• 2024-07-11 09:31:26
  • ព័ត៌មាន

ក្រុមហ៊ុន២ គ្រោង​បើករោងចក្រ EV នៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាល​កំណត់គោលដៅ​ ឆ្នាំ២០៣០ សម្រេចបាន​ការចុះបញ្ជី EV ដល់ ៣ម៉ឺនគ្រឿង

  • 2024-07-11 09:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន២ហើយ ដែលគ្រោងបើករោងចក្រ​ដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា គឺ​ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah Properties Cambodia។ គម្រោងនេះ គឺស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយជាតិស្តី «ការអភិវឌ្ឍ​វិស័យ​យានយន្តអគ្គិសនី ២០២៤-២០៣០»។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ប្រកាស​ឱ្យដឹងកាលពីថ្មីៗនេះថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD គ្រោង​បើករោងចក្រ​ផលិតរថយន្តនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ដូច្នេះ BYD អាច​ជាក្រុមហ៊ុនដំបូងគេ ដែលបើក​រោងចក្រ​រថយន្តអគ្គិសនីនៅកម្ពុជា ខណៈ​ដែលក្រុមហ៊ុនចិនមួយនេះ បានបង្ហាញពីគម្រោង​ដំឡើងស្ថានីយសាកភ្លើង​សម្រាប់​ EV ប្រមាណ ២០០ទីតាំង នៅទូទាំង​ប្រទេសកម្ពុជា នាពេលកន្លងមក។

ដោយឡែកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. ដោយក្រុមហ៊ុននេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។ នេះបើតាម​ការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤។

យោងតាម​ឯកសារ​នៃគោលនយោបាយជាតិនេះ បង្ហាញឱ្យដឹងថា យានយន្តអគ្គិសនី​ដែលបានចុះបញ្ជី​ត្រឹមខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ចំនួន៨៨៧គ្រឿង។ ក្នុងនោះ រថយន្តទេសចរណ៍ ៩០៦គ្រឿង ត្រីចក្រយានយន្ត ៤១៥គ្រឿង និងទោចក្រយានយន្ត​មានចំនួន ៥៦៦គ្រឿង។ ចំណែក​ទីតាំង​បញ្ចូល​ថាមពលគិតត្រឹមដើមឆ្នាំ​២០២៤ មានចំនួន ២១កន្លែង​ដែលមានទូបញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​លឿនខ្លាំង​សរុបមានចំនួន ២៧គ្រឿង។

ជាមួយ​គ្នានេះ កម្ពុជា មានសមត្ថភាព​អាច​ផលិតគ្រឿងបង្គុំសាមញ្ញរបស់​យានយន្តទូទៅ។ ជាក់ស្តែង​ កម្ពុជាមាន​ឧស្សាហកម្មផលិតគ្រឿងបង្គុំ​ក្នុងស្រុកដូចជា ខ្សែភ្លើង និង​សំបកកង់​រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មដំឡើង​រថយន្ត​នៅបណ្តាប្រទេស​ក្នុងតំបន់។ ដោយឈរលើមូលដ្ឋាន​ឧស្សាហកម្មនេះ កម្ពុជាអាចចាប់​យកកាលានុវត្តភាពដ៏សំខាន់​ក្នុងការផ្សារភ្ជាប់​ខ្សែច្រវាក់គ្រឿងបង្គុំយានយន្តអគ្គិសនី​សកល​ដែលរំពឹងថា នឹងកើនខ្ពស់​នៅឆ្នាំ​២០៣០។

ទន្ទឹមនឹងនេះ ដោយសារគ្រឿងបង្គុំយានយន្តអគ្គិសនី​ភាគច្រើន​ជាគ្រឿងបង្គុំ​ដែលមានភាពស្មុគស្មាញ​កម្រិតមធ្យម និងមានទម្ងន់ស្រាលជាងគ្រឿងបង្គុំយានយន្តទូទៅ កម្ពុជាអាចមាន​ភាពប្រកួតប្រជែងថ្លៃដើម​សម្រាប់ការផលិត​គ្រឿងបង្គុំយានយន្តអគ្គិសនីនៅក្នុងទសវត្សខាងមុខ។

តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង៕

អត្ថបទ៖ សំភី

មតិយោបល់