• 2024-05-23 04:18:32
  • ព័ត៌មាន

ឆ្នាំនេះ​ក្នុងចំណោមឡាន ៥គ្រឿងដែលលក់ចេញ គឺនឹង​មាន១គ្រឿងហើយ​ជា EV

  • 2024-05-23 04:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់​រថយន្តអគ្គិសនី កំពុង​តែកើនឡើងហើយ ដោយគ្មានអ្វី​អាចឃាត់ទំនោរនេះបានឡើយ បើទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​រថយន្តអគ្គិសនី នៅមានការខ្វះខាតនៅឡើយ។

ភ្នាក់ងារថាមពល​អន្តរជាតិ (IEA) បានបញ្ចេញទិន្នន័យព្យាករណ៍​មួយ​តាមរយៈរបាយការណ៍ស្តីពី​ទស្សនវិស័យរថយន្តអគ្គិសនីសាកល ២០២៤ បានបង្ហាញថា ការលក់​រថយន្ត​អគ្គិសនី​នៅក្នុងឆ្នាំនេះ នឹង​អាចឈានដល់ ១៧លានគ្រឿងឯណោះ ពោលគឺមានន័យថា ក្នុងចំណោមរថយន្ត ៥គ្រឿង ដែលបានលក់ចេញ គឺមាន ១គ្រឿងហើយ​ដែលជារថយន្តអគ្គិសនី។

ភ្នាក់ងារ IEA ក៏បានរំពឹងដែរថា ត្រឹមឆ្នាំ​២០៣៥ រថយន្ត ៥០% ដែលលក់ចេញ គឺនឹងជារថយន្តអគ្គិសនី ដែល​ប្រដេញស្មើគ្នា​ជាមួយរថយន្តចំហេះក្នុង។ បើពិតជាដូច្នេះមែន ប្រេងឥន្ធនៈ​នឹងត្រូវបាន​កាត់បន្ថយប្រហែល ៦ ទៅ ១០លានបារ៉ែលក្នុង១ថ្ងៃ។

ទីផ្សាររថយន្ត​អគ្គិសនីធំៗ​ក្នុងពិភពលោក គឺប្រទេសចិន ដោយក្នុងឆ្នាំ​២០២៤នេះ រំពឹងថា នឹងលក់បាន ១០លានគ្រឿង ស្មើនឹង ៤៥% បន្ទាប់មក សហរដ្ឋអាមេរិក និងអឺរ៉ុប។

ចំពោះតម្លៃរថយន្តអគ្គិសនី ក៏ត្រូវបានរំពឹងថា នឹងទាប​ជាងរថយន្តចំហេះក្នុង ដោយសារតែការរីកចម្រើនបច្ចេកវិទ្យា ជួយបន្ថយថ្លៃដើមផលិត។ ហើយបើទោះបីបច្ចុប្បន្ននេះ រថយន្តអគ្គិសនី ថ្លៃជាងរថយន្តចំហេះក្នុង ក៏ពិតមែន ប៉ុន្តែ​ការចំណាយ​លើការសាកភ្លើង ពិតជាសន្សំសំចៃបានច្រើនជាង៕

អត្ថបទ៖ សំភី

មតិយោបល់