- 2015-01-09 18:43:48
- ព័ត៌មាន
ពិតមិនប្រឌិត អាជីពការងារខុសជំនាញរបស់និស្សិតខ្មែរ
- 2015-01-09 18:43:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតមិនប្រឌិត អាជីពការងារខុសជំនាញរបស់និស្សិតខ្មែរ
ចន្លោះមិនឃើញ
នៅពេលនិស្សិតមួយចំនួនជ្រើសរើសជំនាញសិក្សាបន្តនៅមហាវិទ្យាល័យ ពួកគេតែងតែគិតទៅលើសមត្ថភាពនិងចំណង់ចំណូលចិត្ត។ ពួកគេគិតថាក្រោយពេលបញ្ចប់ការសិក្សា ពួកគេនឹងអាចទទួលបានឱកាសការងារស្របតាមចំណេះនិងជំនាញដែលខ្លួនសិក្សា។ តែជាក់ស្ដែងបច្ចុប្បន្ននេះគេឃើញ និស្សិតមួយចំនួននៅពេលឈានប្រឡូកចូលក្នុងអាជីពការងារ ពួកគេបែរជាទៅចាប់ការងារខុសជំនាញ មិនដូចអ្វីពួកគេនឹកស្រមៃពីដំបូង ដែលធ្វើឲ្យសញ្ញាបត្រដែលពួកគេខំប្រឹងសម្រេចបានយ៉ាងលំបាកទៅជាគ្មានតម្លៃ និងមិនអាចប្រើប្រាស់ជាប្រយោជន៍បាន។
Sabay លើករឿងរ៉ាវរបស់យុវជនមួយរូប ដែលបានចាប់ជំនាញព័ត៌មានវិទ្យាសិក្សា តែចុងក្រោយគេមិនអាចប្រើជំនាញដែលខ្លួនសិក្សា ទៅអនុវត្តក្នុងអាជីពការងារបានពេញលេញ។
ផ្ដើមពីការស្រលាញ់ចូលចិត្តមុខជំនាញព័ត៌មានវិទ្យា ដារ៉ា បានចាកចេញពីស្រុកកំណើតក្រោយប្រលងជាប់បាក់ឌុបអំឡុងឆ្នាំ២០០៣ ដើម្បីមកបន្តការសិក្សាមុខជំនាញដែលខ្លួនពេញចិត្តនៅទីក្រុងភ្នំពេញ។ ដោយកំណត់គោលដៅចង់ក្លាយជាអ្នកបច្ចេកទេស IT ផ្ទុយស្រឡះយុវជនរូបនេះបែរជាទៅចាប់អាជីពការងារខុសជំនាញទៅ ធ្វើជាបុគ្គលិក QA នៅរោងចក្រកាត់ដេរ ដោយមិនបានយកចំណេះនិងជំនាញដែលខ្លួនសិក្សា ទៅអនុវត្តនៅក្នុងអាជីពការងារនោះទេ។
ដារ៉ា ដែលមានស្រុកកំណើតនៅខេត្តតាកែវបានឲ្យដឹងថា ក្រោយពេលប្រលងជាប់បាក់ឌុបចប់ភ្លាមក្នុងឆ្នាំ ២០០៣ គេក៏បានមកបន្តការសិក្សានៅភ្នំពេញ ដោយបានជ្រើសរើសមុខជំនាញព័ត៌មានវិទ្យាសិក្សា ដែលជាមុខជំនាញដែលគេស្រលាញ់ចូលចិត្ត។
នៅភ្នំពេញ ដារ៉ា បានទៅស្នាក់នៅជាមួយបងប្អូន ដោយសារចង់កាត់បន្ថយការចំណាយការរស់នៅបន្ថែមពីលើថ្លៃសិក្សា។ ណាមួយក៏ដោយសារមិនសូវស្គាល់ភ្នំពេញច្បាស់។ យ៉ាងណាក្នុងអំឡុងស្នាក់នៅនោះ ដារ៉ា ក៏បានព្យាយាមស្វែងរកការងារផ្សេងៗ ដើម្បីអាចរកចំណូលបានខ្លះដើម្បីទុកដោះស្រាយការរស់នៅនិងការសិក្សាប្រចាំថ្ងៃ ដោយមិនចង់ពឹងផ្អែកលើបងប្អូនទាំងស្រុង។
ដារ៉ា បានឲ្យដឹងថា ក្នុងពេលកំពុងរៀននៅឆ្នាំទីមួយ សាច់ញាតិរបស់គេម្នាក់បានណែនាំការងារមួយជា QA នៅរោងចក្រដែលអាចទទួលបានប្រាក់ខែប្រហែល ៧០ ដុល្លារ។
“ការងារនេះ ដំបូងខ្ញុំមិនដឹងជាស្អីទេ តែដោយសារតែពេលនោះគិតថាចង់បានការងារធ្វើនិងចង់បានចំណូលខ្លះ ក៏ចេះតែធ្វើសិនទៅ”។
