- 2016-08-16 14:12:37
- ព័ត៌មាន
អ្នក IT ប្រឹងខ្លាំងដល់ដាច់យប់ រហូតមិនសូវបានដេកពួន
- 2016-08-16 14:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នក IT ប្រឹងខ្លាំងដល់ដាច់យប់ រហូតមិនសូវបានដេកពួន
ចន្លោះមិនឃើញ
និយាយរឿងអ្នកជំនាញខាង IT នេះ នរណាក៏ដឹងដែរ ថាជាមនុស្សអត់ធ្មត់និងតែងតែនៅមុខកុំព្យូទ័រសឹងរាល់ពេល។ រំលងអាធ្រាត្រជាវេលាលង់លក់សម្រាប់រាល់គ្នា តែសម្រាប់អ្នក IT ជាពេលកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំទៅវិញ។
លោក អៀ អ៊ុយ អ្នកជំនាញផ្នែកបង្កើតហ្គេមនិងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនបង្កើតហ្គេម Sabay Osja ឲ្យដឹងថា ការងារបង្កើតហ្គេមរបស់លោក ពេលខ្លះត្រូវនៅរហូតដល់ដាច់យប់ក៏មាន។ ចំពោះការស្រាវជ្រាវហ្គេមថ្មីៗ អ្នកផលិតហ្គេម Asva the Monkey រូបនេះថា លោកត្រូវនៅដល់យប់ជ្រៅសឹងមិនសូវបានសម្រាក។ ការផលិតហ្គេមថ្មីៗត្រូវការពេលវេលាសិក្សា ដើម្បីដឹងពីដំណើរការរបស់វា ទើបផលិតមកជោគជ័យនិងរលូនល្អ។
ដោយឡែកលោក ហាន ហ៊ាង ដែលជាគ្រូបង្រៀននិងជាអ្នកជំនាញផ្នែក IT នៅក្រុមហ៊ុនឯកជនមួយ ឲ្យដឹងថា កាលនៅរៀនមហាវិទ្យាល័យ លោកច្រើនតែសម្រាកនៅពេលព្រឹក។ ហាន ហ៊ាង ថាកាលនោះ មួយយប់ៗ ត្រូវបញ្ចប់កិច្ចការសាលានិងការងារសល់ពីកន្លែងធ្វើការ ដល់ម៉ោង ៤ ឬ ម៉ោង ៥ ព្រឹកឯណោះ លុះពេលរសៀលទើបទៅធ្វើការ ហើយពេលល្ងាចទៅរៀនបន្ត។
ងាកមកលោក សុវណ្ណ អ្នកជំនាញ បង្កើតវិបសាយ រយៈពេល ៥ឆ្នាំឯណេះវិញ ឲ្យដឹងដូច្នេះថា រឿងនៅដាច់យប់ជាទម្លាប់ទៅហើយសម្រាប់ការងារដូចលោក។ នៅដាច់យប់ដល់ម៉ោង ១ឬ ២ ដោយសារនៅសល់ការងារច្រើន ហើយពេលខ្លះបើសិនវិបសាយដែលបង្កើតមានបញ្ហា លោកត្រូវនៅដោះស្រាយជូនអតិថិជន។ ជួនកាលនៅពេលបង្កើតវិបសាយម្តងៗ សុវណ្ណត្រូវនៅប្រឹងធ្វើឲ្យហើយទាន់ពេលវេលាកំណត់ ជូនអតិថិជន។
ឯប្រាក់ខែ សុវណ្ណថា អាចទទួលយកបាន តែបើមានអតិថិជនមករកបង្កើតវិបសាយច្រើន ចំណូលទៅតាមនោះដែរ តែត្រូវនៅដាច់យប់រហូតជិតភ្លឺក៏ថាបាន។
ការងារអង្គុយតែមុខកុំព្យូទ័រ មួយនេះអាចថាជាអាជីពមួយលំបាកគួរសមសម្រាប់អ្នកជំនាញ IT ព្រោះពួកគេត្រូវចំណាយពេលវេលាច្រើនដើម្បីសិក្សា បង្កើត ធ្វើតេស្ត ធ្វើតាមដានរាល់សមិទ្ធផលដែលបង្កើតរួច រហូតដល់ពេលខ្លះត្រូវនៅដល់យប់ជ្រៅ។ បច្ចុប្បន្នសូម្បីតែស្រ្តីក៏ត្រូវបានលើកទឹកចិត្តឲ្យចាប់យកជំនាញផ្នែកព័ត៌មានវិទ្យានេះដូចគ្នា ដើម្បីបង្កើតធនធានគ្រប់ផ្នែកជួយអភិវឌ្ឍប្រទេសជាតិ៕
អាន៖ និស្សិត IT ប្រុសៗឃើញស្រីមិនបាន?
អត្ថបទ៖ ប៉ែត ផាន់និត