- 2015-03-23 16:20:29
- ព័ត៌មាន
ស្វែងយល់ពីការសិក្សាមុខជំនាញវិស្វកម្មនិងបច្ចេកទេសនៅសាលាតិចណូ
- 2015-03-23 16:20:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីការសិក្សាមុខជំនាញវិស្វកម្មនិងបច្ចេកទេសនៅសាលាតិចណូ
ចន្លោះមិនឃើញ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានភាពល្បីល្បាញនិងការទទួលស្គាល់ពីសិស្សនិស្សិតកម្ពុជាជាច្រើនជំនាន់ សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិស្វកម្មនិងបច្ចេកទេស។ ជំនាញបច្ចេកទេសនិងវិស្វកម្ម ជាជំនាញដ៏មានសារប្រយោជន៍សម្រាប់ការចូលរួមអភិវឌ្ឍជាតិ ហើយដែលតិចណូបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សបានរាប់ពាន់រាប់ម៉ឺននាក់គិតមកទល់បច្ចុប្បន្ននេះ។
បន្តទៀតនេះ Sabay នឹងបង្ហាញពីមុខជំនាញបច្ចេកទេសនិងវិស្វកម្មសំខាន់ៗដែលកំពុងបណ្ដុះបណ្ដាលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិស្វកម្មដែលមានជំនាញឯកទេសសំខាន់ៗចំនួន ៧ ក្នុងនោះរួមមាន៖
-ទេពកោសល្យ គីមី និងបច្ចេកទេសអាហារ -ទេពកោសល្យស៊ីវិល (សំណង់ស៊ីវិល និងស្ថាបត្យកម្ម) -ទេពកោសល្យអគ្គិសនី ថាមពល និងទូរគមនាគមន៍ -ទេពកោសល្យ ធនធានរ៉ែ និងភូគព្ភសាស្ត្រ -ទេពកោសល្យ ព័ត៌មានវិទ្យានិងទំនាក់ទំនង -ទេពកោសល្យឧស្សាហកម្មនិងមេកានិច -ទេពកោសល្យ ជនបទ
ទេពកោសល្យគីមី និងបច្ចេកវិទ្យាអាហារ
ដេប៉ាតឺម៉ង់ទេពកោសល្យ គីមី និងបច្ចេកវិទ្យាអាហារបណ្ដុះបណ្ដាលលើមុខជំនាញពីរគឺឯកទេសគីមីឧស្សាហកម្ម និងឯកទេសបច្ចេកវិទ្យាអាហារ។
មុខវិជ្ជាបណ្ដុះបណ្ដាលមាន៖ មីក្រូជីវៈអតិសុខុមប្រាណដែលបង្កជំងឺក្នុងចំណីអាហារ មូលដ្ឋានគ្រឹះនៃរូបធាតុ កែច្នៃផលិតផលកសិឧស្សាហកម្ម កែច្នៃផលិតផលដើម្បីទុកបានយូរ ស្តង់ដារចំណីអាហារ ផ្នែកវេចខ្ចប់ចំណីអាហារ ប្រព្រឹត្តិកម្មនៃការសម្អាតទឹក ផ្នែកកម្តៅ ឧស្សាហកម្ម ការគ្រប់គ្រងនិងការសិក្សាទីផ្សារ
ទេពកោសល្យស៊ីវិល
ដេប៉ាតតឺមង់ទេពកោសល្យនិងស៊ីវិលបណ្ដុះបណ្ដាលពីរជំនាញឯកទេសគឺ វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មស្ថាបត្យកម្ម។
វិស្វកម្មសំណង់ស៊ីវិល៖ ផ្តោតសំខាន់លើសំណង់អាគារ ស្ពាននិងថ្នល់។ មុខវិជ្ជាសិក្សាមាន ការសិក្សាភាពធន់នៃសម្ភារៈ ការវិភាគនិងគណនាគ្រឿងបង្គំ (អំពីដែក បេតុងអាម៉េ ឈើ បេតុងប្រ៉េកុងត្រាំង) គណនាគ្រឹះសំណង់ សិក្សានិងគណនាស្ពាននិងថ្នល់ គ្រប់គ្រងការដ្ឋានសំណង់ និងសំណង់សិល្បៈការណ៍។
វិស្វកម្មស្ថាបត្យកម្ម៖ ជំនាញឯកទេសនេះផ្ដោតសំខាន់ទៅលើការបង្កើតប្លង់ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងខាងក្រៅនៃសំណង់អាគារព្រមទាំងការរៀបចំប្លង់នគរោបនីយកម្ម។ ក្នុងនោះនិស្សិតក៏នឹងបានសិក្សាលម្អិតពីជំនាញស្ថាបត្យកម្មបូកបន្ថែមចំណេះដឹងខ្លះៗពីជំនាញសំណង់ស៊ីវិល។
ទេពកោសល្យ ធនធានរ៉ែនិងភូគព្ភសាស្ត្រ
ដេប៉ាតតឺមង់ធនធានរ៉ែនិងភូគព្ភសាស្ត្រ ផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យធនធានរ៉ែនិងភូគព្ភសាស្ត្រលើជំនាញឯកទេសដូចជា៖ វិស្វកម្មធនធានរ៉ែ វិស្វកម្មប្រេង ការអនុវត្តផ្នែកភូគព្ភសាស្ត្រនិងវិស្វកម្មគ្រឹះភូគព្ភសាស្ត្រ។
ទេពកោសល្យអគ្គិសនី អគ្គិសនីថាមពលនិងទូរគមនាគមន៍
ដេប៉ាតតឺមង់ទេពកោសល្យ អគ្គិសនី និងថាមពលផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យអគ្គិសនីនិងថាមពលរួមមាន ៣ ជំនាញ៖ ថាមពល អេឡិចត្រូនិក និងទូរគមនាគមន៍។
ថាមពល៖ អគ្គិសនីក្នុងអាគារនិងឧស្សាហកម្ម ផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងផ្នែកឧស្សាហកម្ម រោងចក្រអគ្គិសនីនិងអនុស្ថានីយអគ្គិសនី បណ្តាញអគ្គិសនីនិងការចែកចាយថាមពលអគ្គិសនី។
អេឡិចត្រូនិក៖ ស្វ័យប្រវត្តិកម្មទំនើប សម្រាប់បម្រើការក្នុងសហគ្រាសឧស្សាហកម្ម។ ទូរគមនាគមន៍៖ ប្រព័ន្ធទូរគមនាគមន៍ចល័តនិងអចល័ត។
ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង
កម្មវិធីសិក្សានៅក្នុងដេប៉ាតតឺមង់ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនងរួមមាន វិធីសាស្ត្រក្នុងការសរសេរកម្មវិធីកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បណ្តាញកុំព្យូទ័រ តក្កវិទ្យា កម្មវិធីអ៊ីនធឺណិត និងកម្មវិធីពហុព័ត៌មាន និងបញ្ញាសិប្បនិម្មិត។
ទេពកោសល្យឧស្សាហកម្ម និងមេកានិច
ទេពកោសល្យឧស្សាហកម្ម និងមេកានិចមានទិសដៅតម្រង់លើពីរឯកទេស៖ មេកានិច និងផលិតកម្មភាពត្រជាក់។
មេកានិច៖ មេកានិចនៃអង្គធាតុរឹង វិទ្យាសាស្ត្រនឹងភាពធន់នៃសម្ភារៈ ការច្នៃសម្ភារៈ ផលិតកម្មមេកានិច មាត្រសាស្រ្ត សិក្សាគម្រោង និងប្លង់ម៉ូទ័រចំហេះក្នុង។
ផលិតកម្មភាពត្រជាក់៖ មេកានិចនៃអង្គធាតុរាវទែម៉ិចនិងទែរម៉ូឌីណាម៉ិច ម៉ាស៊ីនបរិក្ខារត្រជាក់ស្វ័យប្រវត្តិកម្ម អេឡិចត្រូនិក ការរៀបចំនិងគ្រប់គ្រងសហគ្រាស។
ទេពកោសល្យជនបទ
ដេប៉ាតឺម៉ង់ទេពកោសល្យជនបទ ធានាការបណ្តុះបណ្តាលជំនាញវិស្វកម្មធនធានទឹកនិងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធជនបទរួមមានៈ ការសិក្សាអំពីរបបទឹកលើដី និងក្រោមដី សំណង់ធារាសាស្រ្ត ប្រព័ន្ធស្រោចស្រព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការរំដោះទឹកកខ្វក់ ឋានលេខា ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត អភិវឌ្ឍជនបទ សំណង់ផ្លូវលំនិងអាគារជនបទ។
សម្រាប់ការសិក្សាជំនាញឯកទេសទាំងនេះ និស្សិតត្រូវសិក្សារយៈពេល ៥ ឆ្នាំ ជាមួយការសិក្សាថ្នាក់ឆ្នាំមូលដ្ឋានរយៈពេលពីរឆ្នាំ ដើម្បីនិស្សិតមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់អាចបន្តសិក្សាយកជំនាញឯកទេសមួយក្នុងចំណោមជំនាញទាំង ៧ ដែលបណ្ដុះបណ្ដាលនៅសាលាតិចណូ។
មុខវិជ្ជាបណ្ដុះបណ្ដាលនៅក្នុងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មូលដ្ឋានគ្រឹះព័ត៌មានវិទ្យា គំនូរបច្ចេកទេស បរិស្ថាន ទីផ្សារ គ្រប់គ្រងនិងគណនេយ្យ ទស្សនវិជ្ជា ប្រវត្តិវិទ្យា ភាសាបារាំង និងភាសាអង់គ្លេស។
បន្តអាន៖ តិចណូល្បីតាំងពីសង្គមចាស់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យានិងវិស្វកម្មដល់និស្សិតកម្ពុជា
បន្តអាន៖ ឧកញ៉ាល្បីឈ្មោះនៅពីក្រោយការនាំ Rolls-Royce មកកម្ពុជា
អត្ថបទ៖ ប៊ុណ្ណារ៉ា