- 2015-11-02 18:36:17
- ព័ត៌មាន
Food Delivery មនុស្សយន្តទំនើប អាចរត់តុក្នុងភោជនីយដ្ឋានជំនួសកម្លាំងមនុស្ស
- 2015-11-02 18:36:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Food Delivery មនុស្សយន្តទំនើប អាចរត់តុក្នុងភោជនីយដ្ឋានជំនួសកម្លាំងមនុស្ស
ចន្លោះមិនឃើញ
ArrowDot ដែលជាក្រុមយុវជនបច្ចេកវិទ្យាវ័យក្មេង បានបង្កើតមនុស្សយន្តទំនើបដំបូងគេក្នុងប្រទេសកម្ពុជា សម្រាប់បម្រើក្នុងភោជនីយដ្ឋាន ដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។
ក្រុម ArrowDot
មនុស្សយន្តដែលក្រុម ArrowDot បង្កើតឡើងនេះមានឈ្មោះ Food Delivery ដោយចំណាយពេលផលិតប្រហែល ៦ខែនិងចំណាយទុនប្រមាណជា ៣០០ដុល្លារដើម្បីឱ្យរួចរាល់។
លោក យឹម ប៊ុនឆាត ដែលជាអ្នកដឹកនាំក្រុម ArrowDot បានឱ្យដឹងថា មនុស្សយន្តដែលក្រុមលោកបង្កើតនេះ មានសមត្ថភាពពិសេស ដោយអាចធ្វើការបានយ៉ាងល្អក្នុងការបម្រើអាហារដល់អតិថិជនក្នុងភោជនីយដ្ឋាន។
លោកថា Food Delivery មានអេក្រង់ Touchscreen ដែលបំពាក់កម្មវិធីទំនើបដើម្បីឱ្យអតិថិជនកុម្ម៉ង់មុខម្ហូបណាមួយដោយការជ្រើសរើស "មុខម្ហូប បន្ទាប់មកចំនួននៃមុខម្ហូបហើយចុច Order"។
វាធ្វើការដោយចំណាំពណ៌ផ្សេងៗគ្នាដែលបានបិទនៅតាមតុអាហាររបស់អតិថិជន ហើយអតិថិជនដែលកុម្ម៉ង់មុន បានមុន។ ប៉ុន្តែបើក្នុងករណីដែលអតិថិជនចង់លុបចោលឬប្តូរមុខម្ហូប ពួកគេគ្រាន់តែចុចលើប៊ូតុង មួយលើតុម្តងទៀតនោះជាការស្រេច (ចុចលើកទី១ ដើម្បីកុម្ម៉ង់ និងទី២ដើម្បីលុបចោល)។
ក្រោយពេលដែល អតិថិជនលើកម្ហូបចេញពី Food Delivery នោះវា (Food Delivery) នឹងធ្វើដំណើរទៅមុខទៀត ដោយសារនៅផ្នែកដំបូល (កន្លែងដាក់អាហារ) របស់របស់វា មានសិនស័រ (Sensor) មួយសម្រាប់ផ្តល់ដំណឹងនៅពេលដែលចានម្ហូបត្រូវបានដកចេញ។
ដើម្បីអាចប្រើមនុស្សយន្តនេះបាន ក្នុងភោជនីយដ្ឋានចាំបាច់ត្រូវបំពាក់៖
១. បិទគំនូសខ្មៅលើផ្លូវទៅតាមតុអាហារនានាក្នុងភោជនីយដ្ឋានសម្រាប់ឱ្យមនុស្សយន្តធ្វើដំណើរ ២. តុអាហារត្រូវបិទពណ៌ខុសៗគ្នា ដើម្បីងាយស្រួលសម្រាប់ Food Delivery ចំណាំ។ ៣. នៅក្នុងផ្ទះបាយត្រូវបិទពណ៌តែមួយពណ៌ប៉ុណ្ណោះសម្រាប់ធ្វើជាចំណតរបស់ Food Delivery។
និយាយពីការលំបាកក្នុងការផលិត Food Delivery នេះវិញ ប្រធានក្រុម ArrowDot វ័យក្មេងរូបនេះនិយាយថា ដើម្បីឱ្យមនុស្សយន្តនេះដំណើរការល្អ ក្រុមលោកត្រូវតេស្តវាច្រើនលើកច្រើនសារទម្រាំតែទទួលបានគុណភាពមួយទទួលយកបាន។
"ពិតណាស់យើងច្បាស់ជាជួបនឹងការលំបាកខ្លះមែននៅពេលដែលផលិតវា វាជាចំណែកមួយនៃការផលិតតុក្កតាយន្តដែលមានទាមទារបច្ចេកទេសខ្ពស់ ដូច្នេះហើយការតេស្តសាកល្បងត្រូវធ្វើឡើងជាច្រើនលើកច្រើនសារ ដែលត្រូវចំណាយពេល និងការអត់ធ្មត់ខ្ពស់ ហើយបច្ចេកទេសទៀតសោតត្រូវការសម្ភារៈទំនើប ទើបអាចឱ្យវាមានដំណើរការល្អ"។
លោកបន្ថែមជាចុងក្រោយថា នៅថ្ងៃមុខលោកនឹងបើកជាភោជនីយដ្ឋានបំពាក់មនុស្សយន្តនេះផ្ទាល់ខ្លួនតែម្តង បើទោះជាមិនមានដៃគូសហការណាមួយចាប់អារម្មណ៍លើគម្រោងនេះក៏ដោយ៕
ចង់ដឹងពីដំណើរការ Food Delivery ទស្សនាវីដេអូខាងក្រោម៖
អាន៖ យុវជនមួយក្រុមបង្កើត App ជួយបកប្រែភាសាគដល់ជនពិការ
អត្ថបទ៖ ប៉ែត ផាន់និត