- 2015-11-27 18:08:05
- ព័ត៌មាន
ហុងដា ឌ្រីម ០១៦ អតិថិជនសម្រុកទិញរហូតដាច់ស្តុក
- 2015-11-27 18:08:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងដា ឌ្រីម ០១៦ អតិថិជនសម្រុកទិញរហូតដាច់ស្តុក
ចន្លោះមិនឃើញ
ហុងដា ឌ្រីម ស៊េរី ០១៦ ដែលទើបតែបានបង្ហាញខ្លួននិងបានដាក់លក់ជាហូហែរកាលពីសប្ដាហ៍មុនតាមបណ្ដាហាងលក់ម៉ូតូនានានៅទីក្រុងភ្នំពេញ បានទាញចំណាប់អារម្មណ៍អតិថិជនទាំងនៅទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តយ៉ាងច្រើន ដោយសារការផ្លាស់ប្តូររូបរាងនិងតែម 3D ប្លែកពីស៊េរីមុន។
លោក ទួត សីហាម្ចាស់ហាងលក់ម៉ូតូ ទួត សីហានៅម្តុំគិរីរម្យបានឱ្យដឹងនៅព្រឹកនេះថា សន្ទុះនៃការចាប់អារម្មណ៍របស់អតិថិជន មានសន្ទុះខ្លាំង បើធៀបនឹងឆ្នាំមុន។ លោកថា ការចាប់អារម្មណ៍បែបនេះដោយសារ ឌ្រីម ០១៦ បានផ្លាស់ប្តូររូបរាងច្រើន ដូចជាចង្កៀងផ្នែកខាងមុខនិងខាងក្រោយ ស្លាក NCX និងតែម 3D ផុសចេញសងខាងម៉ូតូជាដើម។
ម្ចាស់ហាងរូបនេះបន្តថា អតិថិជនភាគច្រើនដែលមកទិញ Honda Dream 016 នៅថ្ងៃដំបូងដែលហាងលក់ដាក់លក់ភាគច្រើនអ្នករស់នៅទីក្រុងភ្នំពេញ និងនៅថ្ងៃបន្តបន្ទាប់ក៏មានពលរដ្ឋកាន់តែច្រើនតាមបណ្ដាខេត្តដែលមកស្វែងរកទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនេះ។
លោកថា ពណ៌ដែលលក់ដាច់ជាងគេគឺពណ៌ខ្មៅនិងទឹកប៊ិចនេះឯង។
ចំណែកឯលោក ហេង លីម្ចាស់ហាងម៉ូតូ ហេង លីបានឱ្យដឹងថា ចំពោះអតិថិជនដែលមកទិញ ឌ្រីម ០១៦ ផ្ទាល់នៅហាងលោកមុនពិធីបុណ្យអ៊ុំទូក មានសន្ទុះគ្រាន់បើ។ លោកថា ឌ្រីម ០១៦ ដែលអតិថិជនមកទិញនៅហាងលោកច្រើនជាងគេគឺពណ៌ ខ្មៅនិងមួយពណ៌ទៀតគឺទឹកប៊ិចដោយពណ៌នេះស៊ីគ្នាជាមួយនឹងតែមពណ៌ខៀវ។
ដោយឡែក អ្នកលក់មួយរូបនៅ Show Room ក្រុមហ៊ុនហុងដាម្តុំស្តុបមេភ្លើង បាននិយាយថា ព្រឹកនេះមានអតិថិជនច្រើនមកទិញ ឌ្រីម ០១៦ តែដោយសារអស់ពីស្តុក ទើបអតិថិជនខ្លះត្រូវរង់ចាំរហូតដល់ថ្ងៃត្រង់ឬរសៀល ទើបបានមានក្នុងស្តុក។
“លក់ដាច់បង ដូចបងឃើញស្រាប់អ៊ីចឹង។ អតិថិជនខ្លះ ត្រូវរង់ចាំដល់រសៀលបន្តិច ទើបមានក្នុងស្តុក ដោយសារពេលព្រឹក មានអតិថិជនច្រើនមកទិញ"។
ហុងដា ឌ្រីម ០១៦ មានការផ្លាស់ប្តូរមួយចំនួនដូចជា ចង្កៀងមុខក្រោយប្រភេទថ្មី LED Alpha ដែលបញ្ចេញពន្លឺចែងចាំងដូចគ្រាប់ពេជ្រ តែមរចនាបែប 3D ផុសលេចឡើងត្រដែត ឡូហ្គោ NCX រចនាថ្មី និងកុងតាក់បញ្ឆេះក៏ប្តូរពណ៌ថ្មីយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួនមិនពេញចិត្តទៅរូបរាងរបស់ហុងដាឌ្រីម ដែលនៅតែរក្សារូបរាងមិនមានការផ្លាស់ប្តូរជាច្រើនជំនាន់ បើទោះបីមានការរចនាថ្មីគ្រឿងតុបតែងខាងក្រៅមួយចំនួនក៏ដោយ។
តាមហាងលក់ម៉ូតូ ហុងដាឌ្រីមស៊េរី០១៦ តម្លៃប្រហែល ២០០០ ដុល្លារ៕
អាន៖ វីដេអូបង្ហាញរូបរាងកាន់តែច្បាស់ម៉ូតូហុងដាឌ្រីម ២០១៦
អត្ថបទ៖ ប៉ែត ផាន់និត