- 2015-06-24 15:55:07
- ព័ត៌មាន
Suzuki យីហោម៉ូតូជប៉ុនដំបូង ដែលបង្កើតរោងចក្រដំឡើងម៉ូតូមុនគេនៅកម្ពុជា
- 2015-06-24 15:55:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki យីហោម៉ូតូជប៉ុនដំបូង ដែលបង្កើតរោងចក្រដំឡើងម៉ូតូមុនគេនៅកម្ពុជា
ចន្លោះមិនឃើញ
Suzuki ជាក្រុមហ៊ុនជប៉ុនដំបូងគេ ដែលបានបោះទុនវិនិយោគលើវិស័យផលិតយានយន្តក្នុងប្រទេសកម្ពុជា ដោយបានសហការជាមួយដៃគូក្នុងស្រុកបង្កើតរោងចក្រដំឡើងម៉ូតូកាលពី ១៥ ឆ្នាំមុន។
លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki Motor បានឲ្យដឹងថា អស់រយៈពេល ១៥ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៩ ដែលក្រុមហ៊ុន Suzuki បានសម្រេចចិត្តបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក OMC ដើម្បីបង្កើតរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ជារោងចក្រដំឡើងម៉ូតូដំបូងបង្អស់របស់ជប៉ុន ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោកថា ការវិនិយោគរោងចក្រដំឡើងម៉ូតូ Cambodia Suzuki Motor ដោយសារក្រុមហ៊ុនចង់ពង្រីកអាជីវកម្មនិងស្របពេលដែលក្រុមហ៊ុនមើលឃើញពីសក្តានុពលនិងតម្រូវការប្រើប្រាស់ម៉ូតូរបស់ពលរដ្ឋកម្ពុជាមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
គិតមកទល់ពេលនេះ រោងចក្រ Cambodia Suzuki Motor បានដំឡើងម៉ូតូបានចំនួន ១៧ ម៉ូដែលដើម្បីបម្រើទីផ្សារក្នុងស្រុក។ ផលិតផលម៉ូតូដំបូងដែលដំឡើងចេញពីរោងចក្រនេះគឺ Suzuki Viva និងម៉ូដែលចុងក្រោយគឺ Suzuki Address។
លោក Nobuo Kidokuro បានបញ្ជាក់ថា Suzuki Viva ជាស៊េរីម៉ូតូដំបូងដែលដំឡើងចេញពីរោងចក្រនិងម៉ូតូនេះក៏ទទួលបានការពេញនិយមប្រើប្រាស់ពីពលរដ្ឋកម្ពុជាជាច្រើនជំនាន់។ ទាក់ទងគុណភាពម៉ូតូដែលដំឡើងពីរោងចក្រនិងនាំចូលលោកថា ម៉ូតូដែលដំឡើងដោយរោងចក្រមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងត្រឹមត្រូវមុនបញ្ចេញលក់លើទីផ្សារ ហើយកន្លងមកក៏មិនដែលមានបញ្ហាការប្រើប្រាស់ដែរ។
លោកថា Cambodia Suzuki Motor ផលិតផ្តោតលើគោលការណ៍តូច តិច ស្រាល ខ្លីនិងសោភណភាព។ លោកថា Suzuki ជាយីហោម៉ូតូដែលទទួលការពេញនិយមនិងដែលឈរនៅចំណាត់ថ្នាក់ទីពីរដែលមានទីផ្សារប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា។ ជាទិសដៅនៅពេលខាងមុខ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងខិតខំពង្រឹងផលិតផលម៉ូតូ Suzuki ជាមួយការរចនាម៉ូតូដែលស្របតាមការស្រមើស្រមៃនិងការចង់បានរបស់អតិថិជន។
បច្ចុប្បន្នប្រភេទម៉ូតូ Suzuki ដែលដំឡើងចេញពីរោងចក្រ Cambodia Suzuki Motor មានដូចជា Suzuki Viva 110CC, Suzuki Smash V 110cc , Suzuki Nex 125cc , Suzuki Let's 125cc, Suzuki Address 125cc , Suzuki impulse 125cc , Suzuki Raider 150cc, Suzuki Gixxer 125cc។
អត្ថបទ៖ ប៊ុណ្ណារ៉ា