យុវជននេះថា ការងារ QA ជាការងារដែលទាក់ទងការត្រួតពិនិត្យគុណភាពក្រណាត់ក្នុងរោងចក្រ ដែលមិនទាក់ទងការប្រើចំណេះដឹង IT ទាល់តែសោះ ខុសពីជំនាញដែលគេសិក្សា។ ប៉ុន្តែការងារនេះហើយ ដែលធ្វើឲ្យគេអាចមានឱកាសស្វែងយល់ពីការងារសម្រាប់ជីវិតរស់នៅទីក្រុងដំបូង។
ប្រាក់ខែ ៧០ ជាប្រាក់ខែដែលដារ៉ាបានប្រើកម្លាំងញើសឈាមរកបានដោយលំបាក សម្រាប់ការងារដំបូងនៅក្នុងជីវិតរបស់គេ។ យ៉ាងណាប្រាក់ខែប៉ុណ្ណេះ មិនគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅនិងការសិក្សារបស់គេ បានជាដុំកំភួននោះទេ ហេតុនេះទើប ដារ៉ា បានស្វះស្វែងរកការងារថ្មីនៅតាមរោងចក្រដទៃទៀតជាបន្តបន្ទាប់ ដោយនឹកគិតថានឹងទទួលបានប្រាក់ខែកាន់តែច្រើនជាងមុន។
បន្ទាប់ពីផ្លាស់ពីរោងចក្រមួយទៅរោងចក្រមួយ គួបផ្សំសមត្ថភាពនិងបទពិសោធន៍ការងារកាន់តែរឹងមាំ ដារ៉ា បានឡើងតួនាទីជាបន្តបន្ទាប់ និងប្រាក់ខែក៏បានកាន់តែច្រើនមុនផងដែរ។ យ៉ាងនេះក្តី ការងារថ្មីក៏មិនខុសពីការងារចាស់គឺមិនមែនជាការងារដែលត្រូវ ជំនាញដែលគេសិក្សានោះទេ។
“ខ្ញុំនៅតែចាប់អាជីពការងារចាស់ជា QA ប៉ុន្តែបានឡើងតួនាទីខ្ពស់ជាងមុន និងប្រាក់ខែក៏បានកើនឡើងប្រសើរជាងមុនដែរ”។
ការងារថ្មី បានធ្វើឲ្យ ដារ៉ា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការម្ចាស់ការលើការចំណាយខ្លួនឯងបាន ទាំងការរស់នៅនិងការចំណាយលើការរៀនសូត្រ រហូតដល់សល់ខ្លះបានផ្តល់ដល់បងស្រីសម្រាប់ដោះស្រាយលើការចាយវាយ និងជីវភាពរស់នៅប្រចាំថ្ងៃ។
យ៉ាងណាដារ៉ា ឲ្យដឹងថា ការទទួលបានជោគជ័យលើការងារ តែបែរជាធ្វើឲ្យការសិក្សារបស់គេមានការធ្លាក់ចុះទៅវិញ។
“ការធ្វើការដែលខុសជំនាញនេះ បានធ្វើឲ្យការសិក្សារបស់ខ្ញុំធ្លាក់ចុះយ៉ាងខ្លាំង ដោយសារខ្ញុំមិនសូវមានពេលផ្តោតលើការសិក្សា រៀនឈប់រៀនឈប់ ណាមួយការងារក៏មិនត្រូវជំនាញទៀត”។
ទោះបីការងាររវល់និង លទ្ធផលសិក្សាមិនសូវបានល្អ ដារ៉ា បញ្ជាក់ថា មិនបានបោះបង់ការសិក្សាចោលទេ ដោយបានបន្តរហូតដល់ចប់ចុងចប់ដើម។
មានសញ្ញាបត្រ IT តែយុវជនរូបនេះថា គេមិនអាចយកជំនាញដែលគេសិក្សាយកទៅអនុវត្តក្នុងអាជីពការងារនោះទេ ដោយសារគិតថាសមត្ថភាពរបស់ខ្លួននៅតែមានការខ្វះខាតច្រើន និងណាមួយគិតទោះបីអាចរកការងារថ្មី ក៏ទទួលបានប្រាក់ខែមិនច្រើនដូចការងារដែលគេកំពុងធ្វើបច្ចុប្បន្ននេះដែរ។
បន្តអាន៖ ៥ ចំណុចក្ដៅមុនសម្រេចចិត្តទិញ Smartphone យកទៅប្រើប្រាស់
បន្តអាន៖ ៣វិធីធ្វើឲ្យកុំព្យូទ័រកំពូលយឺតរបស់អ្នកដើរលឿនឡើងវិញ
អត្ថបទ៖ ប៊ុណ្ណារ៉ា