- 2016-07-20 21:45:54
- ព័ត៌មាន
ដាញ់ ហុង ទើសចិត្ត ពេលយុវវ័យប្រឹងសរសេរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត
- 2016-07-20 21:45:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាញ់ ហុង ទើសចិត្ត ពេលយុវវ័យប្រឹងសរសេរអង់គ្លេសសំនៀងខ្មែរលើអ៊ីនធឺណិត
ចន្លោះមិនឃើញ
ស្ថាបនិកបង្កើតពុម្ពអក្សរខ្មែរយូនីកូដ លោក ដាញ់ ហុង អន់ចិត្តយ៉ាងខ្លាំងពេលឃើញ យុវវ័យខ្មែរភាគច្រើនចូលចិត្តសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរយ៉ាងផុលផុសលើអ៊ីនធឺណិត ពិសេសលើបណ្ដាញសង្គមហ្វេសប៊ុក។
លោក ដាញ់ ហុង ស្ថានិកពុម្ពអក្សរខ្មែរយូនីកូដ
ស្ថាបនិករូបនេះ បញ្ជាក់ថា រូបលោកនិងអ្នកបង្កើតកម្មវិធីក្នុងស្រុកមួយចំនួន បានប្រឹងប្រែងបង្កើតពុម្ពអក្សរខ្មែរយូនីកូដនិងក្តារចុចភាសាខ្មែរ ព្រោះតែឃើញពលរដ្ឋកម្ពុជា លំបាកក្នុងការសរសេរភាសាជាតិលើគ្រឿងអេឡិចត្រូនិក មានកុំព្យូទ័រនិងទូរសព្ទជាដើម។ ប៉ុន្តែការប្រឹងប្រែងនេះ នៅតែមិនអាចលុបបំបាត់ទម្លាប់សរសេរអក្សរអង់គ្លេសសំឡេងខ្មែររបស់ពលរដ្ឋមួយភាគធំបានឡើយ។
លោកលើកឡើងថា ទម្លាប់សរសេរអក្សរអង់គ្លេសសំឡេងខ្មែរ កើតឡើងរាប់ឆ្នាំមកហើយ ពោលគឺតាំងពីយុគសម័យទូរសព្ទទំនើប (រាប់តាំងពី NOKIA) វាតទីទីផ្សារកម្ពុជា។ ដោយសារទូរសព្ទភាគច្រើនជំនាន់នោះពុំទាន់ដំឡើងភាសាជាតិ (ខ្មែរ) ទូលំទូលាយដូចប្រទេសជិតខាង។ ហេតុនេះទើបធ្វើឲ្យអ្នកប្រើប្រាស់កម្ពុជាភាគច្រើន ពិសេសក្មេងៗ ចូលចិត្តសរសេរសារផ្ញើទៅគ្នាទៅវិញទៅមក ជាភាសាអង់គ្លេសបែបសំនៀងខ្មែរ។
ទម្លាប់នេះ នឹងធ្វើឲ្យភាសាជាតិធ្លាក់ចុះ ហើយកូនខ្មែរក្រោយៗនឹងសរសេរភាសាជាតិមិនបានត្រឹមត្រូវ ឬអាចថាខ្សោយទាំងខ្មែរនិងអង់គ្លេស មិនដឹងមួយណាចេះប្រាកដ។
យ៉ាងណាលោក ក៏មិនបន្ទោសទាំងស្រុងទៅលើទូរសព្ទតែមួយផ្នែកនោះទេ ព្រោះប្រព័ន្ធផ្សព្វផ្សាយនិងការផ្តល់ភាពងាយស្រួលចំពោះការសរសេរអក្សរខ្មែរលើស្មាតហ្វូន ហាក់នៅមិនទាន់គ្រប់គ្រាន់។
ក្តារចុចបង្កើតលើស្មាតហ្វូនខ្លះពុំត្រូវតាមក្បួនខ្នាតមួយរយភាគរយតាមស្តង់ដារខ្មែរយូនីកូដ ដែលពេលខ្លះរឹតតែធ្វើឲ្យការសរសេរអក្សរខ្មែរ កាន់តែលំបាកនិងប្រើពេលយូរទៅវិញ។ នេះបើតាមការបញ្ជាក់ពីស្ថាបនិកខាងលើ។
អ្វីដែលលោក ដាញ់ ហុង ប្រាថ្នាគឺគ្រាន់តែចង់ឲ្យយុវវ័យ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមកែទម្លាប់ចាស់ មកសរសេរអក្សរខ្មែរឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ សម្រាប់បណ្ដាអ្នកបង្កើតកម្មវិធីក្នុងស្រុកគួរព្យាយាមឲ្យអស់លទ្ធភាព បង្កើតក្តារចុចភាសាខ្មែរឲ្យកាន់តែងាយស្រួលប្រើប្រាស់និងត្រូវតាមស្តង់ដារខ្មែរយូនីកូដ ដើម្បីចូលរួមលើកស្ទួយការប្រើប្រាស់ភាសាជាតិ៕
អត្ថបទ៖ ប៉ែត ផាន់និត