• 2024-06-13 04:26:07
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ លួងលោម Toyota, Honda, Isuzu, Mazda និង Mitsubishi កុំឱ្យបិទរោងចក្រដូច Suzuki និង Subaru

  • 2024-06-13 04:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន​រថយន្ត​ជប៉ុនចំនួន២ គឺ Subaru និង Suzuki បាន​ប្រកាសបិទរោងចក្រ​ដំឡើង​រថយន្ត​ក្នុងប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តី​ថៃ ក៏ស្រាប់​តែជួប​ក្រុមហ៊ុនរថយន្តធំៗជប៉ុន​ដូចជា Toyota, Honda, Isuzu, Mazda និង Mitsubishi ដើម្បីនិយាយលើកទឹកចិត្ត​ កុំឱ្យដើរតាមគន្លង​ដូច Subaru និង Suzuki។

ថ្លែង​ទៅកាន់អ្នកកាសែត​កាលពីចុងសប្តាហ៍កន្លងទៅ លោក ស្រេតថា បាន​បញ្ជាក់​ពីការត្រៀម​ខ្លួន​របស់​រដ្ឋាភិបាលថៃ​ក្នុង​ការគាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​រថយន្តធំៗទាំងនេះ ក្នុងប្រទេស​ថៃ ពោលគឺ​ជំរុញ​ទំនុកចិត្ត​ដើម្បីបង្កើន​ការវិនិយោគ។

លោកអះអាងទៀតថា បើទោះបីជា Suzuki បញ្ឈប់ការដំឡើងរថយន្តក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននេះ​នៅតែ​បន្តផលិតកម្មម៉ូតូ និង​ប្រតិបត្តិការក្នុងប្រទេសថៃ លើការលក់រថយន្តនាំចូល។ លោកកត់សម្គាល់ថា ទីផ្សាររថយន្ត​ Suzuki ក្នុងប្រទេសថៃ គឺមានចំណែកទីផ្សារតូចប៉ុណ្ណោះ។

គួរដឹងថា ក្រុមហ៊ុន Subaru បានប្រកាស​បិទរោងចក្រដំឡើងរថយន្ត​ក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ ហើយ​រាល់រថយន្ត​ដែល​លក់ក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺ​នឹងសុទ្ធតែជារថយន្តដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនតែម្តង។

ចំណែក ក្រុមហ៊ុន Suzuki បញ្ជាក់ថា ខ្លួន​នឹងបិទរោងចក្រ​ក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ​២០២៥ ហើយបន្ទាប់មកគឺ​នឹងផ្តោត​លើការនាំចូលរថយន្ត​ចូលមកលក់​នៅប្រទេសនេះវិញ ដែលជាប្រភេទរថយន្តអគ្គិសនី និង Hybrid៕

អត្ថបទ៖ សំភី

មតិយោបល់