- 2023-11-22 04:14:10
- ព័ត៌មាន
រឿង៣យ៉ាងធំៗនៃការបាញ់បង្ហោះផ្កាយរណបចារកម្មបានសម្រេចលើកដំបូង របស់កូរ៉េខាងជើង
- 2023-11-22 04:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៣យ៉ាងធំៗនៃការបាញ់បង្ហោះផ្កាយរណបចារកម្មបានសម្រេចលើកដំបូង របស់កូរ៉េខាងជើង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង បានអះអាងថាខ្លួនទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងទៅកាន់គន្លងផែនដី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុងព្យ៉ុងយ៉ាង បានហៅការបាញ់បង្ហោះនេះថា ជាសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ហើយបញ្ជាក់ទៀតថា នឹងមានផ្កាយរណបចារកម្មជាច្រើនទៀត នឹងត្រូវបាញ់បង្ហោះឆាប់ៗនេះ។
ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មនេះ គឺមានរឿងរ៉ាវ ៣យ៉ាងដែលលោកអ្នកគួរដឹងដូចខាងក្រោម៖
១. ការបាញ់បង្ហោះលើកនេះ ជាការប៉ុនប៉ងលើកទី៣
កូរ៉េខាងជើង ព្យាយាមបាញ់បង្ហោះ២ដងរួចមកហើយកាលពីខែឧសភា និងសីហា ប៉ុន្តែសុទ្ធតែបរាជ័យ មិនអាចចូលដល់គន្លងផែនដី។ ការប៉ុនប៉ងលើកទី៣ ដែលទទួលជោគជ័យនេះ គឺធ្វើឡើងតាមរយៈគ្រាប់រ៉ុកកែតថ្មី Chollima-1 ដែលបាននាំផ្កាយរណប Malligyong-1 ចូលដល់គន្លងផែនដី ក្រោយបាញ់បង្ហោះត្រឹមតែ ១២នាទីប៉ុណ្ណោះ។
២. ផ្កាយរណបនេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី
ក្នុងអំឡុងទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅរុស្ស៊ី កាលពីខែកញ្ញា លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រទេសរបស់លោកនឹងជួយដល់កូរ៉េខាងជើង ក្នុងការសាងសង់ផ្កាយរណប ខណៈពេលនោះ លោក គីម ជុងអ៊ុន បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបច្ចេកវិទ្យាគ្រាប់រ៉ុកកែត។ ក្នុងអំឡុងពេលនោះ លោក គឺម ជុងអ៊ុន ក៏បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអវកាសរុស្ស៊ីមួយកន្លែងផងដែរ។
៣. ផ្កាយរណបចារកម្មនេះ ក្លាយជាសព្វាវុធថ្មីចុងក្រោយមួយទៀតរបស់យោធាកូរ៉េខាងជើង
ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍយោធា ៥ឆ្នាំ ដែលប្រកាសដោយលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០២១។ ក្រុងព្យុងយ៉ាង មើលឃើញថា កម្មវិធីអវកាសរបស់ខ្លួនគឺជានិមិត្តរូបរួមនៃមោទនភាពជាតិ និងភាពខ្លាំងវិទ្យាសាស្រ្ត។ យើងអាចនិយាយបានថា វាជាសព្វាវុធថ្មីចុងក្រោយមួយទៀតរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសផ្តាច់ការមួយនេះ បានដាក់ដំណើរការនាវាមុជទឹកដែលបំពាក់នុយក្លេអ៊ែរទីមួយរបស់ខ្លួន កាលពីខែកញ្ញាកន្លងទៅ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB