• 2016-07-07 13:00:52
  • ព័ត៌មាន

អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street View

  • 2016-07-07 13:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព ៣៦០ដឺក្រេ​ អំពី​ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវ​អតីត​បុគ្គលិក​ក្រុមហ៊ុន Google ផ្នែក Google Street View លោក ហេង សុវណ្ណ ខិត​ខំ​ថត​យ៉ាង​លំបាក​រហូត​ដាក់​លើ Google Street View ដើម្បី​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ឲ្យ​កាន់​តែ​ទូលំទូលាយ។

 

 

អតីត​បុគ្គលិក​ផ្នែក Google Street View រូប​នេះ​អះអាង​ថា កាល​ពី​ឆ្នាំ ២០១៥ ខណៈ​កំពុង​បំពេញ​ការងារ​លើ​គម្រោង Google Street View នៅ​កម្ពុជា លោក​បាន​ប្រទះ​ឃើញ​ឃ្លីប​វីដេអូ​នៅ​លើ YouTube ដែល​បង្ហោះ​តាំង​ពី​ឆ្នាំ ២០១៣ និយាយ​ពី​ល្ខោន​ស្រមោល​ស្បែក​ធំ​ខ្មែរ។ ពេល​នោះ លោក​ចង់​ដាក់​បញ្ចូល​រោងល្ខោន និង​វិចិត្រសាល​សមាគម​សិល្បៈ​សុវណ្ណភូមិ​ ចូល Google Street View តែ​ពុំ​ទទួល​បាន​ជោគជ័យ ហើយ​គម្រោង Street View ក៏​ចប់​នៅ​ចុង​ឆ្នាំ ២០១៥។

 

ទោះ​ជា​យ៉ាង​ណា កូន​ចិត្ត​ចង់​ដាក់​រូប​ល្ខោន​ខ្មែរ​ចូល Google Street View របស់​លោក សុវណ្ណ បាន​ជំរុញ​សារ​ជា​ថ្មី ក្រោយ​លោក​បាន​ស្ដាប់​វិទ្យុ​ក្រោម​ប្រធាន​បទ "បញ្ហា​ប្រឈម​របស់​សិល្បករ​ខ្មែរ" កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ដែល​បាន​​លើក​ពី​ល្ខោនខោល និង ល្ខោន​ស្រមោល​ស្បែក​ធំ និង​ផល​លំបាក​របស់​សិល្បករ លើ​ការ​ខ្វះ​ការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ ដូចជា​ការ​ចូលរួម​ទស្សនា​ពុំ​បាន​ច្រើន​ជាដើម។

 

ក្រោយ​ទទួល​បាន​គម្រោង​ថ្មី​ឈ្មោះ getinside360 និង​ដោយ​សារ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ (ម៉េង គង់ និង Amrita) អ្នក​ថត​រូប និង ​ជំនួយ​ពី​សមាគម​សិល្បៈ​សុវណ្ណភូមិ​ជា​អ្នក​ជួយ​សម្របសម្រួល​និង​អ្នក​រៀប​ចំ​​ការ​ថត ទីបំផុត គម្រោង​ដាក់​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ​និង​ល្ខោន​ខោល ៣៦០ដឺក្រេ​លើ Google Street View ក៏​ទទួល​បាន​ជោគជ័យ។

 

ទម្រាំ​បាន​រូប​ថត ៣៦០ដឺក្រេ​នេះ ក្រុម​ការងារ​លោក សុវណ្ណ​ត្រូវ​ជួប​ការ​លំបាក​ច្រើន​គួរ​សម។ លោក ថា ដើម្បី​ថត​រូប​ពេល​សម្ដែង​លក្ខណៈ ៣៦០ដឺក្រេ​បាន​ល្អ តួអង្គ​ទាំងអស់​ត្រូវ​នៅ​ស្ងៀម និង​ត្រូវ​ចាំ​ប្លង់ មិន​ដូច្នោះ​រូប​នឹង​ចេញ​មក​ព្រៀលៗ។

 

ម្យ៉ាង​ទៀត ពេល​ថត​មាន​មនុស្ស​ច្រើន Ghost Effect នឹង​កើត​ឡើង ធ្វើ​ឲ្យ​រូប​មិន​ស្អាត ហើយ​ការ​ថត​រូប ៣៦០ ដឺក្រេ អំពី​ល្ខោន​ខ្មែរ​​នីមួយៗ​ត្រូវ​ត្រៀម​ប្លង់​ឬ​សេណារីយ៉ូ​ច្រើន​ និង​មាន​ទំហំ​រូប​ច្បាស់​លាស់។

 

រូប​​ព្រៀល (លើ) និង​រូប​កែ​ហើយ (ក្រោយ) ដោយ​ប្រើ​កម្មវិធី  PTGui

 

"គម្លាត​រូបថត​ជាទូទៅ​មិន​ឲ្យ​លើស​ពី ៤ ម៉ែត្រ​ទេ បើ​ពុំ​នឹង​មិន​សូវ​រលូន​ល្អ។ ចំពោះ​រូប​ណា​ខុសពេល​ត្រូវ​កែ​ដោយ​ដៃ​ប្រើ​កម្មវិធី PTGui”។

 

 

លោក សុវណ្ណ អះអាង​ថា​នឹង​បន្ត​ដាក់​បញ្ចូល របាំ វប្បធម៌ សារមន្ទីរ​ផ្សេង​ទៀត ដែល​ចង់​សហការ​ជាមួយ getinside360 ដោយ​ឥត​គិត​ថ្លៃ ថែម​ទាំង​បង្កើន​គុណភាព​រូប ប្លង់ថត​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ លោក ក៏​ចង់​លើក​ទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​​នានា​ស្គាល់​ពី​ សារប្រយោជន៍ Google See inside Virtual Tour នៅ​លើ​ផែនទី Google Maps ឲ្យ​បាន​ទូលាយ ដូច​ប្រទេស​ជិត​ខាង៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី