• 2017-05-27 02:24:14
  • ចំណេះដឹង

មក​ស្វែង​យល់​ពី​ការ​វិវត្ត​ Windows 1 ដល់​ Windows 10 អស់​រយៈ​ពេល​ ២៩ ឆ្នាំ

  • 2017-05-27 02:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​ប្រតិបត្តិ​ Windows ដំបូង​បង្អស់ ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន Microsoft នា​ឆ្នាំ ១៩៨៥ បាន​វិវត្ត​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​ជំនាន់​ ដែល​ចំណាយ​ពេល​ជាង ២៩ ឆ្នាំ​​។ ដំបូង​ឡើយ​ពី​បាត​ដៃ​ទទេ​របស់​លោក Bill Gates បាន​បង្កើត​ឡើង​នូវ​ Windows 1 រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អ្នក​គ្រប់គ្រង​ថ្មី​ លោក​ Satya Nadella ដែល​មាន​សញ្ជាតិ​ឥណ្ឌា​។​

១.Windows 1 ៖

​ប្រព័ន្ធ​ប្រតិបត្តិ​មួយ​នេះ​បង្កើត​ឡើង​ដោយ​លោក Bill Gates នា​ឆ្នាំ ១៩៧៥ ដែល​វា​ផ្ដើម​ដំបូង​ជា​ប្រភេទ​ 16-bit និង​អាច​ដំណើរការ​នូវ​កម្មវិធី​ MS-DOS បន្ថែម​នឹង​ហ្គេម​មួយ​ មាន​ឈ្មោះ​ថា​ Reversi ដែល​តម្រូវ​ឱ្យ​ប្រើប្រាស់​ Mouse មិន​មែន​ Keyboard នោះ​ឡើយ​។​

២.Windows 2 ៖

២ ឆ្នាំ​ក្រោយ​មក​ Microsoft ក៏​ប្រកាស​ចេញ​នូវ​​ Windows 2 នា​ខែ​ធ្នូ ឆ្នាំ ១៩៨៧។​ ការ​អាប់ដេត​ធំ​បំផុត នៅ​ជំនាន់​នេះ ក្រុមហ៊ុន​អាមេរិក​ខាង​លើ​បាន​បញ្ចូល​នូវ​មុខងារ​ Minimise (​បិទ​ថយ​កម្មវិធី​) និង​ Maximise (ពង្រួម​ផ្ទៃ​កម្មវិធី​) ដែល​បច្ចុប្បន្ន​អ្នក​និយម​ឃើញ​នៅ​ពេល​ដំណើរការ​កម្មវិធី​ណា​មួយ​លើ​​កុំព្យូទ័រ​ នោះ​វា​នឹង​មាន​ប៊ូតុង​រាង​សញ្ញា​ (-) និង​រាង​ចតុកោណកែង​ ។​

​បន្ថែម​ពី​នោះ​កម្មវិធី​ Microsoft Word និង​ Excel ក៏​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​សាធារណៈ​ចាប់​ពី​ជំនាន់​ Windows 2 ត​រៀង​មក​។

៣.Windows 3 ៖

វា​ជា​ប្រព័ន្ធ​ Windows ជំនាន់​ដំបូង​បង្អស់​ដែល​តម្រូវ​ឱ្យ​ប្រើប្រាស់​មាននូវ​អង្គ​ផ្ទុក​ (Hard Drive) នា​ឆ្នាំ ១៩៩០​។​ ភាព​ជោគជ័យ​បាន​បន្ត​កើត​មាន​ឡើង ខណៈ​ពេល​នោះ​ Microsoft កំពុង​មាន​គូ​ប្រកួត​ប្រជែង​ជាមួយ​ប្រព័ន្ធ​ Macintosh របស់​ Apple។​

សម្រាប់​ប្រព័ន្ធ​មួយ​នេះ វា​មាន​ការ​គាំទ្រ​នូវ​កម្រិត​ពណ៌​លើ​អេក្រង់​ចំនួន ២៥៦ ពណ៌​ដែល​បម្លែង​ទៅ​ជា​សម័យ​ទំនើប​ជាង​មុន​បន្តិច​។​ ចំណុច​រសើប​មួយ​ទៀត ជំនាន់​នោះ​ Microsoft ក៏​បាន​ប្រកាស​ទន្ទឹម​គ្នា​នូវ​ហ្គេម​បៀរ​ Solitaire។​

៤.Windows 3.1 ៖

​សម្រាប់​ជំនាន់​នៃ​ Windows 3.1 នា​ឆ្នាំ ១៩៩២ នេះ​ វា​មាន​លក្ខណៈ​លេចធ្លោ​ជាង​ជំនាន់​មុន​ច្រើន​ ដោយ​បាន​បញ្ចូល​នូវ​កម្មវិធី​សម្រាប់​បង្កើត​ពុម្ព​អក្សរ​ TrueType , ដាក់​ឱ្យ​លេង​នូវ​ហ្គេម​ដោះ​មីន​ Minesweeper និង​មាន​ការ​បែងចែក​នូវ​ CD ROM (វា​អាច​ផ្ទុក​បាន​ដល់ 700MB) ។​ ទៀត​សោត​ចំពោះ​ម៉ាស៊ីន​ដែល​មាន RAM ទំហំ 1MB ទើប​អាច​គាំទ្រ​ឱ្យ​ដំណើរការ​នូវ​កម្មវិធី MS-DOS លើ​ជំនាន់​ Windows នោះ​បាន​។

៥.Windows 95 ៖

វា​បាន​ប្រកាស​នូវ​ខែ​សីហា ឆ្នាំ ១៩៩៥ មាន​បញ្ចូល​នូវ​ប៊ូតុង​ថ្មី ២ រវាង​ Start Button និង​ Start Menu។​ អំឡុង​ពេល​នោះ Microsoft ក៏​បង្វែរ​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រភេទ​ 32-bit វិញ ខណៈ​កម្មវិធី​បើក​អ៊ីនធឺណិត​ Internet Exploerer ចាប់​ផ្ដើម​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក​បាន​ស្គាល់​។​ ក្រៅ​ពី​នោះ​មាន​កម្មវិធី Netscape Navigator និង​ NCSA Mosaic ជា​ដើម​។​

៦.Windows 98 ៖

ទន្ទឹម​នឹង​ការ​វិវត្ត​កម្មវិធី​បើក​អ៊ីនធឺណិត​ IE ដល់​ជំនាន់​ទី ៤ ក្រុមហ៊ុន​ Microsoft ក៏​ឆ្លៀត​ប្រកាស​នូវ​ប្រព័ន្ធ​ Windows 98 នា​ឆ្នាំ ១៩៩៨ ។​ ពួក​គេ​បាន​ដាក់​បន្ថែម​នូវ​កម្មវិធី​ Outlook Express, Windows Address Book, Microsoft Chat និង​ NetShow Player ។​ ការ​ដាក់​បង្ហាញ​ដ៏​ធំ​មួយ​គឺ​ Windows Driver Model ដោយ​តាំង​ពី​ពេល​នោះ ប្រភេទ​កុំព្យូទ័រ​អាច​ធ្វើ​ការ​ចាប់​ស្គាល់​នូវ​ឧបករណ៍​តំណ​ភ្ជាប់​ពី​ខាង​ក្រៅ​តាម​រយៈ​ខ្សែ​ USB រួម​មាន​ប្រភេទ​ USB Hubs និង​ ​USB Mice។

៧.Windows ME ៖

នា​ខែ​កញ្ញា​ឆ្នាំ ២០០០ ក្រុមហ៊ុន​ Microsoft បាន​វិវត្ត​ដល់​ជំនាន់​ Windows Millennium Edition ឫ​ Windows ME ដែល​វា​បាន​បញ្ចូល​នូវ​កម្មវិធី IE ជំនាន់​ 5.5, ក្បាល​ចាក់​ Windows Media Player 7 និង​កម្មវិធី​កាត់​ត​វីដេអូ​ Windows Movie Maker​។​

៨.Windows 2000 ៖

នេះ​ជា​បងប្អូន​ភ្លោះ​ជាមួយ​ Windows ME ខណៈ​វា​បង្ហាញ​នា​ឆ្នាំ ២០០០ ដូច​គ្នា ប៉ុន្តែ​មាន​ការ​អាប់ដែត​ពិសេស​មួយ គាំទ្រ​នូវ​មុខងារ Hibernation ដែល​វា​ស្រដៀង​ទៅ​នឹង Sleep Mode ដោយ​អនុញ្ញាត​ឱ្យ​យើង​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ប៉ុន្តែ​ពេល​បើក​មក​វិញ ឯកសារ​កម្មវិធី​ដំណើរការ​មុន​បិទ​ទាំង​ប៉ុន្មាន នៅ​ដើរ​ជា​ធម្មតា​។

៩.Windows XP ៖

នា​ឆ្នាំ ២០០១ ក្រុមហ៊ុន​ Microsoft បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ពី​ប្រព័ន្ធ​ប្រតិបត្តិ​របស់​ខ្លួន​គឺ Windows XP ។​​វា​មាន​ការ​រចនា​ផ្ទៃ​កម្មវិធី​និង​ប៊ូតុង​មុខងារ​ Start មាន​លក្ខណៈ​ពណ៌​ស្រស់​ខ្ចី​ជាង​មុន និង​បញ្ចូល​មុខងារ​ ClearType ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​អាន​អក្សរ​បង្ហាញ​លើ​អេក្រង់​មាន​សភាព​ច្បាស់​ល្អ​ជាង​មុន​និង​មាន​ភាព​ងាយ​ស្រួល​។​ ប្រព័ន្ធ​មួយ​នេះ​មាន​អ្នក​ប្រើ​យូរ​បំផុត​ រហូត​ដល់​ជាង ១៣ ឆ្នាំ​ខណៈ​ Microsoft ទើប​តែ​បាន​ផ្ដាច់​ចោល​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ពី​វា នា​ខែ​សីហា​ឆ្នាំ ២០១៤ កន្លង​ទៅ​។ បន្ថែម​ពី​នោះ​មាន​កុំព្យូទ័រ​ប្រមាណ ៤៣០ លាន​គ្រឿង ដែល​គេ​​បាន​ដឹង​ថា​កំពុង​ប្រើប្រាស់​វា អំឡុង​ពេល​ក្រុមហ៊ុន​ផ្ដាច់១០​ប្រព័ន្ធ​ប្រតិបត្តិ​នោះ​ចោល​។​​​

​​​ ​**១០.Windows Vista ៖ **

អ្នក​ខ្លះ​ច្រើន​ច្រឡំ​ថា​ Vista ចេញ​មុន​ XP តាម​ពិត​ទៅ​មិន​មែន​ទេ អស់​រយៈ​កាល​ជាង ៦ ឆ្នាំ​បន្ទាប់​ពី​ XP ឯ​ណោះ ទើប​ Microsoft ប្រកាស​ចេញ​នូវ​ Windows Vista នា​ខែ​មករា​ឆ្នាំ ២០០៧​ ។ អ្នក​លេង​ហ្គេម​​លើ​កុំព្យូទ័រ​ចាប់​ផ្ដើម ក្រោក​ឡើង​ក្រោយ​ប្រព័ន្ធ​នេះ បាន​បញ្ចូល​នូវ​កម្មវិធី​ Microsoft DiretX 10 ដែល​ជា​បច្ចេកវិទ្យា​ជំរុញ​ឱ្យ​ដំណើរការ​ហ្គេម​ធំៗ​បាន​រលូន​។

បន្ថែម​ពី​នោះ​មាន​ការ​បញ្ចូល​នូវ​កម្មវិធី Windows Media Player 11 និង​​ IE7 គួបផ្សំ​កម្មវិធី​ប្រព័ន្ធ​សុវត្ថិភាព Windows Defender ។​ វា​ក៏​ជា​ប្រព័ន្ធ​ Windows ដំបូង​ដែល​ស្គាល់​នូវ​ក្បាល​ចាក់​​ DVD។

១១.Windows 7 ៖

មនុស្ស​ជា​ច្រើន​បាន​បង្វែរ​ពី​ការ​ចាប់​អារម្មណ៍​នៅ​លើ​ Windows XP និង​ Vista មក​លើ​ Windows 7 នា​ចុង​ឆ្នាំ ២០០៩ នេះ​វិញ​ ដោយ​ផ្ទៃ​កម្មវិធី​មាន​ការ​ផ្លាស់ប្ដូរ​ទាំង​ស្រុង ដែល​កំពុង​បង្ហាញ​ឱ្យ​មនុស្ស​បាន​ស្គាល់​ពី​សម័យ​បច្ចេកវិទ្យា​ស៊ីវិល័យ​។​

ល្បឿន​ដំណើរការ​មាន​ភាព​រលូន​ច្រើន​ជាង​មុន​ ហើយ​គាំទ្រ​ការ​ប្រើប្រាស់​កម្មវិធី​បាន​ច្រើន​ជាង​ Windows ជំនាន់​ឆ្នាំ ២០០៧​។​ សង្កេត​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​នៅ​ឧបទ្វីប​អឺរ៉ុប ព្រោះ​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ ទប់​ស្កាត់​ពី​ការ​ចម្លង​ចូល​នូវ​មេរោគ​ផ្សេងៗ​។​

១២.Windows 8 ៖

នា​ខែ​តុលា​ឆ្នាំ ២០១២ វត្តមាន​នៃ​ប្រព័ន្ធ Windows 8 ក៏​ប្រកាស​បង្ហាញ​ឡើង​។​ មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ និង​ខ្លះ​ទៀត​ភ័យ​ព្រួយ​គិត​ថា​រាង​ពិបាក​ប្រើ ព្រោះ​ផ្ទៃ​កម្មវិធី​ទាំង​មូល​ មាន​ការ​ផ្លាស់​ប្តូរ​សឹង​ទាំង​ស្រុង មិន​ថា​តែ​ប៊ូតុង​ Start​។ វា​ចាប់​ផ្ដើម​គាំទ្រ​ស្គាល់​នូវ​រន្ធ​ដោត​ USB 3.0 ដែល​បន្ថែម​ល្បឿន​​ចម្លង​ចេញ​ចូល​ឯកសារ​ផ្សេងៗ​ មាន​ភាព​រហ័ស​ដាច់​ឆ្ងាយ​ធៀប​នឹង​ជំនាន់​ទៅ​។​

