- 2016-07-25 17:09:11
- ព័ត៌មាន
ស្ថាបនិកអក្សរខ្មែរយូនីកូដ ជំរុញបង្កើតក្តារចុចថ្មីត្រូវស្តង់ដារ លើកស្ទួយភាសាជាតិ
- 2016-07-25 17:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកអក្សរខ្មែរយូនីកូដ ជំរុញបង្កើតក្តារចុចថ្មីត្រូវស្តង់ដារ លើកស្ទួយភាសាជាតិ
ចន្លោះមិនឃើញ
ដោយសារមានការប្រើប្រាស់ភាសាជាតិលើអ៊ីនធឺណិត ពិសេសបណ្ដាញសង្គម នៅមិនទាន់ផុលផុសខ្លាំង លោកដាញ់ ហុង អ្នកបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ជំរុញឲ្យមានការបង្កើតក្តារចុចថ្មីៗ ត្រូវស្តង់ដារ ជួយសម្រួលការសរសេរអក្សរខ្មែរកាន់តែលឿន។
លោកដាញ់ ហុង ថា ការបង្កើតក្តារចុចថ្មីៗត្រូវតាមស្តង់ដារយូនីកូដ ផ្ដល់ភាពងាយស្រួលនិងរហ័សក្នុងការវាយអក្សរខ្មែរ នឹងជួយជំរុញឲ្យពលរដ្ឋខ្មែរ ពិសេសយុវវ័យ ងាកមកប្រើភាសាជាតិលើអ៊ីនធឺណិតកាន់តែច្រើនឡើង។
លោកថា ក្តារចុចខ្មែរបច្ចុប្បន្នបង្កើតឡើងដោយយកលំនាំតាមទីតាំងអក្សរឡាតាំង រាប់តាំងពីក្តារចុច លីម៉ូនមកម្ល៉េះ។ ក្តារចុចខ្មែរខ្លះប្រើស្រៈផ្សំកាន់តែរញ៉េរញ៉ៃ ធ្វើឲ្យអ្នកប្រើប្រាស់វាយអក្សរកាន់តែយឺតទៅវិញ។ បើសិនអ្នកបង្កើតកម្មវិធីក្នុងស្រុក អាចរកឃើញវិធីបង្កើតក្តារចុចថ្មី វាយរហ័ស ឬអាចថាមិនយកលំនាំតាមទីតាំងពុម្ពអក្សរឡាតាំង ជារឿងល្អបំផុតសម្រាប់អ្នកប្រើប្រាស់។
ជាអ្នកជំនាញបង្កើតពុម្ពអក្សរខ្មែរយូនីកូដ លោក ហុង ថាមិនមែនមានតែភាសាខ្មែរទេ ដែលលំបាក នៅមានភាសាចិននិងភាសាច្រើនទៀតលំបាកជាងឆ្ងាយ តែអ្នកបង្កើតកម្មវិធីស្រុកគេ នៅតែអាចរកវិធីបង្កើតក្តារចុចមិនពឹងលើគំរូអក្សរឡាតាំង ធ្វើឲ្យការវាយអក្សរកាន់តែងាយនិងរហ័ស។
ស្ថាបនិករូបនេះ ថាកន្លងមកមានអ្នកបង្កើតកម្មវិធីក្នុងស្រុក បានបង្កើតក្តារចុចខ្មែរយូនីកូដថ្មី (Khmerism) មិនពឹងផ្អែកលើគំរូអក្សរឡាតាំង ហើយក៏ជួយកាត់បន្ថយការប្រើប្រាស់ Shift ច្រើនដងផងដែរ។ ប៉ុន្តែដោយសារពលរដ្ឋធ្លាប់ប្រើតែអក្សរខ្មែរយូនីកូដលំនាំអក្សរឡាតាំង វាអាចលំបាកសម្រាប់ពួកគេក្នុងការប្តូរមកប្រើ Khmerism តែវាអាចងាយស្រួលសម្រាប់អ្នកទើបរៀនវាយអក្សរខ្មែរដំបូង។
ការបង្កើតថ្មីតែងតែមិនទទួលការគាំទ្រភ្លាមៗពីដំបូង តែឲ្យតែមានការព្យាយាម សហការ និងផ្សព្វផ្សាយ ឲ្យទូលំទូលាយ ថ្ងៃណាមួយអ្នកប្រើប្រាស់គង់តែយល់ពីសារសំខាន់នូវអ្វីដែលបង្កើតថ្មីនោះមិនខាន។ នេះបើតាមការបញ្ជាក់ចុងក្រោយពីស្ថាបនិកខាងលើ៕
អាន៖ ដាញ់ ហុង ទើសចិត្ត ពេលយុវវ័យប្រឹងសរសេរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត
អត្ថបទ៖ ប៉ែត ផាន់និត