- 2024-07-08 03:14:04
- ព័ត៌មាន
៦ឆ្នាំទៀត! ក្នុងចំណោមរថយន្ត ៣គ្រឿងដែលបានលក់ គឺមាន១គ្រឿងហើយជារថយន្តចិន
- 2024-07-08 03:14:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ឆ្នាំទៀត! ក្នុងចំណោមរថយន្ត ៣គ្រឿងដែលបានលក់ គឺមាន១គ្រឿងហើយជារថយន្តចិន
ចន្លោះមិនឃើញ
នៅក្នុងឆ្នាំ២០៣០ខាងមុខ រថយន្តចិននឹងគ្របដណ្តប់ទីផ្សារពិភពលោកប្រមាណ ១ភាគ៣ ពោលគឺជារៀងរាល់រថយន្ត ៣គ្រឿងដែលលក់ចេញ ក្នុងនោះគឺនឹងមាន១គ្រឿងហើយដែលជារថយន្តចិន។ នេះបើតាមការព្យាកររបស់ក្រុមហ៊ុនជំនាញឧស្សាហកម្មរថយន្ត Alixpartner។
បច្ចុប្បន្ន រថយន្តចិន មានចំណែក ២១% នៃទីផ្សាររថយន្តសកល។ Alixpartner ជឿជាក់ថា ការលក់រថយន្តប្រេនចិន នៅក្រៅប្រទេសចិន នឹងកើនឡើងពី ៣លានគ្រឿងក្នុងឆ្នាំ២០២៤នេះ ដល់ចំនួន ៩លានគ្រឿង នៅត្រឹមចុងទសវត្សរ៍នេះ។
ជាមួយគ្នានោះ ដោយសារតែការដំឡើងពន្ធ ១០០% របស់អាមេរិក លើរថយន្តនាំចូលពីចិន នោះនឹងធ្វើឱ្យក្រុមហ៊ុនចិន បង្កើនទីផ្សាររបស់ពួកគេនៅអឺរ៉ុបរហូតដល់ ១២% នៅអឺរ៉ុប ត្រឹមឆ្នាំ២០៣០ និងរុស្ស៊ី ពី ៣៣% ទៅ ៦៩%។ រីឯការលក់រថយន្តចិននៅមជ្ឈិមបូព៌ា និងអាហ្វ្រិក រំពឹងថានឹងកើនឡើងពី ៨% ដល់ ៣៩% ខណៈនៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង បង្កើនពី ៧% ដល់ ២៨%។
បើតាម Alixpartner ក្រៅពីតម្លៃសមរម្យ និងធូរថ្លៃហើយនោះ ចំណុចពិសេសរបស់រថយន្តចិនមួយទៀត គឺការអភិវឌ្ឍរថយន្តថ្មីៗ លឿនជាង២ដង នៃរថយន្តលោកខាងលិច។ ក្រុមហ៊ុនចិន បានផ្តោតការស្រាវជ្រាវ និងអភិវឌ្ឍមុខងារដែលអតិថិជន អាចទទួលបានបទពិសោធន៍ជាក់ស្តែង ដូចជា ការឌីហ្សាញក្នុងកាប៊ីន និងបច្ចេកវិទ្យា។ ចំណុចទាក់ទាញចិត្តអ្នកប្រើប្រាស់មួយទៀត គឺក្រុមហ៊ុនចិន ស្វែងរកការបង្កើតរោងចក្រក្រៅប្រទេស ដែលធ្វើឱ្យរថយន្តដែលដំឡើងក្នុងប្រទេសនោះ មានតម្លៃកាន់តែធូរថ្លៃ៕