- 2016-08-11 13:00:40
- ព័ត៌មាន
អ្នកផលិតហ្គេមខ្មែរដ៏ល្បី ក៏ជាប់ចិត្តហ្គេម Pokemon Go
- 2016-08-11 13:00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផលិតហ្គេមខ្មែរដ៏ល្បី ក៏ជាប់ចិត្តហ្គេម Pokemon Go
ចន្លោះមិនឃើញ
ម្ចាស់ក្រុមហ៊ុនបង្កើតហ្គេមល្បីឈ្មោះ Sabay Osja លោក អៀ អ៊ុយ ឲ្យដឹងថា ហ្គេម Pokemon ជាហ្គេមថ្មីកំពុងពេញនិយមលេងទូទាំងពិភពលោករួមទាំងកម្ពុជា ហើយហ្គេមនេះផ្ដល់គុណសម្បត្តិទាំងសម្រាប់អ្នកលេងខ្លួនឯងនិងជំនួញមួយចំនួន។
សម្រាប់អ្នកលេងផ្ទាល់៖
អ្នកលេងខ្លួនឯងអាចបង្កើនមិត្តភាពកាន់តែច្រើនជាមួយអ្នកដទៃពេលលេង Pokemon។ លោក អៀ អ៊ុយ លើកឡើងថា ដោយសារ Pokemon Go ជាប្រភេទហ្គេម Augmented Reality (AR) ដែលធ្វើឲ្យការលេងហ្គេមដូចស្ថិតក្នុងពិភពពិតៗ ហើយអ្នកលេងត្រូវដើរគ្រប់ទីកន្លែង ដើម្បីចាប់សត្វ Pokemon ខុសពីហ្គេមដទៃដែលអ្នកលេងនៅតែមួយកន្លែង។
ការដើរចាប់សត្វធ្វើឲ្យអ្នកលេងមានអារម្មណ៍ស្រស់ស្រាយនិងប្លែក ហើយពេលខ្លះអាចទៅបន្ទាយ (Gym) លេងជុំគ្នា ដើម្បីប្រកួតគ្នាធ្វើមេ Pokemon នៅទីនោះ។
អ្នកបង្កើតហ្គេម Asva the Monkey ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីដល់បរទេសរូបនេះថា ការប្រមូលគ្នាជាក្រុមលេង Pokemon Go នឹងធ្វើឲ្យអ្នកលេងទាំងអស់ ស្គាល់គ្នា និងកាន់តែមានភាពជិតស្និទ្ធនឹងគ្នា។ នៅបរទេស អ្នកលេងភាគច្រើនសុទ្ធតែប្រមូលផ្ដុំគ្នា តែសម្រាប់ស្រុកខ្មែរ Pokemon Go នៅរាងស្ងប់ស្ងាត់នៅឡើយដោយសារ Pokemon ទើបមកដល់។
សម្រាប់ជំនួញ៖
ម្ចាស់ក្រុមហ៊ុន Sabay Osja រូបនេះបន្ថែមថា ចំពោះជំនួញដែលអាចទទួលប្រយោជន៍ច្រើនពី Pokemon Go មានដូចជា ហាងកាហ្វេនិងភោជនីយដ្ឋានធំនៅក្នុងក្រុងភ្នំពេញជាដើម។ ហាងទាំងនោះអាចផ្តល់ជាការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកដែលបានបញ្ចប់វគ្គណាមួយលើ Pokemon Go។ ឯហាងខ្លះទៀត អាចប្រើ Incense (ធូប) ដើម្បីទាក់ទាញសត្វ Pokemon មកហាងរបស់គេកាន់តែច្រើន។
លោកថា នៅបរទេសដូច សិង្ហបុរីជាដើម ហាងមួយចំនួនបានកំណត់ថ្ងៃចុងសប្ដាហ៍ ប្រកាសឲ្យអ្នកលេង Pokemon Go ប្រមូលគ្នាមកចាប់សត្វជុំគ្នានិងទទួលបានការប្រូម៉ូសិនពិសេសផ្សេងៗពីហាង។
យ៉ាងណា លោក អៀ អ៊ុយ ចង់ឲ្យអ្នកលេង Pokemon Go ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពេលលេង និងគួរលៃពេលវេលាត្រឹមត្រូវ។ ចំពោះ Pokemon Go អ្នកលេងត្រូវ មិនត្រូវលេងពេលកំពុងបើកបរនិងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមជ្ឈដ្ឋានជុំវិញខ្លួន ក្រែងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោកថា គួរទុកវាជាហ្គេមសម្រាប់កម្សាន្ត កុំដល់ថ្នាក់ងប់ងល់ខ្លាំងពេក៕
អាន៖ គន្លឹះលេងហ្គេម Pokemon Go ដែលគ្រប់គ្នាកំពុងចង់ដឹង
អត្ថបទ៖ ប៉ែត ផាន់និត