យ៉ាងណាមិញ​អំឡុង​ឆ្នាំ​នោះ​វត្តមាន​ឧបករណ៍​ថេបប្លែត​ជា​ច្រើន សោត​យ៉ាង​ដូច​ជា iPad និង​ស្មាតហ្វូន​មួយ​ចំនួន​ កំពុង​អុកឡុក​ខ្លាំង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​បណ្ដាល​ឱ្យ​មាន​ការ​រាំង​ស្ទះ​បន្តិច​បន្តួច​នៃ​ការ​លក់​ចេញ​ប្រភេទ PC ទៅ​កាន់​អ្នក​ប្រើប្រាស់​។

ម្ល៉ោះហើយ​ដើម្បី​សម្រប​បាន​នឹង​សង្គម​ខាង​ក្រៅ Microsoft ក៏​ឆ្លៀត​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ Windows RT ដែល​អាច​គាំទ្រ​នូវ​ប្រព័ន្ធ​ដំណើរការ​សម្រាប់​ស្មាតហ្វូន​ ដែល​ដើរ​លើ​ CPU ប្រភេទ ARM រី​ឯ Windows 8 ចាប់​ដាក់​លើ​ពពួក​ Microsoft Surface ដែល​ជា​ថេបប្លែត​។

១៣.Windows 8.1 ៖

មួយ​ឆ្នាំ​ក្រោយ​មក​ Microsoft ក៏​ប្រកាស​ចេញ​នូវ​ប្រព័ន្ធ​ Windows 8.1 ដែល​ទាញ​យក​ប៊ូតុង​​ Start មក​ដាក់​នៅ​លើ​ផ្ទៃ​ Desktop វិញ​ ហើយ​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ​ជាង Windows 8 ។​ ទន្ទឹម​ជំនាន់​នោះ​ពពួក​កុំព្យូទ័រ​យូរ​ដៃ Touch Screen ក៏​ប្រកាស​ចេញ​ដំណាល​គ្នា ដែល​វា​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​ជាមួយ​ Windows 8.1 កាន់​តែ​មាន​សភាព​ប្រសើរ​ឡើង​។

១៤.Windows 10 ៖

នេះ​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Microsoft ដែល​ដាក់​បង្ហាញ​នា​ថ្ងៃ​ទី ៣០ កញ្ញា​ឆ្នាំ ២០១៤​។​ មុខងារ​ពិសេស​មួយ អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លាស់ប្ដូរ​ពី​ការ​ប្រើប្រាស់​បែប​ Keyboard ជាមួយ​ Mouse និង​បែប​ជា​ថេបប្លែត​វិញ​ ដោយ​កំពុង​ដំណើរការ​លើ​ Surface Pro 3 នា​ពេល​បច្ចុប្បន្ន​។

មិន​ថា​តែ​កុំព្យូទ័រ​ឡើយ សូម្បី​ពពួក​ស្មាតហ្វូន​និង​ថេបប្លែត​មួយ​ចំនួន​ក៏​និយម​ដំឡើង​ប្រើប្រាស់​ Windows ជំនាន់​ក្រោយ​នេះ​ដែរ​ ហើយ​កម្មវិធី​ប្រើប្រាស់​ទាំង​ឡាយ​ អាច​ទាញ​យក​បាន​តាម​រយៈ​ Windows Store លើ​ឧបករណ៍​ស្រាប់​។

ក្រោយ​ការ​រ៉ាយរ៉ាប់​ខាង​លើ​នេះ​រួច​មក​ Sabay ជឿ​ថា​វា​អាច​ជា​ចំណេះដឹង​ថ្មី​មួយ​ ចែក​ជូន​ទៅ​កាន់​អ្នក​អាន​ទាំង​អស់​គ្នា ព្រោះ​មនុស្ស​ម្នាក់ៗ​រមែង​គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ ពី​ប្រវត្តិ​ដើម​នូវ​អ្វី​ដែល​យើង​កំពុង​មាន​​​សព្វ​ថ្ងៃ ក្នុង​គោលដៅ​ប្រើប្រាស់​វា​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​និង​មាន​ភាព​ប្រសើរ​ឡើង​៕

ប្រភព៖ theguardian ប្រែសម្រួល ៖ កៅ រក្សា

មតិយោបល់