- 2015-11-20 20:54:54
- ព័ត៌មាន
Ford Adventure វិលជាថ្មីនាំអ្នកដំណើរផ្សងព្រេងកម្សាន្តបោះជំរំឆ្នេរសមុទ្រប្រទេសថៃ
- 2015-11-20 20:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Adventure វិលជាថ្មីនាំអ្នកដំណើរផ្សងព្រេងកម្សាន្តបោះជំរំឆ្នេរសមុទ្រប្រទេសថៃ
ចន្លោះមិនឃើញ
ដំណើរកម្សាន្ត Ford Adventure រដូវកាលទី ៩ បានវិលត្រឡប់ជាថ្មីសម្រាប់ឆ្នាំ ២០១៥ ដែលនឹងនាំអ្នកដំណើរផ្សងព្រេងជាមួយរថយន្ត Ford រាប់សិបគ្រឿងឆ្ពោះទៅកម្សាន្តខេត្តចន្ថាបុរីប្រទេសថៃ។
ដំណើរកម្សាន្តផ្សងព្រេងឆ្នាំនេះ មានអ្នកចូលរួមប្រមាណ ៣០០ នាក់និងប្រើប្រាស់រថយន្តជាង ៦០ គ្រឿងដែលនឹងត្រូវធ្វើដំណើរជាក្បួនឆ្លងកាត់ខេត្តប៉ៃលិននៃប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវជាង ៤០០ គីឡូម៉ែត្រ មុនបន្តឆ្ពោះទៅខេត្តច័ន្ទបុរីប្រទេសថៃជាគោលដៅនៃដំណើរកម្សាន្ត។
លោក ឡោ វុទ្ធី ប្រធានផ្នែកលក់របស់ក្រុមហ៊ុន RMA ដែលរៀបចំដំណើរកម្សាន្តនេះប្រាប់ថា អ្នកចូលរួមនឹងរីករាយ ជាមួយការទស្សនាសម្រស់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវ, ការកម្សាន្តទឹកធ្លាក់ដ៏ស្រស់ស្អាត ការដើរទិញទំនិញ រួមទាំងបទពិសោធន៍ការស្នាក់នៅបោះជំរំរួមគ្នាដ៏សែនរូម៉េទិកនៅឆ្នេរសមុទ្រនៃខេត្តចន្ថាបុរីរបស់ប្រទេសថៃ។
លោកបន្តថា កម្មវិធី Ford Adventure មិនត្រឹមតែជាកម្មវិធីកម្សាន្តសប្បាយប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នកចូលរួមអាចទទួលបានបទពិសោធន៍ពីការបើកបរដ៏អស្ចារ្យ, ការស្វែងយល់ពីតំបន់ទេសចរកម្សាន្តនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស, ការបង្កើតទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។
សម្រាប់ការចូលរួមដំណើរកម្សាន្តបោះជំរំ Ford Adventure 2015 អ្នកចូលរួមត្រូវតែមានប័ណ្ណបើកបរ (សម្រាប់អ្នកបើកបរ), លិខិតឆ្លងដែន រួមទាំងឯកសារចាំបាច់មួយចំនួនទៀត។
ដំណើរកម្សាន្ត Ford Adventure 2016 មានរយៈពេល ៣ យប់ ៤ ថ្ងៃចាប់ពីថ្ងៃ ១០ ដល់ ១៣ ធ្នូឆ្នាំ២០១៥ ដោយនឹងចាប់ផ្តើមចេញដំណើរពីភ្នំពេញទៅខេត្តបាត់ដំបងនិងឆ្ពោះទៅខេត្តប៉ៃលិនដោយសម្រាកមួយយប់ មុនបន្តឆ្ពោះទៅកម្សាន្តខេត្តចន្ថាបុរីរបស់ប្រទេសថៃដែលជាគោលដៅនៃដំណើរកម្សាន្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា