• 2016-04-07 14:12:15
  • ព័ត៌មាន

Huawei P9 ពិត​ជា​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ អាច​នឹង​ស៊ីដាច់​ iPhone 6s​

  • 2016-04-07 14:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ពាក្យ​ចចាមអារ៉ាម​​អំពី​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Huawei ​ដែល​នឹង​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​បាន​​ក្លាយ​ជា​ការ​ពិត​ក្រោយ​ពី​​ក្រុមហ៊ុន​បាន​បង្ហាញ​​ជា​​ផ្លូវ​ការ​ពី​ P9 និង​ P9 Plus។

 

 

​​និយាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​ Huawei P9 គឺ​​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​៥,២​អ៊ីញ​ ប្រភេទ​ LCD និង​មាន​កម្រិត​ Resolution 1080x1920។ ទូរសព្ទ​ទាំង​មូល​ដំណើរ​ការ​បាន​ដោយ​បន្ទះ​ Chip Kirin 955 SoC និង​ RAM ​ដែល​មាន​​ធំ​ឬ​តូច​អាស្រ័យ​លើ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ដោយ​ ៣GB/៣២GB និង​ ៤GB/៦៤GB។

 

 

អង្គ​ផ្ទុក​ទិន្នន័យ​អាច​បន្ថែម​ទំហំ​​​ឲ្យ​ធំ​បាន​តាម​រយៈ​រន្ធ​​សម្រាប់​ដោត​កាត​ microSD។ P9 ប្រតិបត្តិការ​បាន​ដោយ​មាន​ថ្ម​ទំហំ​ ៣០០០mAhដែល​ថ្ម​របស់​វា​សាក​បញ្ចូល​ថាមពល​តាម​រយៈ​រន្ធ​ USB Type-C។ ចំពោះ​មុខងារ​ស្កេន​ក្រយៅ​ដៃ​វិញ​​គឺ​បាន​បំពាក់​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។​​

 

ក្រឡេក​ទៅ​មើល​លក្ខណៈ​សម្បត្តិ​របស់​ Huawei P9 Plus ឯ​ណោះ​វិញ​គឺ​មាន​អេក្រង់​ទំហំ​៥,៥​អ៊ីញ​ ប្រភេទ​ AMOLED ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​​ពិសេស​លើស​ P9 ​នោះ​គឺ​​អេក្រង់​​មាន​បំពាក់​មុខងារ​ Press Touch ដោយ​ដំណើរ​ការ​ស្រដៀង​នឹង​ 3D Touch លើ​ iPhone ដែរ។

 

 

P9 Plus មាន​បំពាក់​ដោយ​ RAM ទំហំ​៤GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤GB ​អាច​បន្ថែម​ពី​ក្រៅ​បាន​​ និង​មាន​បំពាក់​បន្ទះ​ Chip ដូច​ជា​ P9 ដែរ។ ចំពោះ​ថ្ម​វិញ​មាន​ទំហំ​ ៣៤០០mAh ដោយ​ជា​មួយ​មុខងារ​ Dual-IC Rapid Charge ​​គឺ​សាក​តែ​១០​នាទី​ អាច​ប្រើ​បាន​៦​ម៉ោង​សម្រាប់​ការ​និយាយ​ទូរសព្ទ។

 

 

ទាំង​ P9 និង​ P9 Plus មាន​បំពាក់​កាមេរ៉ា​ប្រភេទ​ដូច​គ្នា​គឺ​ ​កាមេរ៉ា​ភ្លោះ​​របស់​ក្រុមហ៊ុន​ Leica ដែល​មាន​ទំហំ​១២MP ដោយ​កាមេរ៉ា​មួយ​អាច​ចាប់​យក​រូបភាព​ពណ៌​ និង​មួយ​ទៀត​អាច​ត្រឹម​ចាប់​រូបភាព​ ស-ខ្មៅ​ប៉ុណ្ណោះ។ កាមេរ៉ា​ទាំង​ពីរ​ដំណើរ​ការ​ជា​មួយ​គ្នា​ដើម្បី​ជួយ​ឲ្យ​រូបភាព​កាន់​តែ​ច្បាស់​​ មាន​ពន្លឺ​គ្រប់​គ្រាន់​ និង​ជួយ​កាត់​បន្ថយ​ Noise ពេល​ថត​ក្នុង​ទី​ងងឹត។

 

ចំណុច​ពិសេស​មួយ​ទៀត​របស់​កាមេរ៉ា​ទូរសព្ទ​នេះ​គឺ​វា​មិន​មាន​សភាព​លាន​ចេញ​មក​ក្រៅ​ដូច​ស្មាតហ្វូន​ដទៃ​ឡើយ។ យ៉ាង​ណា​ក្ដី​គេ​មិន​សង្កេត​ឃើញ​ពី​បច្ចេកវិទ្យា​ OIS ដែល​ជា​បច្ចេកវិទ្យា​ជួយ​ទប់​លំនឹង​រូបភាព​នៅ​លើ​កាមេរ៉ា​ភ្លោះ​នៃ​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​ទេ។

 

 

គួរ​បញ្ជាក់​ថា​ Huawei P9 ប្រភេទ​ RAM៣GB/អង្គ​ផ្ទុក​ទិន្នន័យ​៣២GB មាន​តម្លៃ​​ ៦៨០​ដុល្លារ និង​ប្រភេទ​ RAM៤GB/អង្គ​ផ្ទុក​ទិន្នន័យ​៦៤​GB មាន​តម្លៃ​ ៧៤០​ដុល្លារ ដោយ​នឹង​​ចេញ​លក់​​លើក​ដំបូង​​នា​ថ្ងៃ​ទី​១៦​ខែ​មេសា​ ក្នុង​សហភាព​អឺរ៉ុប​ និង​មជ្ឈិម​បូព៌ា។ ចំណែក​ឯ​ P9 Plus ឯ​ណោះ​វិញ​គឺ​មាន​តម្លៃ​ ៨៥០​ដុល្លារ ដោយ​នឹង​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ចាប់​ពី​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា៕

 

ចុច​អាន៖ យប់​នេះ​ ​Huawei​ ​P9​ ​នឹង​ចេញ​ជា​ផ្លូវ​ការ​

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ GSMArena​​​​​​​​​

មតិយោបល់