• 2016-03-26 00:48:21
  • ព័ត៌មាន

Yamaha អភិវឌ្ឍន៍​បច្ចេកវិទ្យា​ម៉ាស៊ីន​ម៉ូតូ​ជំនាន់​ថ្មី​ ថាមពល​ខ្លាំង ស៊ីសាំង​កាន់​តែ​តិច

  • 2016-03-26 00:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ឈាន​មុខ​មួយ​នៅ​លើ​ពិភពលោក បាន​បង្កើត​គំនិត​ក្នុង​ការ​អភិវឌ្ឍ​ម៉ាស៊ីន​ម៉ូតូ​ជំនាន់​ថ្មី ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បើកបរ​ និង​ការ​សន្សំសំចៃ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​បាន​ខ្ពស់​ដែល​បច្ចេកវិទ្យា​នោះ​មាន​ឈ្មោះ​ថា​ប្លូខ័រ “Blue Core”​។

 

 

លោក ស លាងសាន់ ប្រធាន​ផ្នែក​សេវាកម្ម​ជួសជុល​របស់​ក្រុមហ៊ុន Yamaha Motor Cambodia ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា​​​ម៉ាស៊ីន​ជំនាន់​ថ្មី ប្លូខ័រ Blue Core ជួយ​បង្កើន​ប្រសិទ្ធភាព​ដំណើរការ​នៃ​គ្រឿង​ម៉ាស៊ីន និង​ការ​សន្សំសំចៃ​ការ​ប្រើប្រាស់​ថាមពល​បាន​ខ្ពស់។ បច្ចេកវិទ្យា​ថ្មី​នេះ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​សាំង​រហូត​ដល់ ៥០%។

 

លោក លាងសាន់​ឲ្យ​ដឹង​ទៀត​ថា គោលគំនិត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា Blue Core របស់ Yamaha គឺ​ការ​ផ្តល់​សន្សំសំចៃ ​ថាមពល​ខ្ពស់​និង​ការ​ការពារ​ដល់​បរិស្ថាន។

 

Yamaha បាន​បញ្ចេញ​ម៉ូតូ​ជា​ច្រើន​ម៉ូដែល​លើ​ទីផ្សារ​។ ប្រភេទ​ពេញនិយម​​មាន​ដូចជា​ប្រភេទ​ម៉ូតូ​ធំ​ FZ-FI, FZS-FI, និង​អូតូ Fino និង Grand Filano ជា​ដើម។

 

យ៉ាង​ណា កន្លង​ទៅ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​រិះ​គន់​ម៉ូតូ Yamaha ដោយសារ​ការ​ស៊ីសាំង​។ ជាក់ស្ដែង Fino អ្នកប្រើប្រាស់​ជា​ច្រើន​រអ៊ូ​ថា​ស៊ីសាំង​ខ្លាំង​ធៀប Scoopy របស់ Honda និង NCX របស់ Suzuki។

 

លោក លាងសាន់ ទទួល​ស្គាល់​ស្គាល់​ចំណុច​នេះ ប៉ុន្តែ​​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីរបស់ Yamaha ​នឹង​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។ ជាក់ស្តែង Fino ស៊េរី​ថ្មី​ ក្រុមហ៊ុន​បាន​បំពាក់​បច្ចេកវិទ្យា Blue Core ដែល​ផ្តល់​ថាមពល​ខ្ពស់​និង​ស៊ីសាំង​តិច​បំផុត។

 

លោក​ថា Fino ស៊េរី​ថ្មី​ ១ លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ​ជាង ៦០ គីឡូម៉ែត្រ ធៀប​ជំនាន់​មុន​បាន​តែ​ជាង ៣៥ ទៅ ៤០ គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​ដូច​គ្នា​។

 

លោក​បន្ត​ថា បច្ចេកវិទ្យា​ Blue Core ជា​បច្ចេកវិទ្យា​ផ្តាច់មុខ​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ឡើង ដើម្បី​ឆ្លើយ​តប​តម្រូវការ​និង​ការ​ចង់​បាន​របស់​អ្នកប្រើប្រាស់​។ ជាពិសេស​បច្ចេកវិទ្យា​នេះ​ក៏​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដោយសារ​បច្ចេកវិទ្យា​នេះ​ជួយ​បន្ថយ​កំដៅ​ម៉ាស៊ីន​និង​កាត់​ការ​រំខាន​ដោយ​សម្លេង​ម៉ាស៊ីន។

 

បច្ចេកវិទ្យា​ថ្មី Blue Core ក្រុមហ៊ុន Yamaha បាន​យក​ទៅ​បំពាក់​ទៅ​លើ​ម៉ូតូ​ស៊េរី​ថ្មីៗ​មួយ​ចំនួន​ដូចជា Fino, Grand Filano និង FZ-Fi។

 

 

ប្រិយមិត្ត​អាច​ស្វែង​យល់​បច្ចេកវិទ្យា Blue Core ក៏​ដូចជា​​ចូលរួម​​ជិះ​សាកល្បង​ដោ​យ​ផ្ទាល់ ​ដើម្បី​ដឹង​ពី​សមត្ថភាព​និង​បច្ចេកទេស​​ដោយ​​ក្រុមហ៊ុន​ Yamaha រៀបចំ​កម្មវធី​ពិសេស​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ​នៅ​ទីក្រុង​កោះពេជ្រ ដើម្បី​បង្ហាញ​ពី​ផលិតផល​ម៉ូតូ​ថ្មីៗ​ដល់​សាធារណៈ​ជន​បាន​ទស្សនា៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់