

 

កំហុស​នេះ អាច​មក​ពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន ដូចជា​ការ​រក្សា​ទុក​ទិន្នន័យ និង​ការ Process ទៅ​លើ​ទិន្នន័យ ជាដើម ពី​ព្រោះ​កាល​ណា​មាន BOM និង ZWSP វា​អាច​បង្ក​បញ្ហា​មួយ​ចំនួន។ យ៉ាង​ណា​អ្នក​ជំនាញ​រូប​នេះ​ពុំ​អាច​លម្អិត​ជាង​នេះ​បាន​ទេ។

 

លោក​បន្ថែម​ថា Browser ទាំង​អស់​សុទ្ធ​តែ​មាន Rendering Engine គ្រាន់​តែ​ខ្លះ​មាន​ផ្ទាល់​ខ្លួន ឯ​ខ្លះ​ទៀត​ពឹង​លើ OS។ ចំពោះ Google Chrome ប្រើ Rendering Engine ផ្ទាល់​ខ្លួន តែ​បាន​ភ្ជាប់ ICU ដែល​ជា​សមាសភាគ​ជំនួយ​បន្ថែម​សម្រាប់ Software ណាមួយ​ដែល​ចង់​បង្ហាញ​ពពួក​អក្សរ Unicode ឲ្យ​បាន​ល្អ​ប្រសើរ។ សម្រាប់ Firefox ជាដើម ត្រូវ​​ពឹង​ផ្អែក​លើ Rendering Engine របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង។

 

ជាក់ស្ដែង Rendering Engine ដូចជា Pango ប្រើ​លើ Linux, Uniscribe ប្រើ​លើ Windows និង CoreText លើ Mac OS តែ​ទាំង​អស់​នេះ​នៅ​មាន​បញ្ហា​នៅ​ឡើយ​ចំពោះ​ការ​បំបែក​ពាក្យ​ខ្មែរ (Word Segmentation) ដូចជា Word Breaking Line Breaking ជា​ដើម។

 

អ្នក​ជំនាញ​រូប​នេះ​ថា បើ​ចង់​កុំ​ឲ្យ​មាន​បញ្ហា​ឃើញ​សញ្ញា "?” លើ Facebook ត្រូវ​ឈប់​ប្រើ ZWSP  ព្រោះ​វា​ដូច​មិន​សូវ​មាន​ប្រយោជន៍​ខ្លាំង​នោះ​ទេ (សម្រាប់​ការ​វាយ​លើ​ក្តារ​ចុច​​កុំព្យូទ័រ)។ សម្រាប់​ក្តារ​ចុច​ទូរសព្ទ បើ​ចង់​ដក​ឃ្លា គួរ​ប្តូរ​ទៅ​ក្តារចុច ភាសា​អង់គ្លេស រួច​ហើយ​​​ដូរ​មក​ ភាសា​ខ្មែរ ​វិញ​សឹម​​វាយ​អក្សរ​បន្ត នោះ​នឹង​លែង​ចេញ​សញ្ញា "?" តែ​គ្រាន់​​តែ​ប្រើ​ពេល​យូរ​បន្តិច៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់