- 2024-07-15 07:34:02
- ព័ត៌មាន
មកដឹងចំនួនរថយន្តអគ្គិសនីដែល BYD គ្រោងដំឡើងនៅកម្ពុជា
- 2024-07-15 07:34:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំនួនរថយន្តអគ្គិសនីដែល BYD គ្រោងដំឡើងនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន BYD គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន២ម៉ឺនគ្រឿងក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ផេកសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រោយជំនួបពិភាក្សារវាងសម្តេចធិបតី និងលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។
យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
បើតាមឯកសារនៃគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» បង្ហាញឱ្យដឹងថា យានយន្តអគ្គិសនីដែលបានចុះបញ្ជីត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៨៨៧គ្រឿង។ ក្នុងនោះ រថយន្តទេសចរណ៍ ៩០៦គ្រឿង ត្រីចក្រយានយន្ត ៤១៥គ្រឿង និងទោចក្រយានយន្តមានចំនួន ៥៦៦គ្រឿង។ ចំណែកទីតាំងបញ្ចូលថាមពលគិតត្រឹមដើមឆ្នាំ២០២៤ មានចំនួន ២១កន្លែងដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបមានចំនួន ២៧គ្រឿង។
ជាមួយគ្នានេះ កម្ពុជា មានសមត្ថភាពអាចផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ។ ជាក់ស្តែង កម្ពុជាមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុកដូចជា ខ្សែភ្លើង និងសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មដំឡើងរថយន្តនៅបណ្តាប្រទេសក្នុងតំបន់។ ដោយឈរលើមូលដ្ឋានឧស្សាហកម្មនេះ កម្ពុជាអាចចាប់យកកាលានុវត្តភាពដ៏សំខាន់ក្នុងការផ្សារភ្ជាប់ខ្សែច្រវាក់គ្រឿងបង្គុំយានយន្តអគ្គិសនីសកលដែលរំពឹងថា នឹងកើនខ្ពស់នៅឆ្នាំ២០៣០។
ទន្ទឹមនឹងនេះ ដោយសារគ្រឿងបង្គុំយានយន្តអគ្គិសនីភាគច្រើនជាគ្រឿងបង្គុំដែលមានភាពស្មុគស្មាញកម្រិតមធ្យម និងមានទម្ងន់ស្រាលជាងគ្រឿងបង្គុំយានយន្តទូទៅ កម្ពុជាអាចមានភាពប្រកួតប្រជែងថ្លៃដើមសម្រាប់ការផលិតគ្រឿងបង្គុំយានយន្តអគ្គិសនីនៅក្នុងទសវត្សខាងមុខ។
តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង៕