• 2024-03-05 02:20:13
  • ព័ត៌មាន

សហព័ន្ធឧស្សាហកម្មយានយន្ត​កម្ពុជា៖ រវាង​រថយន្តថ្មី និង​រថយន្តជជុះ ការអនុវត្ត​ស្តង់ដារពុំទាន់បាន​ស្មើភាពគ្នា​នៅឡើយ

  • 2024-03-05 02:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) លោក សឿន ដារ៉ា កាលពីសប្តាហ៍មុន បានដឹកនាំសមាជិក សមាជិការបស់សហព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្ត “កម្មវិធីអនុវត្តស្តង់ដារបច្ចេកទេសក្នុងប្រកាសលេខ ១៥០MIH/២០១៦ សម្រាប់​ផលិតផល​យានយន្ត” ក្រោមអធិបតីភាព​លោក ចាន់ សុផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងកិច្ចប្រជុំនេះ សមាជិករបស់សហព័ន្ធបានលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តស្តង់ដារយានយន្តនេះផងដែរ ដូចជា ការចំណាយខ្ពស់ក្នុងការធ្វើតេស្តរថយន្ត ការអនុវត្តពុំទាន់បានស្មើភាពគ្នានៅឡើយ ហើយការអនុវត្តធ្វើឡើងសម្រាប់តែក្រុមហ៊ុនចែកចាយរថយន្តថ្មី ដោយឡែករថយន្តជជុះនូវពុំទាន់មានបទដ្ឋានបច្ចេកទេសសម្រាប់អនុវត្តនៅឡើយ។ កត្តានេះ បាននាំឲ្យការប្រកួតប្រជែងមិនស្មើភាពគ្នានៅលើទីផ្សារ ដោយក្រុមហ៊ុនផ្លូវការត្រូវបន្ថែមនៅបន្ទុកលើការចំណាយទាំងធនធានថវិកា និងពេលវេលាដើម្បីចូលរួមអនុវត្ត ខណៈរថយន្តជជុះដែលកំពុងចរាចរណ៍លក់លើទីផ្សារពុំអនុលោមតាមបទដ្ឋានបច្ចេទេស ដែលបាននឹងកំពុងបង្កហានិភ័យដល់អ្នកប្រើប្រាស់។

លោក​អគ្គនាយក ក៏បានឆ្លើយតបផងដែរទៅនឹងកង្វល់របស់វិស័យឯកជន ដែលបានលើកឡើងនៅក្នុងអង្គប្រជុំ ដោយឯកឧត្តមជម្រាបអំពីគម្រោងក្នុងការជួបពិភាក្សាបន្ថែមជាមួយស្ថាប័នពាក់ព័ន្ធរួមមាន ស្ថាប័នគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹង លក្ខខណ្ឌតម្រូវនានា ដោយតម្រូវឲ្យភ្ជាប់នូវឯកសារអនុម័តពីវិទ្យាស្តង់ដារកម្ពុជា មុនពេលអនុញ្ញាតឲ្យធ្វើការនាំចូល និងមុនពេលចុះបញ្ជីរថយន្តផងដែរ។

ជាមួយគ្នានោះ តំណាងរបស់វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តស្តង់ដារសម្រាប់ផលិតផលយានយន្ត ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០២០ មកដល់ពេលបច្ចុប្បន្ន ដោយវិទ្យាស្ថានបានចេញអជ្ញាបណ្ណសរុបចំនួន ៣៩៩ ក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន៥១ រថយន្តចំនួន២៣១ និងគ្រឿងបន្លាស់ចំនួន១១៧ អជ្ញាប័ន។ បើគិតអំពីចំនួនក្រុមហ៊ុនចែកចាយរថយន្តផ្លូវការដែលបានចូលរួមអនុវត្ត សរុបមានចំនួន ២៣ ក្រុមហ៊ុន ដែលកំពុងចែកចាយរថយន្តប្រមាណ ៣៥ ម៉ាករថយន្ត ព្រមទាំងរោងចក្រដំឡើងផងដែរ ដោយបានដំឡើង និង នាំចូលរថយន្តថ្មីអនុលោមតាមស្តង់ដារជាតិត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព មុននឹងចរាចរណ៍លក់លើទីផ្សារប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា កម្ពុជាជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀង ASEAN MRA (Mutual Recognition Arrangement) ក្នុងឆ្នាំ២០១៦ ដោយបានយល់ព្រមទទួលយកបទដ្ឋានបច្ចេកទេស ១៩ ចំណុច នៃបទបញ្ញត្តិគណកម្មការផ្នែកសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសំរាប់ទ្វីបអឺរ៉ុប (UNECE) យកមកអនុវត្តស្របគ្នាទៅនឹងបណ្តាប្រទេសក្នុងសមាគមអាស៊ាន និងបានចាប់ផ្តើមអនុវត្តចា់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ នេះបើយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លេខ២៦៦ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្តីពី "ការកំណត់កម្មវិធីអនុវត្តប្រកាសលេខ ១៥០MIH/២០១៦ សំរាប់ផលិតផលយានយន្ត”។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលនិយមប្រើប្រាស់រថយន្តថ្មី សូមពិនិត្យរកនិមិត្តសញ្ញាសុវត្ថិភាព “S” (Safety) នៅលើរថយន្តយន្តដើម្បីធានាថារថយន្តទាំងនោះ បានគោរពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងធានាដល់សុខមាលភាព និងសុវត្ថិភាពរបស់លោកអ្នកគ្រប់ពេលបើកបរ៕

ប្រភព៖ សហព័ន្ធឧស្សាហកម្មយានយន្ត​កម្ពុជា

មតិយោបល់