- 2015-09-16 18:54:10
- ព័ត៌មាន
Khmer-Library ល្បីរហូតប្រទេសវៀតណាម និងឡាវ សុំធ្វើគំរូតាម
- 2015-09-16 18:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Khmer-Library ល្បីរហូតប្រទេសវៀតណាម និងឡាវ សុំធ្វើគំរូតាម
ចន្លោះមិនឃើញ
Khmer Library គឺជាកម្មវិធីសម្រាប់អានលើឧបករណ៍អេឡិចត្រូនិកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ឥឡូវល្បីខ្លាំងរហូតដល់ប្រទេស ឡាវ និង វៀតណាមសុំធ្វើលំនាំតាម។
លោក ញឹម រ៉ូណាល់ មន្ត្រីទទួលបន្ទុកគម្រោង ICT នៃអង្គការ Aide et Action កម្ពុជា បានឲ្យដឹងថា ប្រទេស ឡាវ និង វៀតណាមសម្លឹងឃើញ Khmer Library មានអត្ថប្រយោជន៍ជាច្រើនជាជំនួយសម្រាប់ការអានសៀវភៅនៅលើឧបករណ៍អេឡិចត្រូនិក ទើបពួកគេសុំចម្លងគម្រោង Khmer Library យកទៅប្រើប្រាស់នៅប្រទេសរបស់គេ។
Khmer Library ចាប់ផ្ដើមបង្កើតឡើងពាក់កណ្ដាលឆ្នាំ ២០១៣ ក្នុងគោលបំណងសំខាន់លើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា និង ចង់ផ្លាស់ប្ដូរការអានពីលក្ខណៈ Hard(សៀវភៅ) មកលក្ខណៈឌីជីថលវិញ។ ក្រុមការងាររបស់លោកបានប្រមូលសៀវភៅល្អៗជាង ១ពាន់ក្បាល ៩៥ ភាគរយជាភាសាខ្មែរ និង ៥ ភាគរយជាភាសាអង់គ្លេស។
លោកបន្តថា កម្មវិធី Khmer-Library មានបញ្ចូលសៀវភៅសិក្សាសម្រាប់ក្មេងតូចៗអាចរៀនពីព្យញ្ជនៈខ្មែរ ពណ៌ ឬ រូបភាពរួមមានសំឡេងបង្រៀនថែមទៀតផង។ ចំណែកសៀវភៅផ្សេងៗសម្រាប់អ្នកសិក្សា និងអ្នកចង់បានចំណេះដឹងទូទៅដូចជា សៀវភៅកសិកម្ម សេដ្ឋកិច្ច ច្បាប់ IT សិល្បៈកម្សាន្ត ចំណេះដឹងទូទៅ និងសៀវភៅជាច្រើនទៀតត្រូវបានបញ្ចូលក្នុងកម្មវិធីនេះដោយមានការបែងចែកជាផ្នែកយ៉ាងត្រឹមត្រូវ ហើយ កម្មវិធី Khmer-Library នេះអាចដំណើរការលើ Android ជំនាន់ 4.1 ឡើង និង ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 7.0 ឡើង។
យ៉ាងណាលោកក៏បង្ហាញផលវិបាកនៃការបង្កើត Khmer Library ដែលបញ្ហាធំបំផុតគឺ Server ជាកន្លែងផ្ទុកទិន្នន័យដោយសារចំនួនអ្នកប្រើប្រាស់ និងទាញយក App ក្នុងពេលតែមួយច្រើនហួសកំណត់ទើបមានបញ្ហា Error។ មួយវិញទៀត គឺការពិបាកក្នុងការរកសៀវភៅមកដាក់បញ្ចូលដែលលោកស្នើអ្នកនិពន្ធសៀវភៅល្អៗអាចយកសៀវភៅមកដាក់លក់លើ Khmer Library ដើម្បីលើកកម្ពស់ដល់ស្នាដៃអ្នកនិពន្ធ ក៏ដូចជាធ្វើឲ្យកម្មវិធី Khmer Library កាន់តែមានភាពសំបូរបែប។
ដើម្បីប្រើប្រាស់កម្មវិធី Khmer Library បានលុះត្រាតែមានអ៊ីនធឺណិតដែលត្រូវការទាញយក App មកដាក់លើឧបករណ៍ជាមុនរួចត្រូវទាញយកទិន្នន័យសៀវភៅបន្ថែមដែលប្រិយមិត្តត្រូវការធ្វើតាមលំនាំជាការស្រេច។ ពេលដែលទាញយករួចហើយ ប្រិយមិត្តអាចចូលទៅកាន់បណ្ណាល័យខ្ញុំដើម្បីចូលទៅអានសៀវភៅដោយគ្មានអ៊ីនធឺណិតបានធម្មតា។ តែដើម្បីទាញយកបាន ប្រិយមិត្តតម្រូវឲ្យចុះឈ្មោះជាមុនសិន តាម ២ វិធី គឺទាមទារឲ្យប្រិយមិត្តមានគណនីហ្វេសបុក និងមួយទៀតត្រូវចុះឈ្មោះតាមអ៊ីមែល។
Khmer Library ជាប់លេខ ៣ នៃគេហទំព័រផ្ដោតទៅលើការអប់រំនៅកម្ពុជាដែលមនុស្សមើលជាង ១០ ម៉ឺននាក់។ ចំណែក App ដែលបានដាក់លើប្រព័ន្ធប្រតិបត្តិការទាំង ២ គឺមានអ្នកទាញយកជាង ១០ ម៉ឺននាក់ផងដែរ។ គម្រោងបន្ទាប់នៃ Khmer Library គឺរៀបចំអភិវឌ្ឍន៍ទៅជា E-Pub ដែលងាយស្រួលពង្រីកអក្សរទៅតាមអេក្រង់ឧបករណ៍ ហើយមិនបាច់អាន អាចស្ដាប់ជាសំឡេងបានថែមទៀត។ ប្រជាជនកម្ពុជាចាប់ផ្ដើមយល់ដឹងច្រើននៃប្រព័ន្ធ ICT ដូចជាការប្រើប្រាស់ស្មាតហ្វូន ថាប្លែត ដូច្នេះ Khmer Library អាចផ្តល់ចំណេះដឹងបន្ថែមលើការសិក្សាលាយឡំនឹងការកម្សាន្ត៕
ចុចត្រង់នេះ... ទាញយកពី App Store
ចុចត្រង់នេះ... ទាញយកពី Play Store
អត្ថបទ៖ ដារ៉ាឆានី