• 2023-12-01 07:24:15
  • ព័ត៌មាន

ផ្លូវ១ខ្សែនៅអាមេរិក ចាប់ផ្តើម​បង្កប់ wireless charge សម្រាប់​រថយន្ត​អគ្គិសនី​ហើយ គឺ​ជិះបណ្តើរ សាកបណ្តើរ​តែម្តង

  • 2023-12-01 07:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ១ខ្សែ​ក្នុងទីក្រុង​ Destroit នៃរដ្ឋ Michigan បាន​បំពាក់​ប្រព័ន្ធសាកថ្មឥតខ្សែ (wireless charge) សម្រាប់​រថយន្តអគ្គិសនី មុនគេបង្អស់​នៅសហរដ្ឋអាមេរិក។ ការបំពាក់​ប្រព័ន្ធនេះ គឺ​ជួយ​ដល់​ការសន្សំពេលវេលាបានយ៉ាងច្រើន ចំពោះ​អ្នកប្រើប្រាស់​រថយន្តអគ្គិសនី។

ការដំឡើង​ប្រព័ន្ធ​សាកភ្លើងឥតខ្សែនេះ មាន​ការជួយជ្រោមជ្រែងពីក្រុមហ៊ុនអ៊ីស្រាអែល Electreon នៅលើ​ផ្លូវលេខ 14 ប្រមាណ ២៥% ហើយ​វាមានសុវត្ថិភាព​ទាំង​អ្នកដំណើរ សត្វ និងចរាចរទាំងមូល។ គោល​បំណង​គឺ​ដើម្បីជួយដល់បរិស្ថាន បង្កើន​ចម្ងាយបើកបរ​ដោយមិនចាំបាច់​ត្រូវរង់ចាំសាកភ្លើង និងកាត់​បន្ថយ​ការចំណាយ​លើ​ទំហំអាគុយ​ជាដើម។

ដើម្បី​អាចសាកភ្លើង​ឥតខ្សែនេះ​បាន គឺតម្រូវឱ្យ​រថយន្ត​បំពាក់​ឧបករណ៍​ចាំ​បាច់​ដែល​ត្រូវគ្នា​ជាមួយ​បច្ចេកវិទ្យា​ដែល​ដាក់បង្កប់​តាមដងផ្លូវ ខណៈ​នាយកដ្ឋាន​ដឹកជញ្ជូន​ប្រចាំរដ្ឋ Michigan នឹង​ពង្រីក​បច្ចេកវិទ្យានេះ​បន្ថែម​លើដងផ្លូវ​ផ្សេងៗទៀត​នាពេល​អនាគត។

គួរដឹងថា ក្រុមហ៊ុន Electreon បាន​បង្កើត​ខ្សែផ្លូវដែលមាន wireless charge នេះ នៅតាម​ប្រទេសអឺរ៉ុបមួយចំនួន ដូចជា ស៊ុយអ៊ែត អាល្លឺម៉ង់​និងបារាំង។

សូមជម្រាប​ថា ក្រុមហ៊ុននេះ​បានធ្វើការសាកល្បង​ដោយជោគជ័យ​នូវប្រព័ន្ធសាកភ្លើង​ឥតខ្សែតាមផ្លូវដោយជោគជ័យ​ ដោយបាន​សហការ​ជាមួយ Toyota។ រថយន្ត​ដែល​ត្រូវ​បាន​ធ្វើតេស្ត​នោះ គឺជា Toyota RAV4 Plug-in Hybrid។ អាគុយ​របស់វា​ អាច​សាក​ឥតខ្សែ នៅតាមផ្លូវ​ដែលគេបានរៀបចំដំឡើង​បច្ចេកវិទ្យានេះ (Charging Path)។ ការសាក​ភ្លើងសរុប​របស់​រថយន្ត​នេះ គឺមាន​ទំហំ ២៤១,៦៩គីឡូវ៉ាត់​ម៉ោង ជាមួយនឹងចម្ងាយ​បើកបរដោយប្រើអគ្គិសនីសុទ្ធ ១៩៥០គីឡូម៉ែត្រ ដោយវារត់ជាប់រយៈពេល ១០០ម៉ោង។ ចំពោះការបើកបរសាកល្បង​នេះ គឺ​មានតៃកុងឆ្លាស់គ្នា​បើកចំនួន ៥៥នាក់។  ប្រសិន​បើរថយន្តខាងលើ មិនសាកភ្លើង​ឥតខ្សែតាមផ្លូវនេះទេ គឺ​វាអាចបើកបរបានចម្ងាយត្រឹមតែ ៧៥គីឡូម៉ែត្រ​តែប៉ុណ្ណោះ នៅពេលសាកពេញ ព្រោះតែអាគុយមានទំហំតូចត្រឹមតែ ១៨គីឡូវ៉ាត់ម៉ោង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់