• 2015-12-10 15:53:29
  • ព័ត៌មាន

ក្បួន Ford Adventure 2015 ចេញ​ដំណើរ​នាំ​អ្នក​ដំណើរ ៣០០ នាក់​ទៅ​កម្សាន្ត​តាម​រថយន្ត​ទៅ​ថៃ​

  • 2015-12-10 15:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​ជាង ៥ ទៀប​ភ្លឺ អ្នក​ចូលរួម​ដំណើរ​កម្សាន្ត Ford Adventure ដែល​បាន​នាំ​មក​ជាមួយ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុមហ៊ុន RMA សាខា​ផ្លូវ​ព្រះមុនីវង្ស ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំ Ford Adventure 2015 ដែល​ឆ្នាំ​នេះ​គោលដៅ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ច័ន្ទបុរី​ប្រទេស​ថៃ។

 

 

រថយន្ត​ Ford ប្រមាណ ៦០ គ្រឿង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​​រំលេច​​​ផែន​ទី​បង្ហាញ​​ផ្លូវ​​​​ដ៏​វែង​ឆ្ងាយ​ដែល​អ្នក​ចូលរួម​ជាង ៣០០ នាក់ ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់។

 

ក្នុង​គម្រោង​កម្មវិធី ក្បួន​រថយន្ត​ Ford រាប់​សិប​គ្រឿង​នឹង​ចាប់ផ្ដើម​ចេញ​​ដំណើរ​​នៅ​វេលា​ម៉ោង ៦ ​និង​គ្រោង​ទៅ​ដល់​​គោលដៅ​ស្ថានីយ​អ្នក​ដំណើរ​និង​ចំណត​រថយន្ត​ខេត្ត​ពោធិ៍សាត់​នៅ​ម៉ោង​ជាង ១០ ៣០ ព្រឹក​។ ទៅ​ដល់​ចំណត​ទី​រួម​ខេត្ត​ពោធិ៍សាត់​មាន​ការ​ឈប់​សម្រាក​​​ប្រហែល ១៥ នាទី ដើម្បី​អ្នក​ចូលរួម​ដំណើរ​​សម្រួល​ឥរិយាបថ មុន​បន្ត​​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​បាត់ដំបង​​និង​​អាច​ទៅ​ដល់​នៅ​ប្រហែល​ម៉ោង ១២ ថ្ងៃ ដើម្បី​​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់។

 

ក្រោយ​ពេល​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច ក្បួន​ធ្វើ​ដំណើរ​នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន ដោយ​​តាម​ផ្លូវ​ក៏​នឹង​មាន​ការ​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​។ បន្ទាប់​មក​ក្រុម​ក្បួន​រថយន្ត​នឹង​បន្ត​ឆ្ពោះ​ទៅ​ទីតាំង​បោះ​ជំរំ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ​ពី​ព្រំដែន​អន្តរជាតិ​ព្រំ​ ដើម្បី​សម្រាក​បោះតង់​​ជា​ការ​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ទី​មួយ។ នៅ​ទីតាំង​បោះ​ជំរំ​នា​ពេល​រាត្រី​មាន​​​រៀបចំ​កម្មវិធី​​ទទួល​ទាន​អាហារ​​ជុំ​គ្នា​ រួម​ទាំង​កម្មវិធី​កម្សាន្ត​​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

នៅ​ថ្ងៃ​ទី​ពីរ បន្ទាប់​ពី​រៀបចំ​ប្រមូល និង​សម្អាត​តង់​និង​ទីធ្លា​បោះ​ជំរំ​​រួម​ទាំង​ការ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រួច​ ក្បួន​រថយន្ត Ford នឹង​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ដើម្បី​​ត្រួត​ពិនិត្យ​​​ឯកសារ​​នានា​​ពី​មន្រ្តី​មាន​សមត្ថភាព​កិច្ច​មុន​​បន្ត​ឆ្លង​​ចូល​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ជា​គោលដៅ​នៃ​ដំណើរ​កម្សាន្ត Ford Adventure 2015។

 

 

ក្នុង​ខេត្ត​ច័ន្ទបុរី អ្នក​ដំណើរ​នឹង​ទៅ​កម្សាន្ត​នៅ​ពិភព​បាត​សមុទ្រ ព្រៃ​កោងកាង​និង​ទៅ​សម្រាក​​នៅ​ឆ្នេរ Chao Lao ដែល​​ជា​ទីតាំង​បោះ​ជំរំ​​ក្នុង​ដំណើរ​កម្សាន្ត​​ Ford Adventure។ ​ថ្ងៃ​ទី ៣ អ្នក​ធ្វើ​​ដំណើរ​ទាំង​អស់​​នឹង​បន្ត​ទៅ​កម្សាន្ត​នៅ​ទឹកជ្រោះ​ក្រាក់ធីង ក៏​ដូចជា​ទៅ​ផ្សារ​លក់​ទំនិញ Makro ជា​ផ្សារ​​​​លក់​ដុំ​រាយ​ទំនិញ​ធំ​បំផុតនៅ​​ខេត្ត​ច័ន្ទបុរី ដែល​មាន​ការ​លក់​ទំនិញ​​ធូរ​ថ្លៃ​សម្រាប់​ពលរដ្ឋ​ថៃ​ក៏​ដូចជា​ខ្មែរ​ដែល​មក​កម្សាន្ត​ខេត្ត​មួយ​នេះ។

 

នៅ​ថ្ងៃ​ទី ៤ ជា​ថ្ងៃ​ចុងក្រោយ អ្នក​ចូលរួមទាំង​អស់​នឹង​ធ្វើ​ដំណើរ​​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ ទៅ​ដល់​ទឹកដី​កម្ពុជា​វិញ ​​ក្រុមហ៊ុន RMA ក៏​​មាន​រៀបចំ​កម្មវិធី​​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​​ជុំ​គ្នា​​ចុងក្រោយ​ មុន​​​​ក្រុម​ធ្វើ​ដំណើរ​បំបែក​ក្បួន​ទៅ​តាម​គោលដៅ​រៀងៗ​ខ្លួន៕

 

 
 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់