• 2024-06-24 07:52:48
  • ព័ត៌មាន

មិនអាចស៊ូរួច​ជាមួយរថយន្តចិនបាន! Nissan សម្រេចបិទរោងចក្ររថយន្ត១កន្លែង​នៅ​ក្នុងប្រទេសចិន

  • 2024-06-24 07:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជប៉ុន Nissan បាន​បិទរោងចក្រ​ដំឡើង​រថយន្តមួយកន្លែង​នៅក្នុងខេត្តជាំងស៊ូ ប្រទេសចិន ដើម្បីកាត់បន្ថយ​ការផលិតរបស់ខ្លួន ដោយសារតែមិនអាចប្រកួតឈ្នះជាមួយប្រេន​រថយន្តចិន​ ក្នុងប្រទេសមហាយក្សដែល​មានការកើនឡើង​នូវរថយន្តអគ្គិសនីយ៉ាងខ្លាំងមួយនេះ។

រោងចក្រ​ដែលបានបិទនេះ គឺជារោងចក្រ​ដែល Nissan ប្រតិបត្តិការរួមគ្នា​ជាមួយ​ក្រុមហ៊ុន Donfeng ដែល​មាន​សមត្ថភាព​ដំឡើងរថយន្ត​បាន​ប្រហែល ១៣ម៉ឺនគ្រឿង​ក្នុង១ឆ្នាំ។

គួរដឹងថា Nissan មាន​រោងចក្រ​រថយន្តចំនួន៨កន្លែង​ក្នុងប្រទេសចិន ដែល​សហការជាមួយ Donfeng ប៉ុន្តែក្រុមហ៊ុនជប៉ុននេះ បានបាត់​បង់ទីផ្សារក្នុងស្រុកជាបន្តបន្ទាប់​ ដោយសារ​ប្រេនរថយន្តចិនថ្មីៗ ដែលមានតម្លៃធូរថ្លៃ ហូរចូលទីផ្សារយ៉ាងគំហុក។

ជារួម​ផលិតកម្ម​រថយន្ត Nissan ក្នុងមួយឆ្នាំមានចំនួន ១,៦លានគ្រឿងនៅទូទាំងពិភពលោក ក្នុងនោះ​រោងចក្រ​នៅខេត្តជាំងស៊ូ​ដែលបានបិទនេះ គឺមានចំណែកប្រហែល ៨%។

ក្នុងឆ្នាំ​២០២៣ ការលក់​រថយន្តរបស់ Nissan ក្នុងប្រទេសចិន បានធ្លាក់ចុះ ១៦,១% បើធៀបនឹង​ឆ្នាំ​២០២២ ហើយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៤នេះ ក៏បានធ្លាក់ចុះ ១% ថែមទៀតផង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ​២០២៣។

ក្រៅពី Nissan ក៏មានក្រុមហ៊ុនជប៉ុន​មួយចំនួនទៀត​ ប្រឈមមុខ​នឹង​ការប្រជែង​ខ្លាំង​ក្នុងទីផ្សារចិនផងដែរ។ ក្នុងនោះ Mitsubishi កាលពីឆ្នាំមុន បាន​ប្រកាស​ដកផលិតកម្មរថយន្តចេញពីប្រទេសចិន ខណៈ Toyota និង Honda ក៏បានកាត់បន្ថយ​ចំនួនការងារ​ក្នុងប្រទេសនេះផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់