• 2015-01-24 15:00:13
  • ព័ត៌មាន

Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន

  • 2015-01-24 15:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទូឌីយូ​ Osja Studio សម្រេច​បានស្នាដៃ​ជា​ទី​​មោទនៈ​ ដោយ​​អាច​ដណ្តើម​​មេដាយ​មាស​ក្នុង​កម្មវិធី ASEAN ICT Awards 2014 ដែល​រៀបចំ​នៅ​ប្រទេស​ថៃ។

 

 

ចុចអាន៖  ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

 

លោក​ អៀ អ៊ុយ​ ប្រធាន ​​និងជា​​តំណាង​ឲ្យ​ក្រុម​​ Osja Studio បាន​​ទៅ​ទទួល​មេដាយ​ និង​វិញ្ញាបនបត្រ​សម្រាប់ការ​ឈ្នះក្នុង​ការ​ប្រកួតប្រជែង​​កាល​ពី​ពេល​​ថ្មីៗ​នេះ។

 

ប្រធាន​ ​​និងជា​​តំណាង​ឲ្យ​​​ Osja Studio ដដែល​បាន​ឲ្យ​ដឹង​ថា ​​ក្រុម​​លោក​ទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស និងវិញ្ញាបនបត្រ​មួយ​ បន្ទាប់​ពី​​​ឈ្នះ​​ការ​ប្រកួត​​​ក្នុង​កម្មវិធី ASEAN ICT ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ ២០១៤។

 

លោកថា ការ​ប្រកួត​នេះ​មាន​ពី​ ៧ ទៅ ៨ ប្រភេទ​វិញ្ញាសា ហើយ​ក្រុមលោក​ឈ្នះ​​ក្នុង​ប្រភេទ​​វិញ្ញាសា Start Up។ លោក​ អៀ អ៊ុយ​ ​បញ្ជាក់​ថា វិញ្ញាសា Start Up នេះ​គឺ​ចង់​និយាយ​ពី​ដំណើរ​ការ​​បង្កើត​អាជីវកម្ម​​​ដូចជា​​ខាង​លោក​បាន​បង្កើត​ក្រុម Osja Studio ដោយ​​លោក​បាន​បង្ហាញ​ពី​ដំណើរការ​​រៀបចំ ​ការ​អភិវឌ្ឍ​ សមិទ្ធផល​ដែលសម្រេច​បាន ជាមួយ​ការ​រៀបចំ​គម្រោង​អភិវឌ្ឍ​នា​ពេលអនាគត។​​​

 

នេះ​​ជា​លើក​ដំបូង​ដែល​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ចូល​ប្រកួត​ប្រជែង​ក្នុង ASEAN ICT Awards ហើយ​នេះ​ក៏​ជា​លើក​​ទី​មួយ​ដែរ ដែល​កម្ពុជា​ដណ្ដើម​បាន​ជយលាភី​​ប្រកប​ដោយ​កិត្តិយស​នេះ។ ការ​ប្រកួត​ប្រជែង​នេះ​​មាន​ប្រទេស​​ចូលរួម​ចំនួន​ ១០ ដែល​ស្ថិត​នៅក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។

 

លោក​ឲ្យ​ដឹង​ដែរ​​ថា ជ័យជំនះ​នេះ​គឺ​មាន​ការ​ផ្ដួចផ្ដើម​និង​ការ​សម្រប​សម្រួល​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​ការ​រៀប​ចំ​សំណើ​បញ្ជូន​ទៅ​​ប្រកួត​ប្រជែង​រហូត​​បាន​មានឱកាស​ឈ្នះ​ពាន​រង្វាន់​​ដ៏​កិត្តិយស​នេះ​។

 

 

 

 

ពាន​រង្វាន់​វិស័យ ICT របស់​អាស៊ាន (AICTA) គឺ​ជា​គម្រោង​ដែល​រៀប​ចំ​ឡើង​ដោយ​រដ្ឋ​មន្ត្រី​ទូរគមនាគមន៍​អាស៊ាន។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ច្នៃប្រឌិត​និង​ការ​សហការ​គ្នា​ក្នុង​ចំណោម​រដ្ឋាភិបាល​ អាជីវកម្ម​ប្រជាពលរដ្ឋ ​និង​ស្ថាប័ន​ផ្សេង​ទៀត។ AICTA មាន​បំណង​ទទួល​ស្គាល់​សមិទ្ធផល​វិស័យ ICT ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​សហគ្រិន​នៅ​ទូទាំង​តំបន់​អាស៊ាន និង បាន​ផ្ដល់​ជូន​នូវ​ឱកាស​អាជីវកម្ម​និង​លើក​កម្ពស់​នៃ​ការ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុង​សហគមន៍​ ឬ​ក្នុង​តំបន់​អាស៊ាន​ជា​ប្រយោជន៍​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ។​

 

 

Osja Studio គឺ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា​រឿយៗ​ផ្នែក​ខាង​ធ្វើ​ហ្គេម​ ឬ វីដេអូ​ជា​ដើម​ ជាក់​ស្ដែង​កាល​ពី​ចុង​ខែ​ ​វិច្ឆិកា ២០១៤ កន្លង​ទៅ​ Osja Studio ធ្លាប់​ទទួល​ពាន​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​ ASEAN Character Award 2014 នៅ​ប្រទេស​ជប៉ុន​ផង​ដែរ៕

 

 

អត្ថបទ៖ ដារ៉ាឆានី រូបភាព​៖ ផ្ដល់​ឲ្យ​

មតិយោបល់