- 2016-03-10 17:48:34
- ព័ត៌មាន
ម្ចាស់ហាងលក់ទូរសព្ទមួយរូបចែករំលែកបទពិសោធន៍ធ្វើជំនួញឈរជើងយូរឆ្នាំ
- 2016-03-10 17:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ហាងលក់ទូរសព្ទមួយរូបចែករំលែកបទពិសោធន៍ធ្វើជំនួញឈរជើងយូរឆ្នាំ
ចន្លោះមិនឃើញ
អ្នកខ្លះបើកហាងលក់ទូរសព្ទមិនបានប៉ុន្មានក៏ត្រូវដួលទៅវិញដោយសារគ្មានគ្រឹះរឹងមាំនិងវិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រងហាង។ ទាក់ទិននឹងការបើកជំនួញលក់ទូរសព្ទ ម្ចាស់ហាងលក់ទូរសព្ទ ស្រី អូន បានបង្ហើបពីបទពិសោធន៍ខ្លះៗក្នុងការបើកហាងឱ្យឈរជើងបានយូរនិងកាន់តែរីកចម្រើន។
ស្រី អូន បានឱ្យដឹងថា ការតាមរយៈបទពិសោធន៍បើកហាងលក់ទូរសព្ទរយៈពេលជិត ៥ឆ្នាំមក នេះក្នុងនាមជាម្ចាស់ហាង អ្វីដែលអ្នកស្រីតែងប្រកាន់ជាប់មករហូតគឺ ការស្រាវជ្រាវ ការអត់ធ្មត់ ភាពស្មោះត្រង់បូកទំនួលខុសត្រូវ ឈ្លៀសវៃ និងភាពរួសរាយ។
ស្រាវជ្រាវ៖
ស្រីអូនថា ធ្វើជាម្ចាស់ហាងទូរសព្ទមិនមែនអត់ដឹងអីសោះបើកហាងកើតទេ។ កាលពីមុនធ្លាប់តែជាអ្នកលក់ស្បែកជើង ដល់ពេលមកចាប់បើកហាងលក់ទូរសព្ទ ពិតជាលំបាក ព្រោះមិនដែលដឹងពីបច្ចេកវិទ្យាស្មាតហ្វូនបានច្រើនហ្នឹងគេទេ។
ប៉ុន្តែក្រោយមកដោយសារការព្យាយាមស្រាវជ្រាវនឹងនៅជាមួយទូរសព្ទយូរទៅ ស្រីអូនយល់កាន់តែច្បាស់ពីទូរសព្ទ បើទោះបីខូចបញ្ហាណាមួយក៏សឹងតែអាចដោះស្រាយជូនភ្ញៀវបានដែរ។ ពេលមានទូរសព្ទថ្មី ស្រី អូនតែព្យាយាមស្វែងយល់ឱ្យច្បាស់ ដើម្បីងាយពន្យល់ភ្ញៀវពេលគេមកហាង។
ការអត់ធ្មត់៖
ការអត់ធ្មត់និងភាពស្មោះត្រង់ ស្រី អូនចង់បានន័យ ថា រកស៊ីអ្វីក៏ដោយតែងតែជួបបញ្ហាជាមួយអតិថិជន ហើយកាន់តែពិបាកនោះគឺការរកស៊ីបើកហាងលក់ទូរសព្ទនេះឯង។ ពេលខ្លះមានអតិថិជនមួយចំនួនឆេះដុំស្រែកខ្លាំងៗដាក់លោកស្រីនិងបុគ្គលិកក្នុងហាងក៏មាន តែអ្នកស្រីមិនដែលតបតទៅវិញឬធ្វើឥរិយាបថទាំងកំរោលទេ ផ្ទុយទៅវិញព្យាយាមលួងលោមនិងសម្រួលរហូតដល់អតិថិជនព្រមនិយាយស្តាប់គ្នា សឹមដោះស្រាយបញ្ហាជូនតាមក្រោយ។
ភាពស្មោះត្រង់បូកនិងទំនួលខុសត្រូវខ្ពស់៖
ស្រីអូនថា បើកហាងលក់ទូរសព្ទមួយ បើមិនស្មោះត្រង់ទេ ដួលបះជើងឆាប់មិនខាន។ បើយើងសម្រេចចិត្តថាចង់បើកហាងលក់ទូរសព្ទមួយហើយ ត្រូវតែលក់ផលិតផលសុទ្ធមកពីក្រុមហ៊ុននិងល្អសម្រាប់អតិថិជន មិនត្រូវក្លែងបន្លំទេ បើមិនដូច្នោះថ្ងៃក្រោយគេមិនខ្ចីមកជាន់ហាងទៀតទេ។
ម្យ៉ាងទៀត ទំនួលខុសត្រូវក៏ជារឿងចម្បងត្រូវប្រកាន់ខ្ជាប់ដែរ។ ពេលអតិថិជន យកទូរសព្ទមកឱ្យហាងដោះស្រាយបញ្ហាជូន ត្រូវប្រាកដថា សេវាកម្មដែលផ្តល់ទៅវិញគឺជាទីទុកចិត្ត មិនមែនខូចនេះថាខូចនោះ ហើយត្រូវព្យាយាមអស់លទ្ធភាពដោះស្រាយជូនភ្ញៀវបើសិនបញ្ហានោះកើតឡើងដោយហាងខ្លួនឯង។
ឈ្លៀសវៃ៖
អ្នកបើកហាងលក់ទូរសព្ទណាក៏ដូចគ្នា តែងមានជនមកបន្លំលួចទូរសព្ទ តែអ្នកលក់ក៏ត្រូវឈ្លៀសវៃដែរ ក្នុងការមើលមនុស្ស។
ស្រីអូនថា ពេលខ្លះមានជនប្លែកៗមួយចំនួនមកហាងធ្វើជាសួរនាំទិញទូរសព្ទ ដោយមានពាក់មួយការពារ ពាក់មាសជាដើម ដូច្នេះត្រូវប្រយ័ត្ន។ ពេលដឹងថាមានជនណាបម្រុងនឹងលួចទូរសព្ទ ស្រី អូនឬបុគ្គលិកក្នុងហាងណាមួយត្រូវចេះនិយាយស្រួលមិនធ្វើឱ្យស្ថានការណ៍កាន់តែតឹងតែងនោះឡើយ រហូតជនឆបោកទាំងនោះព្រមដើរចេញហើយទុករបស់ (ទូរសព្ទ)។ ស្ថានការណ៍បែបនេះស្រីអូន ធ្លាប់ជួបច្រើនដង តែមិនដែលភ្លាតស្នៀតធ្វើឱ្យបាត់របស់ទេ។
ស្រីអូនថា "គេនៅកន្លែងងងឹត ឯយើងនៅកន្លែងភ្លឺ អ៊ីចឹងនិយាយស្រួលជាមួយគេឱ្យគេទុករបស់ហើយដើរចេញទៅ កុំឱ្យមានបញ្ហាដល់ហាងយើងនៅថ្ងៃក្រោយ"។
រួសរាយ៖
"ការរួសរាយ ម្ចាស់ហាងណាក៏ត្រូវមានដែរ ព្រោះបើអតិថិជនឃើញមុខក្រញូវហើយមិនចេះនិយាយផ្អែម គ្មានអ្នកណាចង់ចូលមកទិញឥវ៉ាន់ក្នុងហាងទេ ទោះបីរបស់អ្នកឯងលក់ល្អប៉ុណ្ណាក៏ដោយ"។ ស្រីអូនបញ្ជាក់។
ម្ចាស់ហាងរូបនេះបន្ថែមថា ពេលខ្លះទោះបីមានបញ្ហាមិនសប្បាយចិត្ត ក៏ត្រូវធ្វើមុខរីកដូចគ្រាប់ជីនិងរួសរាយដាក់ភ្ញៀវដែលមកទិញទូរសព្ទក្នុងហាងជានិច្ចដែរ ដើម្បីទាក់ចិត្តឱ្យថ្ងៃក្រោយគេមកទិញរបស់ទៀត៕
អ្វីទាំងអស់នេះ គ្រាន់តែការចែករំលែកបទពិសោធន៍ខ្លះៗដែលម្ចាស់ហាងស្រី វ័យ ២៨ឆ្នាំរូបនេះចង់ចែករំលែកសម្រាប់ការបើកជំនួញលក់ទូរសព្ទឱ្យជោគជ័យនិងយូរអង្វែងទៅថ្ងៃមុខ៕
អត្ថបទ៖ ប៉ែត ផាន់និត