• 2024-01-10 07:29:11
  • ផលិតផលថ្មី

បន្ទាប់ពីសំបកកង់ «Made in Cambodia» ឥឡូវបន្ត​ល្បីពីរឿង​រថយន្ត​ដំឡើង​នៅកម្ពុជាទៀត ដែល​ចេញ​លក់​ជាលើក​ដំបូង

  • 2024-01-10 07:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ និងចែករំលែក​តៗគ្នាយ៉ាងច្រើនអំពី​រថយន្ត​ដែល​ដំឡើងក្នុងប្រទេស​ ត្រូវបាន​ដាក់លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ជាលើក​ដំបូង នាដើមឆ្នាំ​២០២៤នេះ។

រថយន្ត​​ដែល​ដំឡើង​ក្នុងស្រុក​នោះ គឺ​ជារបស់​ក្រុមហ៊ុន GTV Motor រួមមាន​ ប្រភេទ​ ភីកអាប់ SUV និងស៊ីដេន ហើយក្រៅពីនេះក៏មានប្រភេទ MPV និង Truck ផងដែរ។ ក្នុងនោះ​សម្រាប់ម៉ូឌែល KAIN ដែល​ជាប្រភេទ SUV ខ្នាតកណ្តាល មានតម្លៃជាង ៣ម៉ឺនដុល្លារ និង​ម៉ូឌែល Krusar ដែលជាកូនកាត់ SUV-Pick up តម្លៃ​ជាង ២ម៉ឺន ៧ពាន់ដុល្លារ ហើយ​ជាពិសេស​កាន់តែធូរថ្លៃទៀតនោះ គឺម៉ូឌែល Soben តម្លៃតែ ១៩ ៩៩៩ដុល្លារតែប៉ុណ្ណោះ។

ការបញ្ចេញ​លក់​រថយន្ត​ដំឡើងក្នុងស្រុកនេះ គឺ​ជាសញ្ញាវិជ្ជមាន​ដ៏ល្អបំផុត​មួយ​ទៀត​ក្នុងវិស័យ​ឧស្សាហកម្ម​យានយន្ត​នៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ក៏មានការ​បញ្ចេញ​លក់​សំបកកង់​ដែល​ផលិត​នៅកម្ពុជាផងដែរ។

បើតាម​ក្រុមហ៊ុន GTV Motor បានបង្ហោះ​នៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ជាមួយ «គម្រោងរថយន្តជាតិប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់ការដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។ ការចាប់ផ្តើមរបស់ GTV MOTOR គឺជាការចាប់ផ្តើមនៃដំណើរដំបូងបំផុងសម្រាប់ម៉ាករថយន្តជាតិកម្ពុជា»។

មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រោងចក្រដំឡើងរថយន្តមួយនេះ នឹងចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។

ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ GTV MOTOR បាន​យកចិត្តទុកដាក់​លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិចរថយន្ត GTV (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់