• 2015-08-21 17:32:52
  • ព័ត៌មាន

ក្រុម​ម៉ូតូ​ធំ CBR ចំណាយ​ពេល​​ទំនេរ​ទៅ​ធ្វើការ​ងារ​សប្បុរសធម៌​នៅ​ចម្ការ​ដូង

  • 2015-08-21 17:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CBR ជា​ក្រុម​ម៉ូតូ​ធំ​មួយ​ក្នុង​ចំណោម​ក្រុម​ម៉ូតូ​ធំ​ជា​ច្រើន ​ដែល​​តែង​តែ​ចូល​ចិត្ត​​ធ្វើ​​ការងារ​សប្បុរសធម៌​ជួយ​ដល់​សង្គម។ ​ថ្មី​ៗ​នេះ​ក្រុម​ម៉ូតូ​ធំ​មួយ​នេះ បាន​យក​អំណោយ​​ជា​សម្ភារៈ​​សិក្សា​​​និង​គ្រឿង​សម្ភារៈ​ប្រើប្រាស់​នានា​ទៅ​ចែក​ដល់​ក្មេងៗ​និង​គ្រួសារ​ក្រីក្រ​ជាង ២១ គ្រួសារ​នៅ​ឯ​ចម្ការ​ដូង។

 

 

លោក វិបុល សុធីរ ប្រធាន​ក្រុម​ម៉ូតូ​ធំ CBR បាន​ឲ្យ​ដឹង​ថា​ សមាជិក​ក្រុម​ម៉ូតូ​ធំ​របស់​លោក​ដែល​មាន​គ្នា​ជាង ៧០ នាក់​និង​ប្រើប្រាស់​ម៉ូតូ​ធំ​ជាង ៣០ គ្រឿង​ កាល​​ពី​ពេល​ថ្មីៗ​នេះ​បាន​​ជួបជុំ​គ្នា​​ធ្វើ​ដំណើរ​យក​អំណោយ​​​​ទៅ​ចែក​ជូន​ដល់​ជន​ទីទាល់​​ក្រ​នៅ​ចម្ការ​ដូង។

 

លោក​បន្ត​ថា អំណោយ​​ដែល​យក​ទៅ​ចែក​ជូន​នេះ​បាន​មក​ពី​​ការ​ចូល​រួម​ពី​ក្រុមសមាជិក​ម្នាក់ៗ​​ដែល​អ្នក​​ខ្លះ​តាម​សទ្ធា ៥ ដុល្លារ ១០​ ដុល្លារ​តាម​តិច​ច្រើន​ និង​បាន​ពី​​ក្រុម​ហ៊ុន​​ប្រេង​ម៉ាស៊ីន​ក្នុង​ស្រុក​មួយ​​​។

 

CBR ដើម​ឡើយ​គ្រាន់​តែ​ជា​ក្រុម​ម៉ូតូ​ធំ​ជួប​ជុំ​គ្នា​ក្នុង​ដំណើរ​កម្សាន្ត​ផ្សេងៗ​ តែ​ក្រោយ​ពី​មាន​ការ​ចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​ពី​ប្រជាជន​ក្រី​ក្រ​ ទើប​​​ក្រុម​នេះ​​ចាប់​ដើម​ធ្វើ​​ការងារ​សប្បុរសធម៌​ផង​ និងដំណើរ​កម្សាន្ត​ផង​ដែរ​ដើម្បី​រួម​ចំណែក​ជួយ​សង្គម​ក្នុង​នាម​ជា​ពលរដ្ឋល្អ។

 

ក្នុង​ការ​ចុះ​ចែក​អំណោយ​នេះ ក្រុម​ម៉ូតូ​ធំ CBR បានមើល​ឃើញ​ការ​ខ្វះ​អនាម័យ​​របស់​ពលរដ្ឋ​​​ក្រីក្រ និង​ក៏​បាន​ចូលរួម​​បង្រៀន​ពី​​ការ​ធ្វើ​អនាម័យ​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ​ដែរ។

 

អត្ថបទ៖ ដារ៉ាឆានី

រូបភាព៖​ ផ្តល់​ឲ្យ

មតិយោបល់